ភាពទន់ខ្សោយបំផុតរបស់យើងគឺការបោះបង់។ មធ្យោបាយជាក់លាក់បំផុត ដើម្បីជោគជ័យគឺ ត្រូវតែព្យាយាមម្តងទៀត។ Our greatest weakness lies in giving up. The most certain way to succeed is always to try just one more time. - Thomas Edison
មានចំនុចជាច្រើនដែលត្រូវរៀនពី ទស្សនៈជីវិតរបស់លោក អេឌីសុន ( Thomas Edison)។ ក្នុងនោះចំនុចសំខាន់មួយ គឺការព្យាយាមរបស់គាត់ ក្នុងការបង្កើតអំពូលភ្លើង។ លោក Edison មានកេរ្តិ៍ឈ្មោះខាងបរាជ័យ មួយពាន់ដង ដែលអត្ថបទខ្លះមានដល់ ១ម៉ឺនដង មុនពេលដែលលោកទទួលបានជោគជ័យ ក្នុងការបង្កើតអំពូលភ្លើង។
ក្នុងការប្រឈមនឹងឧបសគ្គ បុគ្គលភាគច្រើននឹងបោះបង់ពេលបរាជ័យលើកទី១ ឬទី២ ហើយអាចដល់លើកទីដប់ តែឃ្លាអប់រំរបស់លោក អេឌីសុន គឺមានការព្យាយាមរាប់ពាន់ដង ដែលយើងអាចលើកឡើងថា បុរសម្នាក់នេះមានឆន្ទៈជាដែក។ នេះបង្ហាញអំពីអំណាចនៃការតស៊ូ ជាអំណាចនៃការមិនបោះបង់។ ព្យាយាមម្ដងទៀតជានិច្ច; នេះជាវិធីដើម្បីធ្វើវា។
កុំបោះបង់ក្តីស្រមៃរបស់អ្នក។ បរាជ័យមិនមែនជាសត្រូវរបស់អ្នកទេ វាគ្រាន់តែនៅទីនោះ ដើម្បីសាកល្បងឆន្ទៈ និងការប្តេជ្ញាចិត្តរបស់អ្នក។ មនុស្សអស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ សុទ្ធតែបានធ្វើវាបាន ដោយសារតែការតាំងចិត្ត កម្លាំងរបស់ពួកគេ ដើម្បីឆ្ពោះទៅមុខ ទោះបីមានឧបសគ្គគ្រប់បែបយ៉ាងក៏ដោយ។ តស៊ូនឹងបញ្ហាទាំងអស់។
ប្រសិនបើលោក អេឌីសុន មិនបានសាកល្បងម្តងហើយម្ដងទៀតទេ គាត់នឹងមិនអាចបង្កើតអំពូលភ្លើងទេ! ក្នុងស្ថានភាពនោះប្រាកដជាមាន មនុស្សជុំវិញប្រាប់គាត់ថា វាគ្មានន័យទេក្នុងការសាកល្បងដដែលជាដដែល។ វានឹងមិនបានការ វាមិនដំណើរការទេ ប៉ុន្តែគាត់មិនស្តាប់មនុស្សទាំងនោះ គាត់ជឿថា ប្រសិនបើគាត់តស៊ូឆ្លងកាត់វា គាត់នឹងធ្វើវាបាន ហើយទីបំផុត គឺគាត់អាចធ្វើវាបានសម្រេចមែន៕