ភ្នំពេញ៖ សហរដ្ឋអាមេរិក តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា បានបង្ហាញពីការតាំងចិត្ត និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រលើការអភិវឌ្ឍតំបន់ប្រេងកាតរួមគ្នារវាងកម្ពុជា-ថៃ និងកិច្ចប្រតិបត្តិការវិនិយោគលើវិស័យប្រេងកាតជាច្រើនផ្សេងទៀតនៅកម្ពុជា។
ចូលទំព័រស្វែងរកការងារ របស់ក្រមា សូមចុចទីនេះ
ការប្តេជ្ញារនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាការងារកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ រវាងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ASEAN Business Council) ដោយមានការចូលរួមពីតំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងក្រុមហ៊ុនវិនិយោគធំៗរបស់សហរដ្ឋអាមេរិកជាច្រើន។
ក្រុមហ៊ុនអាមេរិកធំៗទាំងនោះរួមមានក្រុមហ៊ុន Chevron ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន Amazon ក្រុមហ៊ុន Bell Texton ក្រុមហ៊ុន Ford ក្រុមហ៊ុន Visa ជាដើម។ កិច្ចពិភាក្សានេះបានផ្តោតលើប្រធានបទសំខាន់ៗចំនួន ៥ រួមមាន៖
១. ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់អាមេរិក ដើម្បីជំរុញការអភិវឌ្ឍតំបន់ប្រេងកាតរួមគ្នារវាងកម្ពុជា និងថៃ
២. ឱកាសនៃការវិនិយោគប្រេង ឧស្ម័នធម្មជាតិ និងថាមពលកកើតឡើងវិញរបស់ក្រុមហ៊ុនអាមេរិក នៅកម្ពុជា
៣. ឱកាសពាណិជ្ជកម្មនៃការនាំចូលគ្រឿងបង្គំ និងគ្រឿងបរិក្ខារបស់ក្រុមហ៊ុនអាមេរិក សម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនីនៅកម្ពុជា
៤. ការស្វែងយល់អំពីវឌ្ឍនភាពនិងផែនការអភិវឌ្ឍថាមពលនៅកម្ពុជា ក្រោយការរងផលប៉ះពាល់ជំងឺ Covid-19
៥. ជំនួយបច្ចេកទេស និងប្រឹក្សាយោបល់របស់អាមេរិក ដើម្បីបន្តអភិឌ្ឍន៍វិស័យក្រសួង
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបង្ហាញអំពីជំហគាំទ្រដល់ក្រុមហ៊ុនអាមេរិកទាំងអស់មកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើន ដើម្បីបន្តលើកស្ទួយ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចំរើនបន្ថែមទៀត៕