បទពិសោធន៍ពីស្រ្ដីឆ្នើមនៅអាស៊ីអាគ្នេយ៍ កញ្ញា Qing Ru-Lim និង​​​​​កញ្ញា​ Chow Paredes

កញ្ញា Qing Ru-Lim

យើង​​ប្រាកដ​ជា​ធ្លាប់​ដឹង ឮ​ហើយ​ អំពី​​ឆាត​សម្រាប់​ឆ្លើយ​ឆ្លង​សារ ទាក់​ទង​គ្នា ដែល​មាន​តាំង​តែ​ទសវត្ស​ឆ្នាំ​៩០​រហូត​ដល់​ដើម​ឆ្នាំ​២០០០ ដែល​មាន​ដូច​ជា Yahoo! Messenger MSN ហើយ​ក្រោយ​មក​ការ​វិវឌ្ឍ​ន៍បច្ចេកវិទ្យា ​កាន់​តែ​រីក​ចម្រើនក៏​មាន Apps ឆាត​​​ដូច​​ជា Viber និង​Facebook Messenger ជា​ដើម។ 

យ៉ាង​ណា​មិញយុវតី​​ដើម​កំណើត​នៅ​សឹង្ហបុរី​ គឺ​កញ្ញា Qing Ru-Lim ជា​សហស្ថាបនិក​នៃ​ Zopim ដែល​ជា​ Apps​​ ផ្តោត​សំខាន់​លើ​ការ​សម្រួល​​សារ​ទំនាក់​ទំនង​ក្នុង​វិស័យ​​សេវា​​អាជីវកម្ម​បាន​ទទួល​ជោគ​ជ័យ​ខ្លាំង រហូត​ក្លាយ​ជា​សេដ្ឋី​ទាំង​នៅ​វ័យ​ក្មេង​​ទៀត​ផង​។ 

​​​​​

បទ​ពិសោធ​ខ្លះ​ៗ​ពី​កញ្ញា​ Qing Ru-Lim

ជា​​និស្សិត​​ផ្នែក​ទស្សនវិជ្ជា​នៃ​សាកលវិទ្យាល័យ​ជាតិ​សឹង្ហបុរី​ ប៉ុន្តែ​ក្តី​ស្រមៃ​​​​យុវតីQing Ru-Lim ពុំ​​មាន​បំណង​ចូល​បម្រើ​ការ​ងារ​​ជា​មន្រ្តី​​រដ្ឋ​នោះ​ទេ តែ​​ចំណេះ​ដឹង​របស់​យុវតី​សឹង្ហបុរី​រូប​នេះ បាន​អនុវត្ត​ជោគ​ជ័យ​ទៅ​លើ​វិស័យ​​អាជីវកម្ម​ឯកជន។ ក្រោយ​ពេល​ Lim បាន​ជួប​វិស្វករ​​៤​រូប ដែល​ជា​អ្នក​អភិវឌ្ឍ​ គំនិត​នៃ​ Apps ឆាត Zopim ​ Lim ត្រូវ​បាន​វិស្វករ​សឹង្ហបុរី​ទាំង​៤​រូបនោះ អនុញ្ញាត​ឱ្យ​​ក្លាយ​ជា​សមាជិក​នៃ​​សហស្ថាបនិក​ Zopim។ ដោយ​សារ​ភាព​វៃ​ឆ្លាត និង​​ភាព​​ក្លាហាន​​ក្នុង​ការ​​និយាយ​​ជា​សាធារណៈ Lim ត្រូវ​បាន​ជ្រើស​ជា​តំណាង Zopim ទៅ​ជួប​​ក្រុម​អ្នក​វិនិយោគ​នៅ Silicon Valley ដែល​ជាបណ្តុំ​អ្នក​វិនិយោគ​​លើ​បច្ចេកវិទ្យាហើយ​ទទួល​លទ្ធ​ផល​យ៉ាង​ជោគ​ជ័យ​។ 

យ៉ាង​ណា​មិញដំណើរ​ផ្លូវ​​ក្នុង​នាម​ជា​សហគ្រិន​នៅ​​​​វ័យ​ក្មេង ពុំ​ងាយ​ស្រួល​ឡើយដោយ​​​ក្រុម​របស់ Lim និង​វិស្វករ​ទាំង​៤ ត្រូវ​ធ្វើ​ការ​​ក្នុង​រយៈ​ពេល​៧​ឆ្នាំ​​ ដើម្បី​អភិវឌ្ឍ​កម្មវិធី​​ឆាត Zopimជា​បន្ត​បន្ទាប់ ដោយមានប្រាក់ខែត្រឹម៥០០ដុល្លារ​។ លទ្ធផល​ពី​​ការ​ប្រឹង​ប្រែង ការ​​ព្យាយាម៧ឆ្នាំ បាន​ហុច​ផល​​ នៅ​ពេល​ដែល​​​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​​អាមេរិក បាន​ទិញ​ Appsនេះ ​ក្នុង​​តម្លៃ​​ជាង​៣០​លាន​ដុល្លារហើយ​បាន​ធ្វើ​ឱ្យ​សហគ្រិន​សឹង្ហបុរី​ទាំង​៥​នាក់​ ក្លាយ​ជា​សេដ្ឋី​។ ដោយ​ឡែកកម្មវិធី​ Zopim បាន​ក្លាយ​ជា​ចំណែក​សំខាន់​មួយ​ក្នុង​ការ​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​វិស័យ​ទំនាក់​ទំនង​​នៃ​ការ​ផ្តល់​សេវា​​ដល់​អតិថិជន ដោយ​បាន​ផ្តល់​មុខ​ងារ​ឆ្លើយ​តប​​ទៅ​កាន់​អតិថិជន​ក្នុង​ទំនាក់​ទំនង​អាជីវកម្ម​ប្រកប​ដោយ​ប្រសិទ្ធិភាព​។

​​​​​កញ្ញា​ Chow Paredes

គ្រប់​គ្នា​អាច​គិត​ថា ការ​លក់​អចលនទ្រព្យ​ ពុំ​ចាំ​បាច់​មាន​ជំនាញ​ឬ​ភាព​ច្នៃ​ប្រឌិត​ ប៉ុន្តែ​កញ្ញា​ជន​ជាតិ​ហ្វីលីពីន Chow Paredes មាន​ទស្សនៈ​ខុស​ប្លែក​ពី​នេះ។ដោយ​​ពូកែ​ខាង​ផ្នែក​ជំនាញ​ទំនាក់​ទំនង Chow បាន​​អភិវឌ្ឍ​ខ្លួន​​​ពី​អ្នក​លក់​ធម្មតាទៅ​ជា​ម្ចាស់​ក្រុមហ៊ុន​​​​ផ្តល់​សេវា​​​លក់​អចលនទ្រព្យ​ដ៏​ជោគ​ជ័យ​នៅ​ប្រទេស​ហ្វីលីពីន។ 

បទ​ពិសោធ​ខ្លះ​ៗ​ពី​ កញ្ញា​ Chow Paredes

សហគ្រិន​វ័យ​ក្មេង​ជន​ជាតិ​ហ្វីលីពីន​រូប​នេះ មាន​​ដើម​កំណើត​ពី​គ្រួសារ​ជា​​មេធាវី ហើយ​យុវតី​រូប​នេះក៏​នៅ​បន្ត​​តាម​លំអាន​គ្រួសារ ប៉ុន្តែ​គឺ​​ផ្តោត​ទៅ​លើ​ ការ​លក់​ដែល​ជា​ចំណង់​ចំណូល​ចិត្ត​របស់​នាង​។ ដោយ​សារ​ចំណូល​ចិត្តនិង​​បាន​ប្រឡូក​មាន​បទ​ពិសោធ​ជា​អ្នក​លក់​អចលនទ្រព្យ​​ជា​ច្រើន​ឆ្នាំ កញ្ញា​ Chow បាន​ចាប់​​ផ្តើម​ដំណើរ​ការ​ក្រុមហ៊ុន​ដោយ​ខ្លួន​ឯង​នៅ​​ឆ្នាំ​២០១៣ ដែល​មាន​ឈ្មោះ​ថា Zipmatch។

Zipmatch ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ជួយ​ដល់​អ្នក​រក​ទិញ​អចលនទ្រព្យ ក៏​ដូច​ជា​វិនិយោគ​អចលនទ្រព្យបាន​ផ្តោត​សំខាន់​ទៅ​លើ​គុណភាព​សេវា​ជូន​ដល់​អតិថិជន​ ហើយ​ជា​ពិសេស​ក៏​ផ្តល់​​ភាព​ងាយ​ស្រួល​តាម​ការ​ផ្តល់​សេវា​ដល់​អតិថិជន​លើ​ផ្ទាំង​​បច្ចេកវិទ្យា​អនឡាញ (Online platform) ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​នេះ​ទទួល​ជោគ​ជ័យ​​និង​ការ​សាទរ​ពី​អតិថិជន​។

នៅ​ឆ្នាំ​២០១៥ តម្លៃ​របស់​ក្រុមហ៊ុនZipmatch បាន​កើន​ដល់​​ថ្លៃ ២.៥​លាន​ដុល្លារ​ ដែល​ធ្វើ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​វ័យ​ក្មេង​ខាង​លើ​ទទួល​ភាព​ជោគ​ជ័យ​ ហើយ​ក្នុង​នោះ​ Chow ក៏​បាន​លើក​ឡើង​ជា​គំនិត​ថា ការ​ព្យាយាម បូក​រួម​ទាំង​ភាព​វៃ​ឆ្លាត និង​ច្នៃ​ប្រឌិត ដោយ​​​ផ្តោត​​លើ​គុណភាព​សេវា​ជូន​អតិថិជន ​​គឺ​ជា​ផ្លូវ​នាំ​ទៅ​រក​​លទ្ធផល​ផ្លែ​ផ្កា​ជា​វិជ្ជមាន​​ដូច​​អ្វី​ដែល​នាង​កំពុង​ទទួល​បាន​​នេះ៕​