សម្តេចតេជោ ហ៊ុន សែន ទទួលជួប Noeleen Heyzer បេសកជនពិសេសរបស់ អសប ទទួលបន្ទុកមីយ៉ាន់ម៉ា

សម្តេចតេជោ ហ៊ុន សែន ទទួលជួប Noeleen Heyzer បេសកជនពិសេសរបស់ អសប ទទួលបន្ទុកមីយ៉ាន់ម៉ា

រាជធានីភ្នំពេញ៖ 

នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជេីញទទួលជួបពិភាក្សាការងារជាមួយលោកស្រី Noeleen Heyzer ប្រេសិតពិសេសរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ (អសប) ទទួលបន្ទុកលើបញ្ហាមីយ៉ាន់ម៉ា។

លោកស្រី Noeleen Heyzer បានចូលរួមដោះស្រាយបញ្ហាមីយ៉ាន់ម៉ា តាមរយៈបង្កើតក្របខណ្ឌពហុច្រកឈរលើមូលដ្ឋានទស្សនទានរង្វង់៣ ស្រទាប់ ស្រទាប់ទី១ នៅកណ្ដាលរង្វង់ គឺដំណើរការរកដំណោះស្រាយ ដែលដឹកនាំដោយមីយ៉ាន់ម៉ា និងជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ា ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជនមីយ៉ាន់ម៉ា។ ស្រទាប់ទី២គឺដំណើរការដឹកនាំដោយសហគមន៍តំបន់ដែលមានអាស៊ាន និងបណ្ដាប្រទេសជាប់ព្រំដែនមីយ៉ាន់ម៉ាទាំងអស់ចូលរួម និងស្រទាប់ទី៣ ស្រទាប់ខាងក្រៅបង្អស់ គឺសហគមន៍អន្តរជាតិ ដែលភាគច្រើនជាប្រទេសលោកខាងលិច ។

លោកស្រីបានមានប្រសាសន៍បន្ថែមថា ក្របខ័ណ្ឌនេះមិនខុសពី ការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានទេ គឺ១) ផ្ដោតការខិតខំទៅលើការផ្តល់ជំនួយមនុស្សធម៌ ទី២)ពីរការការពារប្រជាជន និងទី៣) វិលទៅរកការគ្រប់គ្រងស៊ីវិលដែលជាការចាំបាច់ត្រូវមានការកសាងទំនុកចិត្ត ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា យើងមានចំនុចរួមគ្នានោះគឺជួយស្វែងរកជូនប្រជាជនមីយ៉ាន់ម៉ា នូវសន្តិភាព ស្ថិរភាព និងការរីកចម្រើន ហើយអ្វីដែលត្រូវធ្វើជាបន្ទាន់នោះ គឺបញ្ឈប់អំពើហិង្សា នាំអំណោយមនុស្សធម៌ជូនដល់ប្រជាជនទាំងអស់ដែលកំពុងត្រូវការ និងបង្កលក្ខណៈជឿទុកចិត្តគ្នាដោះស្រាយបញ្ហា ជាពិសេស តាមរយៈការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន៕