ច្រកអន្តរជាតិម៉ឺនជ័យ ព្រំប្រទល់ខេត្តព្រៃវែងនិងខេត្តតៃនិញ បានដាក់ដំណើរការបណោ្ដះអាសន្ន

ខេត្តព្រៃវែង៖ ច្រកអន្តរជាតិម៉ឺនជ័យនៃខេត្តព្រៃវែង (កម្ពុជា) និងខេត្តតៃនិញ (វៀតណាម) ត្រូវបានដាក់ឲ្យដំណើរការជាបណ្តោះអាសន្ន ត្រឹមកម្រិតថ្នាក់ខេត្ត នាថ្ងៃ៣១ឧសភា ក្រោមអធិបតីភាព ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តម សួស ប្រាថ្នា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ផងដែរ។

ឯកឧត្តម ជា សុមេធី បានបញ្ជាក់ថា ការតម្លើងកម្រិតច្រកទ្វារព្រំដែនកម្ពុជា-វៀតណាមនេះ គឺដើម្បីបង្ករភាពងាយស្រួល និងលើកកម្ពស់ដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែន ការផ្លាស់ប្តូរទំនិញកសិផលនៅតំបន់ព្រំដែន ក៏ដូចជាការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីទាក់ទាញវិនិយោគិនក្នុង និងក្រៅតំបន់ ជាពិសេសរវាងប្រជាពលរដ្ឋខេត្តព្រៃវែង និងប្រជាពលរដ្ឋខេត្តតៃនិញកាន់តែល្អប្រសើរ និងពង្រឹងជម្រុញកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ អោយមានប្រសិទ្ធភាព។

ឯកឧត្តម ក៏បានសូមផ្ដាំផ្ញើរទៅដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់រូប ត្រូវថែរក្សាសុខភាព ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ជាពិសេស ត្រូវពាក់ម៉ាស់ជាប់ជានិច្ច លាងដៃអោយបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព ហើយត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនអោយបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា៕