ប្រៀបធៀបថាសផ្ទុកទិន្នន័យ PCIe AHCI SSD ជាមួយនឹង PCIe NVMe SSD តើមួយណាល្អជាង

បច្ចេកវិទ្យា៖ ពេលនិយាយពីថាសផ្ទុកទិន្នន័យ(ដ្រាយ) មានការយល់ច្រលំលើការប្រើពាក្យបច្ចេកទេសជាច្រើន ដែលគេប្រើដូចជា SATA, PCIe, NVMe, M.2 ជាដើម។

ថាសផ្ទុកទិន្នន័យ PCle SSD ដែលមាននៅលើទីផ្សារមាន២ប្រភេទជា PCIe AHCI SSD និង PCIe NVMe SSD។ ប្រាកដណាស់ PCle NVMe SSD គឺល្អជាង PCle AHCl SSD ។ យើងនឹងលើកយកការពន្យល់ជាទូទៅនៅខាងក្រោមនេះ (ដោយមិនលើកយកផ្នែកបច្ចេកទេសនៃដំណើរការខាងក្នុង មកបកស្រាយ) ៖

AHCI និង NVMe គឺជាផ្ទៃនៃទំនាក់ទំនង (Communication Interface) ដែលត្រូវបានគេរចនាឡើងក្នុងគោលបំណង បង្កើនប្រសិទ្ធភាពក្នុងប្រព័ន្ធផ្ទុកទិន្នន័យ(ដ្រាយ) ជាមួយនឹងដំណើរការស៊ីគ្នានៃប្រព័ន្ធខួរក្បាល(CPU) របស់កុំព្យូទ័រ ។

PCIe AHCI SSD

AHCI (Advanced Host Controller Interface) ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Intel។ វាជាជំនាន់ចាស់របស់ PCIe ដែលត្រូវបានរចនាឡើងដំណើរការសម្រាប់ដ្រាយ HDD និង SSD ។ 

ដែលនេះមានន័យថា PCIe SSD ដែលប្រើ AHCI អាចនឹងមិនដំណើរការបាន ដល់កម្រិតកំពូលនៅឡើយទេ ជាពិសេសនៅពេលដែលការផលិត SSD កាន់តែមានសមត្ថភាពខ្ពស់ ធ្វើឲ្យ AHCI មិនអាចដំណើរការបានពេញលេញ។ ដូច្នេះហើយទើបមានការអភិវឌ្ឍន៍ NVMe ដើម្បីដោះស្រាយបញ្ហានេះ។

PCIe NVMe SSD

NVMe (Non-volatile memory express) ជាជំនាន់ថ្មីនៃ PCIe ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ប្រើជាមួយ PCIe SSD។ អត្ថប្រយោជន៍នៃការប្រើផ្ទៃ PCIe ភ្ជាប់ជាមួយ NVMe គឺអាចធ្វើឲ្យ SSD សម្រេចបាននូវការផ្ទេរទិន្នន័យរហ័សជាងមុន។

NVMe មានដំណើរការលឿនជាងមុន ផ្ទេរទិន្នន័យកាន់តែច្រើន និងបញ្ចប់លឿនជាងម៉ូដែលផ្ទុកចាស់ ដូចជា AHCI ដែលជាលក្ខណៈពិសេសរបស់ SATA SSD។ ដោយសារតែវាត្រូវបានរចនាឡើងជាពិសេសសម្រាប់ SSD,  ធ្វើឲ្យ NVMe កំពុងក្លាយជាស្តង់ដារឧស្សាហកម្មថ្មីសម្រាប់ម៉ាស៊ីនមេ (Server)  ក៏ដូចជានៅក្នុងកុំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ និងសូម្បីតែម៉ាស៊ីនហ្គេមជំនាន់ក្រោយ។

បច្ចេកវិទ្យា NVMe មាននៅក្នុងទម្រង់មួយចំនួនដូចជា ទម្រង់ជារន្ធដោត PCIe Card Slot , ទម្រង់ M.2 និង ទម្រង់ U.2៕