ការសិក្សានៅសាលាតែមួយមុខ គឺមិនទាន់គ្រប់គ្រាន់ទេសម្រាប់សិស្សានុសិស្ស ដោយចាំបាច់ត្រូវគួបផ្សំជាមួយការរៀនដោយខ្លួនឯងនៅផ្ទះ ធ្វើលំហាត់ និងរំលឹកមេរៀន ដើម្បីក្រេបយកចំណេះដឹងបន្ថែម ក្រៅពីការសិក្សានៅសាលារៀនជាមួយគ្រូ។
ចូលទំព័រស្វែងរកការងារ របស់ក្រមា សូមចុចទីនេះ
ជាក់ស្តែងក្នុងរយៈពេលប្រទេសកម្ពុជាប្រឈមនូវការរីករាលដាលនៃជំងឺកូវីង១៩ ក្រសួងអប់រំ យុវជន និងកីឡាបានផ្អាកការសិក្សារបស់សិស្សានុសិស្ស ដើម្បីជាការការពារនូវជំងឺឆ្លងដ៏កាចសាហាវមួយនេះ ដូច្នេះហើយធ្វើឲ្យសិស្សទាំងអស់មានពេលទំនេរច្រើនក្នុងការសិក្សាខ្លួនឯងបន្ថែម។
ជាមួយនឹងការសម្រាកពីការសិក្សានៅសាលា យុវជន មុន្នី ប៊ុនថុង អតីតសិស្សនិទ្ទេសA ឆ្នាំសិក្សា២០១៨-២០១៩ បានចែករំលែកនូវគន្លឹះខ្លះៗថា ក្នុងការសិក្សា ទោះបីជាមិនបានទៅរៀននៅសាលារៀនពិតមែន តែដើម្បីជាផលចំណេញ សិស្សអាចរៀននៅផ្ទះដោយខ្លួនឯង ហើយវាអាចជួយការសិក្សាបានល្អប្រសើរ និងទទួលបានភាពជោគជ័យ។
យុវជនខាងលើថា សិស្សត្រូវបែងចែកពេលវេលាឲ្យបានល្អ និងជ្រើសរើសមុខវិជ្ជាណាដែលខ្លួនចង់រៀន ជាពិសេសមេរៀនណាដែលខ្លួននៅស្រពិចស្រពិលពុំសូវច្បាស់ ដើម្បីស្វែងយល់ និងអភិវឌ្ឍចំណេះដឹងនោះបន្ថែមទៀត។
អតីតសិស្សនិទ្ទេសAរូបនេះ៖ « ត្រូវកំណត់ពេលវេលារៀនឲ្យបានច្បាស់លាស់ និងរើសយកមុខវិជ្ជាណាដែលយើងចង់រៀន ឬក៏យកមុខវិទ្យាណាដែលយើងខ្សោយ ព្រោះយើងមានពេលទំនេរច្រើនដើម្បីយល់ដឹងពីវា »។
យុវជនដដែលបន្ថែមថា ដើម្បីឲ្យមានភាពងាយស្រួលក្នុងការសិក្សាដោយខ្លួនឯង សិស្សម្នាក់ត្រូវរៀបចំឯកសារផ្សេងៗដូចជាអាត្រាកំណែ និងសៀវភៅពុម្ព ជាដើមជាពិសេសសម្ភារៈដែលចាំបាច់ដូចជាបន្ទាត់ ខ្មៅដៃ និងសម្ភារៈដទៃទៀតអោយមានសព្វគ្រប់និងទុកដាក់មួយកន្លែង ជៀសវាងពេលត្រូវការ តែពិបាកនឹងរក។
ប៊ុនថុងបញ្ជាក់ថា៖ « យើងត្រូវប្រមូលឯកសារដែលយើងត្រូវរៀននិងសម្ភារៈផ្សេងៗ ដាក់មួយដុំដោយមិនអាចខ្វះមួយណាបានទេ ព្រោះវាសំខាន់សម្រាប់យើងមិនចាំបាច់រត់ទៅរកសម្ភារៈផ្សេងៗទេវាធ្វើឲ្យខាតពេល »។
អតីតសិស្សវិទ្យាល័យពោធិ៍សាត់រូបនេះបន្តថា បរិយាកាសក៏ជាកត្តាមួយយ៉ាងសំខាន់ដែរ ហេតុនេះហើយសិស្សត្រូវរើសយកទីតាំងណាដែលមានល្អមានខ្យល់បរិសុទ្ធពោលគឺក្រោមដើមឈឺ ឬកន្លែងផ្សេងៗទៀតមិនមែនរៀននៅតែក្នុងផ្ទះរហូតនោះទេព្រោះវាអាចធ្វើឲ្យធុញថប់ និងមានអារម្មណ៍ថានឿយហត់។
មុន្នី ប៊ុនថុងថា៖« យើងត្រូវរើសទីតាំងដែលមានបរិយាកាសល្អធ្វើឲ្យអារម្មណ៍ធូរស្បើយទោះបីជាយើងមិនបានទៅក្រៅផ្ទះពិតមែនតែបរិយាកាសធ្វើឲ្យយើងធូរស្បើយភាពតានតឹង »។ សិស្សនិទ្ទសAរូបនេះបញ្ជាក់ថា ទោះបីជាយើងមិនបានទៅរៀននៅសាលាមែនពិតតែយើងបានបង្កើនចំណេះដឹងនិងអារម្មណ៍ស្រស់ស្រាយថែមទៀត « បិទសាលាតែអត់បិទចំណេះដឹងទេ »៕