លោក សឿន រដ្ឋា លើកឡើងពី គុណសម្បត្តិនិងគុណវិបត្តិ នៃការជ្រើសរើសក្រុមហ៊ុនសាងសង់គ្មានវិញ្ញាបនបត្រ

ភ្នំពេញ ៖ អ្នកជំនាញនៅក្នុងវិស័យសាងសង់សំណង់នៅកម្ពុជា បានបង្ហាញពីក្ដីបារម្ភទៅនឹងការសម្រេចចិត្តរបស់ម្ចាស់គម្រោងសំណង់មួយចំនួន ដែលនៅតែមានទំនោរចិត្តផ្តល់គម្រោងសាងសង់ ទៅឱ្យក្រុមអ្នកម៉ៅការដែលគ្មានវិញ្ញាបនបត្របញ្ជាក់ពីស្ថាប័នជំនាញ ដែលប្រឈមទៅនឹងគុណវិបត្តិច្រើនជាងគុណសម្បត្តិ ជាពិសេសពាក់ព័ន្ធទៅនឹងសុវត្ថិភាពសំណង់ទាំងស្រុង។ 

ចូលទំព័រស្វែងរកការងារ របស់ក្រមា សូមចុចទីនេះ

លោក សឿន រដ្ឋា អគ្គនាយកក្រុមហ៊ុនជំនាញសិក្សាគម្រោងគ្រឿងបង្គុំសំណង់ និងប្រឹក្សាសាងសង់សំណង់នៅកម្ពុជា F.D.C Construction Co.,Ltd បានលើកឡើងថា ទោះជាមានការផ្សព្វផ្សាយ និងលើកទឹកចិត្តពីសំណាក់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់យ៉ាងណាក៏ដោយ បច្ចុប្បន្ន ម្ចាស់គម្រោងមួយចំនួន (ភាគច្រើនម្ចាស់គម្រោងក្នុងស្រុក) នៅតែផ្តល់គម្រោងសាងសង់ទៅឱ្យក្រុមអ្នកម៉ៅការដែលគ្មានវិញ្ញាបនបត្រ ដែលទទួលស្គាល់ពីស្ថាប័នជំនាញដដែល។ 

លោក សឿន រដ្ឋា បានមានប្រសាសន៍ថា “វាជាបញ្ហាមួយសម្រាប់ពួកគាត់ដែលជាម្ចាស់ទៅថ្ងៃអនាគត ជាពិសេសពាក់ព័ន្ធទៅនឹងគុណភាព និងសុវត្ថិភាពរបស់សំណង់ទាំងស្រុងតែម្ដង”។ លោកថា “យើងទទួលស្គាល់ថា ការប្រគល់ឱ្យក្រុមអ្នកម៉ៅការសាងសង់ដែលមិនមានការចុះបញ្ជី គឺចំណាយតិចជាងការជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់ដែលមានការចុះបញ្ជី ប៉ុន្តែត្រង់ចំណុចនេះ ម្ចាស់គម្រោងគម្បីពិចារណាទៅលើភាពយូរអង្វែង និងសុខសុវត្ថិភាពនៃគម្រោងសំណង់របស់ពួកគាត់”។

តាមការកត់សម្គាល់ ភាគច្រើនគម្រោងដែលប្រគល់ឱ្យក្រុមអ្នកម៉ៅការសាងសង់ ជាគម្រោងលំនៅដ្ឋាន ឬគម្រោងអាគារពាណិជ្ជកម្មខ្នាតតូច ឬក្រោមមធ្យម ដែលក្រៅពីចំណាយតិចសម្រាប់ថ្លៃឈ្នួលសាងសង់ ម្ចាស់គម្រោងអាចមិនទុកចិត្តទៅលើខ្ទង់ចំណាយលើថ្លៃសម្ភារៈសាងសង់ដែលចេញដោយក្រុមម៉ៅការស្របច្បាប់ ហើយយកមកគ្រប់គ្រងលើការផ្គត់ផ្គង់ដោយខ្លួនឯង ម៉្យាងទៀតពួកគាត់ក៏អាចកែតម្រូវប្លង់រចនាផ្សេងៗតាមចំណង់ចិត្ត ទោះជាខុសពីទម្រង់ប្លង់ដើមក៏ដោយ។ 

អគ្គនាយកក្រុមហ៊ុន សំណង់ F.D.C Construction Co.,Ltd លោក សឿន រដ្ឋា បានបញ្ជាក់ថា “ការប្រគល់គម្រោងទៅឱ្យក្រុមហ៊ុនសាងសងស្របច្បាប់ ពួកគាត់ត្រូវចំណាយច្រើន ប៉ុន្តែអ្វីដែលទទួលបានត្រឡប់មកវិញ គឺគុណភាពសំណង់ដែលធានាបាននូវកម្រិតស្ដង់ដា និងស្របទៅតាមប្លង់ដើមទាំងស្រុង។ ម្ចាស់គម្រោងដែលឆ្លាតវៃ គឺពួកគេប្រគល់គម្រោងទាំងស្រុងទៅឱ្យក្រុមហ៊ុនជំនាញសាងសង់ ដោយកំណត់នូវពេលវេលាបញ្ចប់ការសាងសង់ជាក់លាក់ ធានាបាននូវគុណភាពដោយមានកិច្ចសន្យាស្របច្បាប់"។

លោកបន្តថា "ប្រសិនបើម្ចាស់គម្រោងជាអ្នកជំនួញទៀតសោត ពួកគេមិនចង់ពេលវេលាដ៏មានតម្លៃមកចំណាយទៅលើការឃ្លាំមើលការសាងសង់នោះទេ។ គេចំណាយថវិកាជួលអ្នកជំនាញឱ្យគ្រប់គ្រងជំនួស ហើយយកពេលដ៏មានតម្លៃទៅធ្វើជំនួញរបស់ពួកគេដែលអាចទទួលបានចំណូលច្រើនជាងការចំណាយ។ នេះជាទង្វើរបស់ម្ចាស់គម្រោងដែលឆ្លាតវៃ”៕