សម្ភារៈជំនួយដល់ការហាត់ប្រាណ Foam Roller ឬ Foam Rolling ឬអាចហៅថា ជាដុំជ័ររមូរសម្រាប់ដាក់រាងកាយពីលើ និងរុញធ្វើលំហាត់ប្រាណ ជាទំនោរថ្មីសម្រាប់យុវវ័យនិងមនុស្សចាស់ ជួយដល់ការហាត់ប្រាណ។ សម្រាប់សម្ភារៈមួយនេះ បានផ្តល់ប្រយោជន៍មួយចំនួនដល់រាងកាយ ពិសេសជួយសម្រាលដល់សាច់ដុំនិងសន្លាក់បានច្រើន ថែមទាំងជួយកម្តៅសាច់ដុំបត់បែនបានល្អមុនពេលហាត់ប្រាណ ប៉ុន្តែទន្ទឹមនឹងនោះអ្នកក៏គួរយល់ដឹងនូវហានិភ័យខ្លះ អាចកើតឡើងផងដែរប្រសិនបើយើងមិនបានស្វែងយល់ពីសម្ភារៈនេះបានត្រឹមត្រូវ៖
ចូលទំព័រស្វែងរកការងារ របស់ក្រមា សូមចុចទីនេះ
១.ជួយបន្ថយការឈឺចាប់សាច់ដុំ
Foam Roller អាចកាត់បន្ថយការឈឺចុកចាប់សាច់ដុំនិងបន្ថយអាការៈរលាកសាច់ដុំ។ ការហាត់លើសម្ភារៈនេះ រយៈពេល ២០នាទីក្រោយការហាត់ប្រាណ នឹងទទួលបានផលប្រយោជន៍នេះ។
២.បង្កើនចលនាដល់រាងកាយបត់បែនបានល្អ
ការធ្វើចលនាលើFoam Rolling នឹងអាចបង្កើនចលនាបត់បែនបានល្អទៅលើរាងកាយ។ តាមការសិក្សាមួយ ទៅលើអត្តពលិកកីឡាករ វ័យជំទង់១១នាក់នៅពេលដែលពួកគេហាត់កីឡា បូកផ្សំនឹងការប្រើសម្ភារៈនេះជំនួយដល់ការកម្តៅសាច់ដុំនិងពត់ពែនខ្លួនឃើញថាបានជួយពួកពង្រីកសមត្ថភាពច្រើន លើភាពទន់ភ្លន់នៃរាងកាយរបស់ពួកគេ។
៣.ជួយសម្រកខ្លាញ់ផ្នែកភ្លៅខាងក្រោយ និងខ្លាញ់ត្រង់គូថ
បន្ថែមពីសកម្មភាពសកម្មក្នុងជីវិតប្រចាំថ្ងៃ ព្រមទាំងទម្លាប់ញ៉ាំអាហារល្អសមល្មមសម្រាប់សុខភាព បូករួមទាំងការហាត់រុញ Foam Rolling លើផ្នែកភ្លៅខាងក្រោយនិងគូថ អាចជួយសម្រកខ្លាញ់ត្រង់បរិវេណនោះបាន។
៤.ជួយសម្រាលភាពឈឺខ្នង
អត្ថប្រយោជន៍មួយទៀតនៃការហាត់លើ Foam Rolling គឺការបន្ថយសម្ពាធតានតឹងនៃផ្នែកខ្នង ប៉ុន្តែត្រូវចាំថា វាអាចបង្កឱ្យឈឺចាប់ខ្នងវិញ បើអ្នកប្រើពុំត្រឹមត្រូវពោលគឺប្រើបានសម្រាប់ចលនាស្របនឹងឆ្អឹងខ្នង ពុំអាចប្រើផ្ទុយ (ទទឹងឆ្អឹងខ្នង)អាចបង្កជាការឈឺចាប់ទៅវិញ។
៥.សម្រួលភាពតានតឹងទាំងអារម្មណ៍ និងសាច់ដុំ
តាមការសិក្សាទៅលើយុវវ័យជំទង់ ប្រមាណ៦៦នាក់នៅក្រោយពេលពួកគេទម្លាប់ហាត់លើ Foam Rolling រយៈពេល ២០សប្តាហ៍ ពួកគេបានប្រាប់ថាស្ថានភាពរាងកាយពួកគេបានប្រសើរ ពោលគឺការឈឺចាប់សាច់ដុំបានធូរ ព្រមទាំងអារម្មណ៍តានតឹងបានធូរស្បើយ នៅពេលហាត់លើសម្ភារៈនោះ។
ចំណាំ៖គួររំលឹកដែរថា សម្ភារៈនេះអាចប្រើសម្រាប់បន្ធូរបន្ថយភាពឈឺចាប់សាច់ដុំ និងការកម្តៅសាច់ដុំ។យ៉ាងណាមិញ ចំណុចមួយចំនួនគួរចៀសវាងគឺការប្រើសម្ភារៈនេះនៅពេលអ្នកមានរបួសសាច់ដុំធ្ងន់ធ្ងរឬប្រើរុញលើសន្លាក់ឆ្អឹងតូចៗ ដូចជាជង្គង់ កែង និងកជើងដែលត្រូវចៀសវាង។ បន្ថែមពីនោះ ស្ត្រីមានផ្ទៃពោះគួរគប្បីចៀសវាងផងដែរ៕