មកស្គាល់​​ស្រ្តី​ឆ្នើម ​​​ដើម​កំណើត​អាស៊ី​​អាគ្នេយ៍​ តស៊ូ​​ជម្រុញ​​បច្ចេកវិទ្យា​​ក្នុង​អាជីវកម្ម រហូត​​​ក្លាយ​ជា​សេដ្ឋី​

យើង​​គ្រប់​​គ្នា ប្រាកដ​ជា​មាន​​ពេល​ខ្លះ​​ធ្លាប់​​ជួប​អារម្មណ៍​​ហត់​នឿយនឹង​ការ​ប្រឹង​ប្រែង​ដើម្បី​​​​ឈាន​ទៅ​ពន្លឺ​នៃ​ភាព​​ជោគ​ជ័យ។ ក៏​ប៉ុន្តែយើង​ក៏​​នៅ​អាច​ រៀន​សូត្រ​ពី​គំរូ​​​​បុគ្គល​មួយ​ចំនួន​ដែល​នៅ​តែ​​អាច​តស៊ូ​មិន​បោះ​បង់​គោលដៅ​​ ហើយ​ខិត​ទៅ​​ដល់​ភាព​​ជោគ​ជ័យប្រកប​ដោយ​ហេតុ​ផល​ត្រឹម​ត្រូវ​ និង​ភាព​ប្រសើរ​ជាង​​មុន។ តួ​យ៉ាង​យើង​​អាច​ក្រឡេក​ទៅ​មើលបុគ្គល​ជោគ​ជ័យ​៤​រូប​​​ដែល​មក​ពី​​ប្រទេស​ក្នុង​តំបន់​អាស៊ាន​​ហើយ​សុទ្ធ​សឹង​ជា​សហគ្រិន​ស្រ្តី​​​ ដែល​ជម្នះ​​នឹង​ឧបសគ្គ​​ជុំ​វិញ​ខ្លួនប្រឡូក​ក្នុង​វិស័យ​អាជីវកម្ម​ ដោយ​ផ្សារ​ភ្ជាប់​គំនិត​ថ្មី​រួម​​​​ទាំង​បច្ចេក​វិទ្យា អភិវឌ្ឍ​​​​ និង​សម្រួល​ដល់​ការ​រស់​នៅរហូត​ទទួល​បាន​ជោគ​ជ័យ​ និង​ក្លាយ​ជា​សេដ្ឋីនី​ទាំង​នៅ​វ័យ​​ក្មេង​៖

កញ្ញា ​Esther Nguyen

ពី​មុន​មក​​មាន​ការ​ពិបាក​ច្រើន​ក្នុង​ការ​ស្វែង​រក​ ប្រភព​នៃ​ការ​​កម្សាន្ត​តាម​ប្រភេទ​​ខ្លួន​ពេញ​ចិត្ត​​​នៅ​លើ​អ៊ិនធើណេតដូច​ជា​ការ​ស្វែង​រក​បទ​ចម្រៀង​ដែល​ខ្លួន​ពេញ​ចិត្ត​ ឬ​កម្មវិធី​កម្សាន្ត​ផ្សេង​ៗ។បើ​ទោះ​ជា​រក​បាន គឺ​ត្រូវ​ប្រឈម​នឹង​​មេរោគ​លើ​អ៊ីនធើណេតឬ​តាម​រយៈ​គេហទំព័រ​លួច​លាក់​។ 

ដោយ​ឃើញ​ពី​បញ្ហា​ខាង​លើ​នេះ កញ្ញា​ Esther Nguyen បាន​ប្រែ​ក្លាយ​បញ្ហា​នោះ​ទៅ​ជា​ឱកាស​នៃ​ការ​រីក​ចម្រើន​​វិញ​

បទ​ពិសោធ​ខ្លះ​ៗ​ពី​កញ្ញា​ Esther Nguyen

Nguyen មាន​ដើម​កំណើត​​ពី​ឪពុក​ម្តាយ​​ជន​ជាតិ​វៀត​ណាមប៉ុន្តែ​​​​នាង​បាន​រស់​នៅ និង​ធំ​ធាត់​នៅ​ឯ​សហរដ្ឋអាមេរិក។ នៅ​លើ​ទឹក​ដីនិយាយ​ភាសា​អង់គ្លេស​នេះដែល​នាង​បាន​ចាប់​ផ្តើម​​ដំណើរ​ការ​អាជីវកម្ម​​​​របស់​នាង​​លើក​ដំបូង​តាម​រយៈ​ការ​លក់​ផលិតផល​​ថែ​សម្ផស្ស​នៅ​លើ​អនឡាញ​ ប៉ុន្តែ​មិន​បាន​ជោគ​ជ័យ​ឡើយ​។

ក្រោយ​ពេល​​អាជីវកម្ម​មិន​ដំណើរ​ការ​នោះនាង​ក៏​ចាប់​ផ្តើ​ម​​រក​មើល​​វិនិយោគ​ពី​វិស័យ​បច្ចេកវិទ្យា​ប៉ុន្តែ​ពេល​នោះ​ពុំ​មាន​អ្នក​វិនិយោគ​​ច្រើនឡើយ​​​ចាប់​អារម្មណ៍​ទៅ​លើ​គំនិត​នៃ​បច្ចេកវិទ្យា​។ យ៉ាង​ណា​មិញ​ពន្លឺ​នៃ​ភាព​ជោគ​ជ័យ​បាន​កើត​ឡើង​ ក្រោយ​ពេលNguyen បាន​​ដំណើរ​ការ​អាជីវកម្ម​​ដោយ​ផ្អែក​លើ​ការ​បូក​ផ្សំ​វិធី​សាស្រ្ត​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ទៅ​នឹង​ឧស្សហកម្ម​បច្ចេកវិទ្យា​។

នៅ​​​ពេល​​​​មួយ​ដែល​នាង​​សិក្សា​ពី​ទី​ផ្សារ​​នៅ​ប្រទេស​ដើម​កំណើត​របស់​ខ្លួននាង​​ក៏​បាន​ឃើញ​ពី​បញ្ហា​​ដូច​ដែល​បាន​រៀប​រាប់​ពី​ខាង​លើ។ ដូច​នេះ Nguyenបាន​​ផ្តើម​គំនិត​​ដំណើរ​ការ​ ​Pops Worldwide ដែល​ជា​ក្រុមហ៊ុន​ផ្តល់​នូវ​​​មាតិកា​​កម្សាន្ត​​ដ៏​សំបូរ​បែបនិង​ជា​លក្ខណៈ​ក្នុង​តំបន់​ ទៅ​ដល់​មនុស្ស​គ្រប់​វ័យ​ រាប់​តាំង​ពី​ចម្រៀង​និង​វីដេអូ​កម្សាន្ត​ដល់​កុមារ​។

ដោយ​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន Nguyenបាន​សម្រេច​​ចិត្ត​ទៅ​ប្រទេស​កំណើត​ខ្លួន​វិញ (វៀតណាម) ដើម្បី​ជម្រុញ​​ដំណើរ​អាជីវកម្ម​បើ​ទោះ​ជា​មាន​ការ​​ជំទាស់​ខ្លះ​ពី​​ឪពុក​ម្តាយ​នាង​។ យ៉ាង​ណា​មិញ មក​ទល់​ពេល​នេះក្រុមហ៊ុន Pops Worldwide បាន​ក្លាយ​​ជា​ម្ចាស់​​ដែល​​ចែក​ចាយ​សិទ្ធិ​ផ្សាយ​​បន្ត​​នូវ​ចម្រៀង​៩០​%ក្នុង​ប្រទេស​វៀតណាម​ ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​នេះទទួល​បាន​ជោគ​ជ័យ​ខ្លាំង​ក្នុង​​កម្រិត​ប្រទេស​ក្នុង​តំបន់​។

ជា​គំនិត​ពី Nguyen បាន​បង្ហាញ​ថាអ្នក​ពុំ​ចាំ​បាច់​ត្រូវ​តែ​បង្កើត​អ្វី​ដែល​ថ្មី​បំផុត​​នោះ​ទេប៉ុន្តែ​ការ​លាយ​​គំនិត​បញ្ចូល​គ្នា​ព្រម​ទាំង​សម​ស្រប​ទៅ​នឹង​​កាលៈទេសៈ​នៃ​បញ្ហា​ គឺ​ជា​ឱកាស​​ដែល​យើង​អា​ច​ចាប់​យកនិង​ក្លាយ​ជា​ភាព​ជោគ​ជ័យ​។

​​​​​​​កញ្ញា Sylvia Yin

ការ​លក់​ផលិត​ផល​លើ​អនឡាញ​ កើត​មាន​ច្រើនហើយ​បណ្តា​វិបសាយ​លក់​ទំនិញ​អន​ឡាញ​​​​ធំ​ៗ​ មាន​ដូច​ជា Amazon វិបសាយ​ eBay ឬ​ Alibaba ដែល​​កើត​មាន​សំនួរ​​ជា​ច្រើន​ថាតើ​បង្កើត​​អាជីវកម្ម​​ក្នុង​វិស័យ​នេះ នឹង​ជោគជ័យ​ដែរ​ទេ?

ប៉ុន្តែ​​ជា​មួយ​បញ្ហា​​នេះ សហស្ថាបនិក​នៃ App Shoppr គឺ​ Sylvia Lin ជន​ជាតិ​ម៉ាឡេស៊ី បាន​​ប្រែ​បញ្ហា​នោះ​ទៅ​​ជា​រឿង​ជោគ​ជ័យ​ទៅ​វិញ​។

បទ​ពិសោធ​ខ្លះ​ៗ​ពី​ កញ្ញា​ Sylvia Lin

ជំនួស​ឱ្យ​​​ការ​ដែល​ត្រូវ​ស្វែង​រក​ទិញ​ទំនិញ​​ប្រភេទ​ផ្សេង​ៗតាម​រយៈ​​ការ​បើក​ Apps និង​តាម​វិបសាយ​លក់​ទំនិញ​ជា​ច្រើន កញ្ញា Sylvia និង​សហការី​របស់​ខ្លួន​ បាន​អភិវឌ្ឍ​ចេញ​ជា​កម្មវិធី​ (App)Shoppr ដែល​​ឱ្យ​​ភាព​ងាយ​ស្រួល​ដល់​អ្នក​ស្វែង​រក​ទិញ​​មុខ​ទំនិញ​គ្រប់​ប្រភេទដោយ​​លឿន​រហ័ស និង​មាន​​ភាព​ងាយ​ស្រួល​។ ភាព​ងាយ​ស្រួល​នោះ គឺ Shoppr មាន​លក្ខណៈ​សម្រួល​ដល់​អ្នក​ស្វែង​រក​ទំនិញ តាម​រយៈ​ការ​បញ្ចេញ​លទ្ធផលដោយ​ផ្អែក​លើ​ការ​ស្វែង​រក​ពី​មុន​ៗនិង​ព័ត៌មាន​ពី​ទំនោរ​ចូល​ចិត្ត​​​​​​របស់​អ្នក​ស្វែង​រក​ទិញ​ទំនិញដូច​នេះ​ហើយ​ធ្វើ​ឱ្យ​ការ​ស្វែង​រក​មាន​ភាព​រហ័សនិង​​ទទួល​បាន​លទ្ធផល​​​ចំ​តម្រូវ​ការ​អ្នក​ស្វែង​រក​ទំនិញ​។ ហើយ​នោះ បាន​ធ្វើ​ឱ្យសហគ្រិន​​​ស្រ្តី​ម៉ាឡេស៊ី​រូប​នេះ ទទួល​បាន​ជោគ​ជ័យ​៕