ស្វែងយល់ពីលេខកូដ OTP ដើម្បីគេចផុតពីការលួចគណនី និងសុវត្ថិភាពនៃការប្រើ APP

បច្ចេកវិទ្យា៖ លោកអ្នកដែលប្រើប្រាស់កម្មវិធី Telegram ក៏ដូចជា App ធនាគារផ្សេងៗទៀត គឺតែងតែបានឃើញសារជាលេខកូដ ៥ខ្ទង់ ឬ៦ខ្ទង់ ជាញឹកញាប់នៅពេលដែលទើបចូលប្រើកម្មវិធីនេះ ជាលើកដំបូងឬចូលជាថ្មីម្ដងទៀត។ លេខកូដនេះ គេហៅថា OTP = One Time Password/Pin ។ ក្រមា ប៉ុស្ដិ៍ ក៏មានប្រើ OTP ផងដែរ។

លេខសម្ងាត់ OTP គឺជាសារដែលមានភ្ជាប់លេខកូដ ៤ខ្ទង់ ៥ខ្ទង់ ឬច្រើនជាងនេះ ដែលអ្នកបានទទួលតាមរយៈលេខទូរស័ព្ទដៃ ឬជា Email Address ទៅតាមការកំណត់របស់ក្រុមហ៊ុន App ដែលអ្នកកំពុងប្រើ ដើម្បីបញ្ជាក់ពីការប្រើប្រាស់នោះពិតប្រាកដឬអត់។ អ្នកនឹងឃើញវា នៅពេលដែលបង្កើតគណនីថ្មីមួយ ឬដើម្បីចូលប្រើប្រាស់ឡើងវិញជាមួយ ឩបករណ៍ថ្មី (ទូរស័ព្ទ ឬកុំព្យូទ័រមួយទៀត) ជាដើម។

សុវត្ថិភាពរបស់វាគឺប្រើបានតែម្ដងប៉ុណ្ណោះ មានន័យថា បើលោកអ្នកបានបញ្ចូលលេខនេះហើយ នោះវាមិនអាចយកលេខដដែលនោះទៅប្រើកន្លែងផ្សេងបានទៀតទេ។

ពេលលោកអ្នកបញ្ចូលលេខកូដនេះ នោះនឹងអាចប្រើប្រាស់បាននូវគណនីបណ្ដាញសង្គម APP ផ្សេងៗ ជាពិសេសនោះគឺកម្មវិធី Telegram តែម្ដង ដែលគេនិយមប្រើលេខកូដ OTP ព្រោះតែភាពងាយស្រួលរបស់វា។

តែភាពងាយស្រួលប្រើនេះ ក៏ងាយស្រួលដល់ជនអនាមិក បោកប្រាក់ឬលួចប្រើគណនីរបស់អ្នកបានដោយងាយផងដែរ ។ តាមរយៈវិធីបោកបញ្ឆោតផ្សេងៗ ដើម្បីបានលេខកូដ OTP ពីអ្នក ដូចជា ខលបន្លំពីការត្រូវរង្វាន់ ជាវត្ថុមានតម្លៃឬជាលុយ ពីក្រុមហ៊ុនល្បីឈ្មោះណាមួយ ដើម្បីជាទំនុកចិត្តដល់អ្នក និងលួងលោមយកលេខកូដ OTP នេះ ឬហៅខ្លីថា Phishing Attack

ការប្រុងប្រយ័ត្ន

លេខកូដ OTP ជាលេខកូដបណ្ដោះអាសន្ន មានន័យថា វាមានពេលវេលាកំណត់(ត្រឹមតែ១នាទី ឬ១ម៉ោង អាចយូរជាងនេះតាមការកំណត់) លើសពីពេលកំណត់នេះ លេខ OTP មិនអាចប្រើប្រាស់បាននោះទេ។ 

OTP ក៏មានប្រើប្រាស់ជាមួយគណនីធនាគារដែរ ដូច្នេះចូរប្រយ័ត្នឲ្យបានខ្ពស់ ហើយលោកអ្នកមិនត្រូវប្រាប់បុគ្គលផ្សេងទៀត ពីលេខកូដOTP នោះទេ ព្រោះលេខនេះត្រូវបានមើលឃើញនៅលើទូរស័ព្ទដៃរបស់អ្នកប៉ុណ្ណោះ។ ហើយបើមានករណីខ្លះ ឃើញមានលោត OTPមក ដោយអ្នកមិនធ្វើអ្វីសោះ នោះជាសញ្ញាឲ្យដឹងថា មានមនុស្សកំពុងតែព្យាយាមលួចប្រើប្រាស់គណនីរបស់អ្នក៕