ប្រទេសវៀតណាមមានគោលដៅបង្កើន ប្រាក់ចំណូលដល់ ៥.០០០ ដុល្លារសម្រាប់ពលរដ្ឋម្នាក់ៗ នៅឆ្នាំ ២០២៥

វៀតណាម៖ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ប្រទេសវៀតណាមនឹងខិតខំដើម្បីឱ្យមានកំណើនផលិតផលក្នុងស្រុកសរុបជាមធ្យម ៧ ភាគរយនិងប្រាក់ចំណូល ៥.០០០ ដុល្លារសម្រាប់មនុស្សម្នាក់ៗ។

ប្រាក់ចំណូលរបស់មនុស្សម្នាក់ៗក្នុងប្រទេសនៅឆ្នាំ ២០២០ ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ២.៧៥០ ដុល្លារពោលគឺកើនឡើងជិត ១,៣ ដងបើប្រៀបធៀបទៅនឹងឆ្នាំ ២០១០ ដែលមានចំនួន ២.១០៩ ដុល្លារ។

អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Tran Quoc Phuong បានថ្លែងនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារថា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខប្រទេសគួរតែផ្តោតការវិនិយោគលើវិស័យសំខាន់ៗនិងគម្រោងដែលមានសារៈសំខាន់ជាតិ ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការច្នៃប្រឌិត។

នៅឆ្នាំ ២០២៥ ប្រទេសវៀតណាមរំពឹងថានឹងបញ្ចប់គម្រោងធំ ៗ ដូចជាផ្លូវល្បឿនលឿន ខាងជើង - ខាងត្បូងទាំងមូល និងដំណាក់កាលដំបូងនៃអាកាសយានដ្ឋានអន្តរជាតិឡុងថាញ នៅខេត្តដុងណៃភាគខាងត្បូង ដែលត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយការផ្ទុកលើសចំណុះនាពេលបច្ចុប្បន្ននៅអាកាសយានដ្ឋានតានសឺនញ៉ាត ក្នុងក្រុងហូជីមិញ។

នៅតាមទីក្រុងធំ ៗ ក្រសួងចង់ ឲ្យ ការវិនិយោគផ្តោតលើ ការពន្លឿនគម្រោងផ្លូវដែកក្នុងទីក្រុងហាណូយនិងទីក្រុងហូជីមិញ ផ្លូវក្រវាត់ក្រុងនិងគម្រោងកែច្នៃសំរាម៕ VNExpress