សម្រាប់នារីៗបើនិយាយទៅលើរឿងផែនការហិរញ្ញវត្ថុ គឺច្រើនប្រឈមនឹងបញ្ហាខ្លះជាងបុរសៗ។ បញ្ហានោះគឺដោយសារតែឱកាសដើម្បីទទួលបានគំនិតហិរញ្ញវត្ថុមួយចំនួនក៏ដូចជាពីបណ្តាញមិត្តភក្តិដើម្បីទទួលបានព័ត៌មានអំពីការវិនិយោគជាដើម។យ៉ាងណាមិញ នៅក្នុងអត្ថបទនេះ នឹងចែករំលែកនូវចំណេះដឹងខ្លះៗសម្រាប់ផែនការរៀបចំស្ថានភាពហិរញ្ញវត្ថុ នៃអំឡុងពេលវិបត្តិ COVID-19 ពិសេសអ្នកដែលមានគ្រួសារនិងមានទំនួលខុសត្រូវចាត់ចែងទៅលើហិរញ្ញវត្ថុគ្រួសារជាដើម៖
១. បង្កើតនិងសម្គាល់ខ្ទង់ថវិកាផ្ទាល់ខ្លួន
មុនពេលអាចឈានដល់ការបង្កើនចំណូលថ្មីថែមហោចណាស់អ្នកក៏បាន និងគួរដឹងខ្លះពីការចំណាយប្រចាំថ្ងៃរបស់អ្នកដើម្បីទាញប្រយោជន៍ពីវាបន្ថែម។ ជាឧទាហរណ៍អ្នកអាចផ្តោតលើខ្ទង់ចំណាយដែលចាំបាច់បំផុតដូចជាការខ្ទង់ចំណាយលើសំលៀកបំពាក់ អាហារ វិនិយោគរួមទាំងការដើរកម្សាន្តខ្លះៗ...។
នៅពេលដែលអ្នកបែងចែកខ្ទង់ចំណាយប្រភេទសំខាន់នោះសម្រាប់ជាប្រចាំឆ្នាំឬប្រចាំខែបានរួចរាល់ នោះការចំណាយរបស់អ្នកនឹងកាន់តែមានប្រសិទ្ធិភាពល្អដោយផ្តោតសំខាន់តែលើគោលដៅនោះនិងជៀសវាងការរំខានពីចំណាយដែលមិនចាំបាច់។ ដូចនេះអ្នកអាចយល់ច្បាស់ពីប្រភពចំណូលរបស់អ្នកក៏ដូចជាការត្រៀមឱកាសសម្រាប់ស្វែងរកប្រភពចំណូលថ្មីបន្ថែមផងដែរពិសេសនៅក្នុងអំឡុងពេលប្រឈមនឹងស្ថានភាពពិបាកខ្លះៗពី COVID-19។
២. រៀនកាត់បន្ថយចំណាយខ្លះតាមរយៈការវិនិយោគលើចំណេះដឹង
ជាវិធីដែលអាចជួយអ្នកគ្រប់គ្រងចំណាយប្រកបដោយប្រសិទ្ធិភាពបានយូរតទៅមុខការវិនិយោគលើចំណេះដឹងសំខាន់ៗខ្លះ ក៏នឹងជួយអ្នកផងដែរ តួយ៉ាង ការចំណាយលើការរៀនមុខវិជ្ជាខ្លីៗដែលអាចប្រើប្រាស់បាន ដូចជាការរៀនអំពីទីផ្សារ មុខវិជ្ជាគណនាឬប្រកាសពន្ធ ឬរបៀបវិនិយោគជាដើម។ ចំណេះវិជ្ជាទាំងអស់នេះមិនថាអ្នករៀនពីសិក្ខាសាលា ឬការរៀននៅលើអ៊ិនធើណេតនឹងអាចជួយអ្នកឱ្យមានភាពវៃឆ្លាតលើការចំណាយថវិកាត្រឹមត្រូវក៏ដូចជាបង្កើនតម្លៃអ្នកផងដែរ សម្រាប់ការអភិវឌ្ឍខ្លួនអ្នកក៏ដូចជាស្ថាប័នដែលអ្នកបំពេញការងារផង។
៣. ផែនការសម្រាប់ពេលចាស់ទៅ
ប្រាកដណាស់ផែនការហិរញ្ញវត្ថុគឺមានជម្រើសជាច្រើន ពិសេសផែនការសម្រាប់អ្នកពេលចាស់ទៅដែលអ្នកអាចជ្រើសរើសទិញសេវានោះ ឬអាចធ្វើវាដោយខ្លួនឯងទោះជាក្នុងពេលស្ថានភាពលំបាកខ្លះៗពីវីរុសផ្លូវដង្ហើម COVID-19។
ដោយផ្អែកតាមរបាយការណ៍មួយពីវិបសាយព័ត៌មានហិរញ្ញវត្ថុសហរដ្ឋអាមេរិកBusiness Insider កាលពីឆ្នាំ២០១៩បានឱ្យដឹងថា លទ្ធផលនៃការមិនបានត្រៀមខ្លួនសម្រាប់ផែនការចូលនិវត្តន៍គឺពិតជាកើតមាន និងប៉ះពាល់ខ្លះដល់បែបផែនជីវិតរស់នៅពេលវ័យចំណាស់តាមរយៈលទ្ធផលស្ទង់មតិដែលបានបង្ហាញក្នុងរបាយការណ៍នោះ។
ដើម្បីចៀសវាងនូវបញ្ហាទាំងនោះ អ្នកមានជំនាញផ្នែកហិរញ្ញវត្ថុជាច្រើនបានណែនាំនិងលើកទឹកចិត្តឱ្យមានបង្កើតផែនការមួយសម្រាប់ខ្លួនឯងគឺការបង្កើតខ្ទង់ចំណែកខ្លះនៃចំណូល ដោយឯករាជ្យត្រៀមសម្រាប់ការចំណាយដែលកើតមាននៅពេលអ្នកមានវ័យចាស់។អ្នកជំនាញបានបន្ថែមទៀតថា ការបានត្រៀមផែនការនេះបានទាំងនៅវ័យក្មេងមិនថាតាមរយៈការវិនិយោគ ឬសន្សំ គឺជាភាពជោគជ័យមួយផ្នែកទៅហើយហើយនោះក៏បានដាស់តឿនអ្នកមិនឱ្យភ្លេចពីការចាយវាយដោយមានប្រសិទ្ធិភាពផងដែរ៕