បច្ចុប្បន្ននេះ ពិភពលោកចាប់ផ្តើមមើលឃើញពីតម្លៃនៃភាពស្មើគ្នារវាងបុរសនិងស្ត្រី តែទោះជាយ៉ាងនេះក្តីនៅកម្ពុជាយើងមានគ្រួសារជាច្រើននៅតែយល់ឃើញថា ជំនាញមួយចំនួនមិនមែនសម្រាប់កូនស្រីនោះទេ។ ជាក់ស្តែង ជំនាញបច្ចេកវិទ្យា មិនសូវត្រូវបានគេលើកទឹកចិត្តឱ្យកូនស្រីសិក្សានោះទេ ព្រោះបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) ត្រូវបានមនុស្សជាច្រើនយល់ថា ជាការងារមនុស្សប្រុសឬសម្រាប់តែបុរសជាដើម។
ចូលទំព័រស្វែងរកការងារ របស់ក្រមា សូមចុចទីនេះ
ពាក់ព័ន្ធនឹងបញ្ហានេះកញ្ញា ហេង សុវណ្ណមុនីនុត និស្សិតទទួលពានរង្វាន់ជាច្រើនពីបរទេសផ្នែកបច្ចេកវិទ្យាបានលើកឡើងថា ជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យាត្រូវបានមនុស្សជាច្រើនយល់ឃើញថា វាជាជំនាញសម្រាប់មនុស្សប្រុស ព្រោះភាគច្រើនមនុស្សប្រុសសិក្សាផ្នែកនេះហើយ គេកម្រឃើញមនុស្សស្រីណាចាប់អារម្មណ៍លើផ្នែកនេះណាស់។ទោះជាយ៉ាងនេះក្តីកញ្ញាបកស្រាយមកវិញថា តាមពិតទៅជំនាញនេះមិនមែនសម្រាប់តែមនុស្សប្រុសដូចការគិតរបស់អ្នកគ្រប់គ្នានោះទេ ហើយគ្មានមុខវិជ្ជាណាដែលគេហាមមិនឱ្យមនុស្សស្រីរៀនដែរ គ្រាន់តែមុខវិជ្ជាមួយចំនួន មនុស្សក្នុងសង្គម គេបែងចែកថាសម្រាប់ប្រុស ឬសម្រាប់ស្រីតែប៉ុណ្ណោះ។
កញ្ញា ហេង សុវណ្ណមុនីនុត បាននិយាយថា៖ «ឥឡូវនេះមនុស្សគ្រប់គ្នាគេគិតពីសមភាពយេនឌ័រ ហេតុនេះមនុស្សប្រុស និងមនុស្សស្រី មានសិទ្ធស្មើគ្នាក្នុងការសិក្សាគ្រប់មុខវិជ្ជា ដោយគ្មានការបែងចែកនោះទេរួមទាំងជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT)»។