ក្រសួងធនធានទឹក ប្រជុំបើកឯកសារដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់ គម្រោងប្រព័ន្ធស្រោចស្រព នៅបន្ទាយមានជ័យ

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំ ក្រសួងធនធានទឹក និងឧតុនិយម មានកិច្ចប្រជុំបានបើកឯកសារផ្នែកបច្ចេកទេសដេញថ្លៃ (Technically Bid Opening) ជ្រើសរើសក្រុមហ៊ុនសាងសង់ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រព និងកាត់បន្ថយទឹកជំនន់(Irrigation Development and Flood Mitigation) ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងតំណាងពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាង ធនាគារ K-Eximbank ប្រចាំនៅកម្ពុជា ដែលមានជំនួយបច្ចេកទេសពីទីប្រឹក្សា កូរ៉េ KECC, Yooshing Saman KRC និងចូលរួមដេញថ្លៃពីសំណាក់ក្រុមហ៊ុនសាងសង់មកពីប្រទេសសាធារណរដ្ឋកូរ៉េចំនួន៦ ក្នុងចំណោមក្រុមហ៊ុនចំនួន១១បានចុះបញ្ជី។ 

ក្រុមហ៊ុនសាងសង់ចំនួន០៦ដែលបានចូលរួមដេញថ្លៃរួមមាន៖ ក្រុមហ៊ុនHDC-SDAG, ក្រុមហ៊ុន Kumho-Dongbu, ក្រុមហ៊ុន HHD-Hanjin -Hansol-Dongal, ក្រុមហ៊ុន Gumgwang Construction, ក្រុមហ៊ុន Kyeryong-Kolon និងក្រុមហ៊ុន Sumbu-Ilsung ។ 

សូមបញ្ជាក់ជូនថាគម្រោងនេះត្រូវបានក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយទីប្រឹក្សាបច្ចេកទេស កូរ៉េ ចុះស្រាវជ្រាវ និងសិក្សារៀបចំជាសំណើគម្រោងអស់រយៈពេលជិត១០ឆ្នាំទំរាំទទួលបានការគាំទ្រហិរញ្ញប្បទាន-ឥណទានពីភាគី កូរ៉េ ហើយគម្រោងនេះបន្ទាប់ពីសាងសង់រួចមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការកាត់បន្ថយគ្រោះទឹកជំនន់ឆ្លងដែនកម្ពុជា-ថៃក្នុងតំបន់ជាប់ព្រំដែនស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពិសេសអាងទឹកចំនួន៤ និងប្រឡាយមេខ្នាតធំ ៤ខ្សែប្រវែងសរុប៨៧,៦ គ.ម ដែលបានស្តារ និងសាងសង់រួច អាចមានលទ្ធភាពផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ លក្ខណៈគ្រួសារ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីដាំដុះស្រូវបានប្រមាណ ៣៤៦០០ហិកតា។ 

កិច្ចប្រជុំដេញថ្លៃជ្រើសរើសក្រុមហ៊ុន សាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រព និងកាត់បន្ថយទឹកជំនន់ បានចាប់ផ្តើមនៅម៉ោង២.៣០នាទី និងបានបញ្ចប់ ទៅនៅម៉ោង៤.០០ប្រកបដោយបរិយាកាសរីករាយ និងយោគយល់គ្នា៕