កូវីដ​-១៩ រុញ​មនុស្សខ្ទង់​​រយ​លាន​នាក់ ​​ទៅ​បន្ទាត់​ក្រី​ក្រនិង​​ភាព​ទុរភិក្ស​អត់​អាហារ​

គិត​ត្រឹម​​ខែ​តុលា ឆ្នាំ​២០២០​នេះករណី​ឆ្លង​​វីរុស​ផ្លូវ​ដង្ហើម​ COVID-19​នៅ​ទូ​​ទាំង​ពិភព​លោក​ គឺ​មាន​ដល់ ជាង​៣៣​លាន​ករណី​ហើយ ឯ​ករណី​មនុស្ស​ស្លាប់​ដោយ​សារ​វីរុស​នេះ មាន​ដល់​​១​លាន​នាក់នេះ​បើ​តាម​បច្ចុប្បន្ន​ភាព​ទិន្នន័យ​ពី World Meters Corona Virus។

ទន្ទឹម​នឹង​ពេល​​ដែល​​​​​មាន​ករណី​ឆ្លង ​និង​ការ​ឆក់​​យក​ជីវិត​មនុស្ស​ពី​វីរុស​ដង្ហើម​នេះ​ ជា​បន្ត​បន្ទាប់ងាក​ទៅ​លើ​ស្ថាន​ភាព​​​​ជីវិត​រស់​នៅ​របស់​​មនុស្ស​ ​ក្នុង​កម្រិត​សកល​ឯ​ណោះ​វិញ​ គឺ​បាន​​កំពុង​ជួប​ប្រទះ​បញ្ហា​ជា​ច្រើន​ផង​ដែរ។ ជា​ឧទាហរណ៍​​ជាក់​ស្តែង​មួយ​តាម​រយៈ​ ​​នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក នៃ​អង្គការ​សហប្រជាជាតិ​(World Food Program) គឺ​លោក David Beasley បាន​ឱ្យ​ដឹង​ថា"រលក​នៃ​​​កង្វះ​ស្បៀង និង​ភាព​អត់​អាហារនៅ​តែ​គំរាម​កំហែង​​​នៅ​ជុំ​វិញ​​ពិភព​លោក"។ លោក​បាន​បន្ត​ថា ប្រជាជន​ប្រមាណ​១៣៥​លាន​នាក់​​​កម្រិត​ពិភព​លោក គឺ​ប្រឈម​​នឹង​អសន្តិសុខ​ស្បៀង​​​​ខ្លាំង​ ហើយ​ចំនួន​នេះតាម​ការ​ព្យាករ​​នឹង​កើន​ឡើង​​បន្ត​​​បន្ទាប់​នៅ​ក្នុង​ឆ្នាំ​​នេះ​ដដែល​។ 

តាម​ប្រភព​ទិន្នន័យ​ពី​ស្ថាប័ន​​ដដែល​នេះ គឺ​ហោច​ណាស់​តម្រូវ​ឱ្យ​មាន​កញ្ចប់​ថវិកា​​ប្រមាណ​៥​ប៊ីលាន​ដុល្លារ​អាមេរិកដើម្បី​បង្ការ​ចំនួន​មនុស្ស​ប្រមាណ​៣០​លាន​នាក់​ពី​ការ​ស្លាប់​ ដោយ​សារ​​ភាព​អត់​ឃ្លាន។

ដោយ​ឡែក​ទិន្នន័យ​ពី​​ធនាគារ​ពិភព​លោក World Bank បាន​​ឱ្យ​ដឹង​ថា ការ​រាត​ត្បាត​ពី​វីរុស​ COVID-19 នឹង​បង្អាក់​ដំណើរ​នៃ​ការ​ប្រឹង​ប្រែង​ជា​លក្ខណៈ​អន្តរជាតិ​ ដើម្បី​បន្ថយ​អត្រា​ភាព​ក្រី​ក្រ​កម្រិត​៣​%នៅ​ឆ្នាំ​២០៣០​។ ហើយ​បើ​គិត​ត្រឹម​តែ​ប្រជាជន​នៅ​អាស៊ី គឺ​ប្រមាណ​១៦០​លាន​នាក់ នឹង​អាច​ស្ថិត​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​នៅ​ឡើយនេះ​​បើ​តាម​​​ប្រភព​ពី​ធនាគារ​អភិវឌ្ឍ​អាស៊ី។ 

បើ​ក្រលេក​ទៅ​មើល​ភាព​លំបាក​របស់​កុមារ​ ដែល​ជា​សិស្សានុសិស្ស​​ឯ​ណោះ​វិញ គឺ​ប្រមាណ​៨៧២​​លាន​នាក់​ជា​សិស្ស​ពី​៥១​ប្រទេស គឺ​នៅ​ពុំ​ទាន់​អាច​ត្រឡប់​ទៅ​រក​ស្ថានភាព​សិក្សា​ដូច​ដើម​វិញ​នៅ​ឡើយ ​នេះ​បើ​តាម​ទិន្នន័យ​ពី​មូលនិធិ​កុមារ​នៃ​អង្គការ​សហប្រជាជាតិ​ UNICEF។ ហើយ​​ចំនួន​ពាក់​កណ្តាល​នៃ​តួ​លេខ​សិស្ស​​ទាំង​នោះគឺ​រស់​នៅ​ក្រោម​ស្ថានភាព​​ដែល​ពុំ​អាច​សូម្បី​តែ​​មធ្យោបាយ​សិក្សា​ពី​ចម្ងាយ។

បើ​ងាក​ទៅ​មើល​ក្នុង​វិស័យ​សេដ្ឋកិច្ច​​ឯ​ណោះ​វិញ តាម​​ការ​ព្យាករបើ​ទោះ​ជា​មាន​ការ​បញ្ចេញ​ថវិកា​ជំនួយ​ពី​រដ្ឋាភិបាល​ប្រទេស​អ្នក​មាន និង​មូលនិធិ​​រូបិយវត្ថុ​អន្តរជាតិ IMFប្រមាណ​១៨​លាន​លាន​ដុល្លារ​អាមេរិក​ ទៅ​ក្នុង​សេដ្ឋកិច្ច​ពិភព​លោក គឺ​នឹង​ត្រូវ​បាត់​បង់​​ទៅ​វិញ​ប្រមាណ​១២​លាន​លាន​​ដុល្លារ​អាមេរិក​នៅ​ត្រឹម​ឆ្នាំ​២០២១។ ការ​សិក្សា​ដាច់​ដោយ​ឡែក​មួយ​ទៀត​ពី​ករណី​នេះ ធ្វើ​ឡើង​ដោយ​​អង្គការ​ពលកម្ម​អន្តរជាតិ​ បាន​រក​ឃើញ​ថាដោយ​សារ​តែ​ការ​រាត​ត្បាត​ពី​វីរុស​កូវីដ​-១៩ប្រាក់​ចំណូល​របស់​អ្នក​ធ្វើ​ការ​​ខ្ទង់​លាន​​នាក់​ជុំ​វិញ​ពិភព​លោកគឺ​បាន​បាត់​បង់​ក្នុង​ចំនួន​៣.៥​លាន​លាន​ដុលា្លរ​អាមេរិក​ហើយ​ត្រឹម​ឆ្នាំ​២០២០​នេះតាម​ការ​​គណនា​គឺ​ស្មើ​នឹង​មនុស្ស​២៤៥​លាន​នាក់​បាន​បាត់​បង់​ការងារ​។

ជា​មួយ​បញ្ហា​លំបាក​ខាង​​លើ​នេះបណ្តា​ស្ថាប័ន​ធំ​ៗ និង​អ្នក​​វិភាគ​នានា គឺ​បាន​រំពឹង និង​អំពាវ​នាវ​ឱ្យ​មាន​ការ​ចូល​រួម​ជ្រោម​ជ្រែង​​​ជួយ​ពី​សំណាក់​​ម្ចាស់​ជំនួយ​ក្នុង​វិស័យ​ផ្សេង​ៗ ដើម្បី​ជួយ​ស្រោច​ស្រង់​​​​ស្ថានភាព​រស់​នៅ​​របស់​មនុស្ស​ពី​វិបត្តិ​ជា​សកល​មួយ​នេះជា​បន្ត​បន្ទាប់​៕ ​​​