ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្រ្ដីធនធានទឹក និងឧតុនិយម ចុះពិនិត្យគ្រឿងចក្រនៅមូលដ្ឋានជម្រកគ្រឿងចក្រ ក្នុងឃុំគោករមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្រ្ដីធនធានទឹក និងឧតុនិយម ចុះពិនិត្យគ្រឿងចក្រនៅមូលដ្ឋានជម្រកគ្រឿងចក្រ ក្នុងឃុំគោករមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំថោះ ចត្វាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យមើលជាក់ស្តែងនៅមូលដ្ឋានជម្រកគ្រឿងចក្រ ស្ថិតក្នុងឃុំគោករមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានការចូលរួមអមដំណើរពីឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ

អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ប្រធាននិងអនុប្រធាននាយកដ្ឋានវិស្វកម្ម ប្រធាននិងអនុប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសដំណើរចុះពិនិត្យនេះ ប្រធាននាយកដ្ឋានវិស្វកម្ម និងប្រធាននាយកដ្ឋានធារាសាស្រ្ដកសិកម្ម បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបជូន ឯកឧត្ដមរដ្ឋមន្រ្តី នូវចំនួនគ្រឿងចក្រទាំងថ្មី ទាំងចាស់ និងម៉ាស៊ីនបូមទឹកចល័ត ក៏ដូចជាការងារជួសជុលថែទាំ និងកិច្ចការងារអន្តរាគមន៍។

បន្ទាប់ពីស្តាប់របាយការណ៍ពីមន្រ្ដីជំនាញ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំ និងផ្តាំផ្ញើបន្ថែមទៅប្រធាននាយកដ្ឋានជំនាញទាំងពីរខាងលើថា៖ ចំពោះរាល់គ្រឿងចក្រ ទាំងទើបទទួលបានថ្មី ត្រូវតែថែរក្សា បែងចែក និងចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។ នៅក្នុងជម្រកគ្រឿងចក្រនេះ មានអគារចំនួនពីរ រួមមាន៖ អគារនាយកដ្ឋានវិស្វកម្ម និងអគារនាយកដ្ឋានធារាសាស្ត្រកសិកម្ម។

ទន្ទឹមនឹងនេះដែរ ឯកឧត្ដមរដ្ឋមន្រ្តី ក៏ស្នើឱ្យមានការរៀបចំឲ្យមានមន្រ្តីប្រចាំការ និងរៀបចំបន្ទប់ការិយាល័យធ្វើការឲ្យមានរបៀបរៀបរយសម្រាប់គ្រប់គ្រងទិន្នន័យ ចុះបញ្ជីគ្រឿងចក្រ ម៉ាស៊ីនបូមទឹក សម្ភារបរិក្ខារ និងគ្រឿងបន្លាស់នានា ដើម្បីបង្កលក្ខណ:ងាយស្រួលក្នុងការគ្រប់គ្រង និងត្រៀមរួចជាស្រេចសម្រាប់កិច្ចការងារអន្តរាគមន៍បន្ទាន់ឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។

ឯកឧត្ដមររដ្ឋមន្រ្ដី ក៏បានបន្ថែមទៀតថា ត្រូវតែបង្កើតបទដ្ឋានការងារជួសជុល និងថែទាំឱ្យបានត្រឹមត្រូវ ពីព្រោះការងារនេះ គឺជាការងារស្នូលសម្រាប់កិច្ចការងារអន្តរាគមន៍នានា ដែលយើងទាំងអស់គ្នាជាមន្ត្រីបច្ចេកទេស ត្រូវតែបង្កើនការយកចិត្តទុកដាក់ និងពង្រឹងសមត្ថភាព រួមទាំងសណ្តាប់ធ្នាប់បន្ថែមឲ្យបានត្រឹមត្រូវទៅតាមលក្ខណ:បច្ចេកទេស ថែមទាំងឲ្យមាននូវការបណ្តុះបណ្តាលជំនាញបន្ថែមទៀត ដើម្បីរកអ្នកបន្តវេន ជាមួយនឹងការលើកទឹកចិត្តផ្សេងៗ ដោយអាចបញ្ចូលឈ្មោះជាមន្ត្រីបណ្ដែតផងដែរ៕

ក្នុងថ្ងៃដដែលនោះផងដែរ ឯកឧត្តមបានបន្តចុះទៅពិនិត្យមើលប្រឡាយសំខាន់ៗមួយចំនួនសម្រាប់ជួយបញ្ចៀសជំនន់ទឹកភ្លៀង ដែលស្ថិតនៅផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោត ។

ឯកឧត្ដមរដ្ឋមន្រ្ដី បានអញ្ជើញចុះពិនិត្យប្រឡាយលេខ៩២ ប្រឡាយលេខ៩៤ និងប្រឡាយលេខ៩៦។ ប្រឡាយទាំងនោះ មានតួនាទីយ៉ាងសំខាន់ក្នុងការជួយរំដោះជំនន់ទឹកភ្លៀងកុំឱ្យលិចលង់ក្នុងខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ និងមួយផ្នែកនៃស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ខេត្ដកណ្ដាល។

ក្នុងខណៈនោះដែរ ឯកឧត្ដមរដ្ឋមន្រ្ដី ណែនាំដល់មន្ដ្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម និងមន្ដ្រីជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្ដកណ្ដាល ឱ្យយកចិត្ដទុកដាក់សិក្សាបន្ថែមទៀតក្នុងការបើកមុខទឹកដើម្បីបញ្ចៀសជំនន់ទឹកភ្លៀង និងទឹកហូរមកពីផ្នែកខាងលើស្ទឹងព្រែកត្នោត ដែលធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងខូចខាតដល់ទ្រព្យសម្បត្តិសាធារណជន៕