ធ្លាប់ជួបអត់ពីDéjàVu (ឌេ-ហ្សា-វូ) ហើយវាជាអ្វី

ពាក្យDéjà Vu មក​ពី​ពាក្យ​បារាំង ដែល​មាន​ន័យ​ថា "ធ្លាប់​បាន​ឃើញ"វា​ជា​​បាតុភូត​​មួយ​លើ​អារម្មណ៍​​ប្រហាក់​ប្រហែល​​ទៅ​លើ​អ្វី​មួយដែល​ធ្លាប់​បាន​ជួប ប៉ុន្តែ​​ធាតុ​ពិត​វា​ជា​របស់​ថ្មីដែល​យើង​កំពុង​ជួប​ពេល​បច្ចុប្បន្ន​នោះ។

ជា​ឧទាហរណ៍​​ងាយ​យល់ឧបមាថា​អ្នក អ្នក​ទៅ​ដើរ​លេង​កម្សាន្ត​នៅ​ក្រៅ​ប្រទេស​ ជា​លើក​ទី​មួយប៉ុន្តែ​ជា​ជួប​នឹង​ទិដ្ឋភាព​ ឬ​ទេសភាព​ណា​មួយ​ដែល​គិត​ថា ធ្លាប់​បាន​ឃើញ​ហើយ​មក​ឃើញ​នៅ​ពេល​ឥលូវ​។ ឧទាហរណ៍​មួយ​ទៀត ដូច​ជា​ អ្នក​ទៅ​ញ៉ាំ​​បាយ​ល្ងាច​ជា​មួយ​មិត្តភក្តិ​ ហើយ​​ក៏​ផ្តើម​សន្ទនា​ជា​មួយ​ពួក​គេ​ជា​មួយ​ប្រធាន​បទដែល​អ្នក​មាន​អារម្មណ៍​ថា ធ្លាប់​ជួប​ទិដ្ឋភាព​នោះហើយ​កំពុង​ជួប​ដូច​នឹង​ពេល​​​នេះ​។

ផ្អែក​តាម​ការ​លើក​ឡើង​របស់អ្នក​ស្រាវជ្រាវ​ជន​ជាតិ​ស្វីស គឺ​លោក Arthur Funkhouser បាន​ឱ្យ​ដឹង​ថា Déjà Vu វា​ជា​បាតុភូត​​មួយ​លើ​អារម្មណ៍ដោយ​ហេតុ​ការណ៍​ណា​មួយ ដែល​អ្នក​ធ្លាប់​បាន​ជួប ហើយ​​​នៅ​លើក​ទី​ពីរអ្នក​​ទើប​ជួប​ទិដ្ឋភាព​នោះ​ម្តង​ ប៉ុន្តែ​ជា​ព្រឹត្តិការណ៍​ថ្មី។ ឬ​ម្យ៉ាង​ទៀតមាន​ន័យ​ថា ខួរ​ក្បាល​យល់​ច្រលំ នូវ​ព្រឹត្តិការណ៍​ក្នុង​បច្ចុប្បន្ន​កាលទៅ​នឹង​ព្រឹត្តិការណ៍​ក្នុង​អតីត​កាល ឬ​បទ​ពិសោធន៍​ធ្លាប់​ជួប​កន្លង​មក។

ដោយ​ឡែក​​ផ្អែក​​លទ្ធផល​ស្រាវជ្រាវ​មួយ​ទៀត ក្នុង​ឆ្នាំ​២០០៩ដោយ​​ក្រុម​អ្នក​ស្រាវជ្រាវ​ចិត្តសាស្រ្ត​​អាមេរិក បាន​​បង្ហាញ​​​ជា​គំរូ​មួយ​ថានៅ​ពេល​ដែល​អ្នក ជួប​នឹង​​ទិដ្ឋភាព​មួយ គឺ​ច្រក​​ផ្លូវ​ដើរ​មួយ ស្ថិត​នៅ​ចន្លោះអគារ និង​អគារ តែ​ក្រោយ​មក​ អ្នក​បាន​ទៅ​ដល់​ទី​កន្លែង​ថ្មីហើយ​អ្នក​ឃើញ​មាន​ច្រក​ចូល​មួយ​ដែរ មិន​ធ្លាប់​ជួបតែ​បែរ​ជា​មាន​អារម្មណ៍​ថា​បាន​ទៅ​ដល់​ទី​នោះ នោះ​គឺ​ដោយ​សារ​អារម្មណ៍​ប្រហាក់​ប្រហែល​ខ្លាំង​ទៅ​លើ​វត្ថុ​អ្វី​មួយ ប៉ុន្តែ​អ្នក​​ជួប​វា វា​កំពុង​​ស្ថិត​ក្នុង​​ទិដ្ឋភាព​ថ្មីបរិយាកាស​ថ្មី។ ឧទាហរណ៍​មួយ​ទៀត គឺ​ដូច​នឹង​អ្នក​បាន​ចូល​ក្នុង​ហាង​អាហារ​មួយហើយ​បាន​ទៅ​ដល់​ហាង​អាហារ​ថ្មី​មួយ​ទៀត ដែល​មាន​វត្ថុ​ខ្លះ​ដូច​ឬ​ស្រដៀង​នឹង​អ្វី​ ដែល​បាន​ជួប​ពី​មុន​ ដែល​វា​មាន​ឥទ្ធិពល​លើ​អារម្មណ៍​អ្នក។

អ្នក​ជំនាញ​ជា​ច្រើន​ក៏​បាន​សន្មត​ថាវា​ជា​បាតុភូត​មួយ ដែល​ជា​ប្រតិកម្ម​នៃ​អារម្មណ៍​ ដែល​ការ​ចង​ចាំ​របស់​អ្នក​ប្រាប់​អ្នក​ថា អ្នក​ធ្លាប់​បាន​ជួប​វត្ថុ ឬ​ទិដ្ឋភាព​ខ្លះ​ប្រហាក់​​ប្រហែល​នឹង​អ្វី​ដែល​អ្នក​កំពុង​ឃើញ​នា​ពេល​បច្ចុប្បន្ន។

យ៉ាងណាមិញខាងលើនេះគឺជាការលើកឡើងមួយផ្នែកអំពីDéjà Vu (ឌេ-ហ្សា-វូ) នៅមានការបកស្រាយផ្សេងៗជាច្រើនទៀតពីអ្នកដែលបានជួបអារម្មណ៍ខាងលើនេះ។ចុះចំណែកប្រិយមិត្ត ក្រមាប៉ុស្ត៍ធ្លាប់បានជួបព្រឹត្តិការណ៍ដូចការលើកឡើងខាងលើនេះដែរឬទេ? បើធ្លាប់ជួបកុំភ្លេចចែករំលែកដល់ ក្រមាប៉ុស្ត៍ផងណា៕