មនុស្សជាច្រើនប្រហែលជាគិតថា សាសនាគ្រាន់តែជាផ្នែកមួយនៃអប់រំមនុស្សឱ្យស្ងប់ចិត្ត ឬចេញពីវិបត្តិនានាដើម្បីសន្សំសេចក្តីសុខតែប៉ុណ្ណោះ។ សម្រាប់អ្នកដែលប្រកបរបររកស៊ី ឬអ្នកសេដ្ឋកិច្ចមិនចាំបាច់យកចិត្តទុកដាក់ខ្លាំងពេកលើផ្នែកទាំងអស់នេះនោះទេ។
សាស្រ្តាចារ្យ ព្រើន សុវង្ស ជាព្រឹទ្ធបុរសរង ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងព័ត៌មានវិទ្យា ទទួលបន្ទុកដេប៉ាតឺម៉ត់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានលើកឡើងថា ព្រះពុទ្ធសាសនាជាផ្នែកយ៉ាងសំខាន់ សម្រាប់អភិវឌ្ឍប្រជាជនតាមគ្រប់រូបភាព។ មិនថាក្នុងជីវិតឯកជន ជីវិតគ្រួសារ ជីវិតនៃការរកស៊ី ឬសេដ្ឋកិច្ចសង្គមនោះទេ ព្រះពុទ្ធសាសនាបានចូលរួមចំណែកយ៉ាងសំខាន់ តាមរយៈតម្លៃអប់រំប្រកបដោយសុចរិតភាព។
លោក ព្រើន សុវង្ស បាននិយាយថា៖ «ការអប់រំតាមបែបព្រះពុទ្ធសាសនា ជាការអប់រំដែលមានលក្ខណៈជាក់លាក់និងអាចដើរស្របគ្នាជាមួយនឹងផ្នែកអាណាចក្រ ព្រោះគោលដៅសំខាន់នៃការអប់រំ ទាំងតាមបែបសាសនានិងសង្គម គឺជំរុញឱ្យមានការអភិវឌ្ឍដូចគ្នា»។
លោកសាស្រ្តាចារ្យ បានបញ្ជាក់ផងដែរថា លក្ខណៈពិសេសនៃផ្នត់គំនិតអប់រំ តាមបែបព្រះពុទ្ធសាសនាគឺការជំរុញឱ្យមនុស្សម្នាក់ៗបង្កើន សុចរិតភាពក្នុងការធ្វើអាជីវកម្ម ការធ្វើការងារ និងការអនុវត្តនូវសកម្មភាពនានាក្នុងសង្គម។ ជាក់ស្តែង វិធីនានាដែលព្រះពុទ្ធសាសនាបានបង្រៀនមនុស្ស គឺណែនាំឱ្យមនុស្សអនុវត្តផ្លូវកណ្តាល រកស៊ីដោយសុចរិតភាព ឱ្យមានការខិតខំដោយត្រឹមត្រូវ មានការប្រកួតប្រជែងប្រកបដោយភាពស្មោះត្រង់។
បន្ថែមពីលើនេះព្រះពុទ្ធសាសនាក៏នៅមានតម្លៃអប់រំសំខាន់ៗជាច្រើនផ្សេងទៀត ដែលអាចរុញច្រានឱ្យបរិស្ថាននៃការធ្វើជំនួញកាន់តែប្រសើរ និងជួយដល់វិស័យសេដ្ឋកិច្ចឱ្យកាន់តែមានភាពល្អប្រសើរ។ លើសពីនេះទៅទៀត តម្លៃអប់រំភាគច្រើនត្រូវបានអប់រំតាមរយៈព្រះពុទ្ធសាសនា ក៏ស្របនឹងច្បាប់របស់កម្ពុជាផងដែរ។ អ្នកដែលតែងតែចិញ្ចឹមជីវិតដោយគោរពប្រតិបត្តិ តាមទស្សនទានព្រះពុទ្ធសាសនាគឺជាអ្នកដែលមិនចេះបោកបញ្ឆោតដៃគូអាជីវកម្មរបស់ខ្លួនឡើយ។ បន្ថែមពីលើនេះ ពួកគាត់ក៏តែងតែរក្សាបាននូវភាពថ្លៃថ្នូរ ដោយមិនប្រព្រឹត្តអំពើក្បត់ទំនុកចិត្តឬមិនធ្វើការប្រកួតប្រជែងដោយមិនស្មោះត្រង់ ដែលអាចជួយឱ្យគាត់ចេញផុតពីការផ្តន្ទាទោសនៃច្បាប់របស់រដ្ឋផងដែរ។
អ្នកអប់រំខាងលើក៏បានចែករំលែកគំនិតផងដែរថា បុគ្គលដែលបានទទួលការអប់រំពីទស្សទានព្រះពុទ្ធសាសនា ភាគច្រើនជាមនុស្សដែលមាន ចរិយាធម៌ត្រឹមត្រូវទាំងកាយវាចា និងចិត្ត ក្នុងផ្លូវល្អមួយប្រកបដោយសន្តិភាព។ ហេតុនេះការប្រតិបត្តិតាមទស្សនទានព្រះពុទ្ធសាសនាមិនមែនសម្រាប់តែមនុស្សចាស់នោះទេតែយើងអាចអនុវត្តក្នុងជីវិតប្រចាំថ្ងៃសម្រាប់មនុស្សគ្រប់វ័យដើម្បីធ្វើឱ្យគ្រួសាររីកចម្រើន សង្គមជាតិមានសេចក្តីសុខនិងមានការអភិវឌ្ឍប្រកបដោយសុចរិតភាព៕