លោក ង៉ែត ជូ៖ មានទ្រព្យសម្បត្តិច្រើន មិនប្រាកដថាមាន​សេចក្តីសុខនោះទេ

មនុស្សគ្រប់គ្នា តែងតែនិយាយថា ពួកគេខិតខំប្រឹងប្រែងស្វែងរកទ្រព្យសម្បត្តិគឺដើម្បីកសាងសេចក្តីសុខ ហើយគេយល់ថាទាល់តែមានទ្រព្យច្រើនទើបមានសុភមង្គល។

ឆ្លើយតបជាមួយនឹងបញ្ហានេះ លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ បានលើកឡើងថា មនុស្សជាច្រើនយល់ច្រឡំថា​ ការមានទ្រព្យសម្បត្តិច្រើននិងចូលនិវត្តន៍ក្នុងវ័យក្មេង នឹងនាំឱ្យខ្លួនគេមានសេចក្តីសុខ តែផ្ទុយមកវិញវាមិនប្រាកដថាដូច្នេះនោះទេ។ 

លោកបានលើកអំណះអំណាងថា មហាសេដ្ឋី Warren Buffett ដែលជាអ្នកវិនិយោគ និងជាសាស្ត្រាចារ្យ​ផងនោះ បានបញ្ជាក់ថា ការមានទ្រព្យសម្បត្តិ​ច្រើនមិនធ្វើឱ្យមនុស្សមានសេចក្តីសុខនោះទេ។ លោកថាអ្វីដែលធ្វើឱ្យមនុស្សមានសេចក្តីសុខ គឺនៅពេលគេប្រើប្រាស់ធនធានដែលខ្លួនមាន ដើម្បីបំពេញ​កិច្ចការងារដែលខ្លួនចូលចិត្តទៅវិញទេ។

លោក ង៉ែត ជូ បានបញ្ជាក់ថា៖«មនុស្សជាច្រើនតែងតែប្រាថ្នាចង់បានសេរីភាពហិរញ្ញវត្ថុ ដើម្បីអាចចូលនិវវត្តន៍ក្នុងវ័យក្មេង។ សកម្មភាពនេះមិនធ្វើឱ្យពួកគេសប្បាយចិត្តដូចអ្វីដែលពួកគេគិតនោះទេ»។

អ្នកជំនាញហិរញ្ញវត្ថុខាងលើបានលើកឡើងផងដែរថា អ្នកជំនួញនិងជាអ្នកនយោបាយអាមេរិក​លោក Kevin O’Lary បានបញ្ជាក់ផងដែរថា ការចូលនិវត្តន៍ក្នុងវ័យក្មេង ​មិនអាចធ្វើទៅរួចនោះទេ បើទោះបីជាពួកគេមានទ្រព្យសម្បត្តិច្រើនក៏ដោយ។ តាមរយៈបទពិសោធន៍របស់លោកផ្ទាល់ នៅពេលលោកអាយុ៣៦ឆ្នាំ លោកបានលក់ក្រុមហ៊ុនដែលលោកបានបង្កើតដំបូង ​បានប្រាក់រាប់លានដុល្លារអាមេរិក។ នៅពេលនោះលោកបានលាលែងពីការងារ​បានត្រឹមតែ ៣ឆ្នាំ​ ក៏មានអារម្មណ៍ថាអផ្សុកនិងថប់អារម្មណ៍​ខ្លាំង។ ហេតុនេះហើយទើបធ្វើឱ្យលោក​ងាក​ទៅបង្កើតអាជីវកម្ម និងធ្វើការងារដែលលោក​ពេញចិត្តឡើងវិញ។ ជារួម​អ្នកនយោបាយខាងលើយល់ឃើញថា​ ការធ្វើការងារ​គឺមិនមែនដើម្បីតែលុយមួយមុខគត់នោះទេ តែវាជាការរក្សាទំនាក់ទំនងសង្គម និងជាការជួយឱ្យខួរក្បាលមានកាន់តែល្អ ហើយមានអាយុវែង។

លោក ង៉ែត ជូ បានធ្វើសេចក្តីសន្និដ្ឋានថា ការខិតខំរកលុយ​ដើម្បីមានលទ្ធភាព ធ្វើកិច្ចការងារដែលយើងពេញចិត្ត​ជាចំណុចគន្លឹះយ៉ាងសំខាន់ដើម្បីកសាងសេចក្តីសុខ​របស់មនុស្សម្នាក់ៗ។ លោកថា សេចក្តីសុខរបស់មនុស្ស​មិនស្ថិតតែលើការមានទ្រព្យសម្បត្តិមហាសាលដោយមិនធ្វើការងារនោះទេ៕