ស្វែង​យល់​ខ្លះ​ៗ​ពី​​ប្រវត្តិ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ក្នុង​ទិវា​​​រំលឹក​ខួប​​២៧​​ឆ្នាំ​​ នៃ​ការ​ប្រកាស​ឱ្យ​ប្រើ​​រដ្ឋធម្មនុញ្ញ​​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រកម្ពុជា (រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣)គិត​មក​ត្រឹម​ថ្ងៃ​ទី​២៤ កញ្ញា​ ឆ្នាំ​២០២០​នេះគឺ​មាន​អាយុ​​​២៧​ឆ្នាំ​​ហើយ​ដោយ​​គិត​ចាប់​តាំង​ពី​ថ្ងៃ​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​នា​ថ្ងៃ​ទី​២៤​ កញ្ញា​ឆ្នាំ​១៩៩៣​ មក។ ដើម្បី​អបអរ​សាទរ​នៅ​ក្នុង​ទិវា​​រំលឹក​ខួប​​២៧​​ឆ្នាំ​នៃ​​​ការ​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​​ ដែល​ជា​ច្បាប់​កំពូល​​របស់​កម្ពុជា​ក្រមា​ប៉ុស្ត៍ ក៏សូម​លើក​ឡើង​ពី​​ចំណុច​ខ្លះ​ៗ​ នៃ​​ប្រវត្តិ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣សម្រាប់​ប្រិយមិត្ត​ អាច​ស្វែង​យល់​​ជា​ចំណេះ​ដឹង​បន្ថែម ដូច​ខាង​​ក្រោម​​នេះ​៖​​​​

រដ្ឋ​ធម្មនុញ្ញ​​​ឆ្នាំ​១៩៩៣​ ឬ​រដ្ឋ​ធម្មនុញ្ញ​​ដែល​​ព្រះរាជាណាចក្រ​កម្ពុជា​​កំពុង​និង​ប្រើ​ប្រាស់​នា​ពេល​បច្ចុប្បន្ន​នេះ បាន​កើត​ឡើង​ជា​ថ្មី​បន្ទាប់​ពី​សង្គ្រាម​ដ៏​រ៉ាំ​រៃ​ជា​ច្រើន​ទសវត្ស​ ត្រូវ​បាន​បញ្ចប់​ក្រោម​ជំនួប​​កិច្ច​ចរចា​​ស្វែង​រក​សន្តិភាព​​​ទី​ក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី​​២៣តុលា​ ឆ្នាំ​១៩៩១។ រដ្ឋធម្មនុញ្ញ ដែល​មាន​១៦​ជំពូក​ និង​១៥៨​មាត្រា​នេះ ត្រូវ​បាន​អនុម័ត​​​នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​១៩៩៣ ដោយ​សភា​ធម្មនុញ្ញ​​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​រៀប​ចំ​ដោយ​ អង្គការ​សហប្រជាជាតិ​ ពី​ឆ្នាំ​១៩៩៣ហើយ​ត្រូវ​បាន​អតីត​ព្រះ​មហាក្សត្រ​ នរោត្តម​ សីហនុ ព្រះ​បរមរតនកោដ្ឋប្រកាស​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ នា​ថ្ងៃ​ទី​ ២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣។ ​​

សម្រាប់​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​គឺ​ជា​រដ្ឋធម្មនុញ្ញ​ទី​៦​ហើយ ពោល​គឺ​​ចាប់​តាំង​ពី​ប្រទេស​កម្ពុជាបាន​ទទួល​យក​ប្រព័ន្ធ​ដឹក​នាំ​រដ្ឋ​បែប​ទំនើប តាម​បែប​បស្ចិម​​លោក ដែល​មាន​ការ​​ផ្តើម​បង្កើត​​រដ្ឋធម្មនុញ្ញ​​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​១៩៤៧។ប្រទេស​កម្ពុជា​ គិត​ចាប់​ពី​ឆ្នាំ​១៩៤៧​មក គឺ​មាន​រដ្ឋធម្មនុញ្ញ​ចំនួន​៦ដោយ​មាន​ការ​ផ្លាស់​ប្តូរ​រដ្ឋធម្មនុញ្ញ​ មួយ​ទៅ​រដ្ឋធម្មនុញ្ញ​មួយ​អាស្រ័យ​ទៅ​តាម​បរិបទ​នយោបាយ​របស់​ប្រទេស​ (ចាប់​ពី​ឆ្នាំ​១៩៤៧ ដល់​ឆ្នាំ​១៩៩៣) ដែល​ក្នុង​នោះ​រួម​មាន​៖

  • រដ្ឋ​ធម្មនុញ្ញ​ទី​១ត្រូវ​បាន​អនុម័ត និង​ប្រកាស​ឱ្យ​ប្រើ​ក្នុង​ឆ្នាំ​១៩៤៧ (ក្នុង​របប​ព្រះរាជាណាចក្រ​ទី​១)
  • រដ្ឋ​ធម្មនុញ្ញ​ទី​២ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​នៅ​ក្នុង​ឆ្នាំ​១៩៧២ (បន្ទាប់​ពី​​ការ​ផ្លាស់​ប្តូរ​របប)
  • រដ្ឋ​ធម្មនុញ្ញ​ទី​៣ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​នៅ​ក្នុង​ឆ្នាំ​១៩៧៦ (របប​កម្ពុជា​ប្រជាធិបតេយ្យ)
  • រដ្ឋ​ធម្មនុញ្ញ​ទី​៤ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​នៅ​ក្នុង​ឆ្នាំ​១៩៨១ (របប​សាធារណរដ្ឋប្រជាមានិតកម្ពុជា)
  • រដ្ឋ​ធម្មនុញ្ញ​ទី​៥ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​នៅ​ក្នុង​ឆ្នាំ​១៩៨៩ (របប​រដ្ឋកម្ពុជា)
  • រដ្ឋ​ធម្មនុញ្ញ​ទី​៦ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​នៅ​ក្នុង​ឆ្នាំ​១៩៩៣ (រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មក​ទល់​ពេល​បច្ចុប្បន្ន)។

ហើយ​ក៏​គួរ​កត់​សម្គាល់​​ផង​ដែរ​ថារដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ ចំនួន​៨​លើក​ហើយ​នៅ​ក្នុង​​​រដ្ឋធម្មនុញ្ញ​​​ក៏​មាន​ច្បាប់​ធម្មនុញ្ញ​បន្ថែម​ផង​ដែរ​ដែល​មាន​​ដូច​ជា​៖

  • វិសោធនកម្ម​​លើក​ទី​១ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម​ចុះ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​១៩៩៤ដើម្បី​ធ្វើ​ប្រតិភូកម្ម​ព្រះហស្ថ​​លេខា​​ព្រះមហាក្សត្រ​ជូន​ទៅ​ ប្រមុខ​រដ្ឋ​ស្តី​ទី​។
  • វិសោធនកម្ម​​លើក​ទី​២ប្រកាស​​ឱ្យ​ប្រើ​ដោយ​ព្រះរាជ​ក្រម​លេខ នស​/រកម/០៣៩៩/០១ ចុះ​ថ្ងៃ​ទី​០៨ខែ​មីនា ឆ្នាំ​១៩៩៩ ដើម្បី​បង្កើត​ស្ថាប័ន​ព្រឹទ្ធសភា​។
  • វិសោធនកម្ម​​លើក​ទី​៣ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/រកម/០៧០១/១១ ចុះ​ថ្ងៃ​ទី​២៨ខែ​កក្កដា ឆ្នាំ​២០០១ដើម្បី​ថ្វាយ​ព្រះរាជ​សិទ្ធិ​ដល់​ព្រះ​មហាក្សត្រ​ក្នុង​ការ​បង្កើត​និង​ប្រទាន​គ្រឿង​ឥស្សរិយយស​ ឬ​មេដាយ​ជាតិ​។
  • វិសោធនកម្ម​​លើក​ទី​៤ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/រកម​/០៦០៥/០១៨ចុះ​ថ្ងៃ​ទី​១៩​ ខែ​មិថុនា​ ឆ្នាំ​២០០៥ដើម្បី​កែ​សម្រួល​កូរ៉ុម​ប្រជុំ​របស់​រដ្ឋសភានិង​ព្រឹទ្ធសភា​​ដើម្បី​សម្រួល​ដល់​ដំណើរ​​ការ​រដ្ឋបាល​របស់​ស្ថាប័ន​ទាំង​ពីរ​។
  • វិសោធនកម្ម​​លើក​ទី​៥ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/រកម​/០៣០៦/០០៦ ចុះ​ថ្ងៃ​ទី​០៩ខែ​មីនា ឆ្នាំ​២០០៦ដើម្បី​កែ​សម្រួល​នីតិវិធី​​បង្កើត​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​រដ្ឋសភានិង​បង្កើត​រាជ​រដ្ឋាភិបាល​។
  • វិសោធនកម្ម​​លើក​ទី​៦ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះ​រាជក្រម​លេខ​ នស/រកម​/០២០៨​/០០៨ចុះ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ​ ឆ្នាំ​២០០៨ ដើម្បី​កែ​សម្រួល​ការ​គ្រប់​គ្រង​រដ្ឋបាល​​ដែន​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​
  • វិសោធនកម្ម​​លើក​ទី​៧ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស/រកម​/១០១៤​/០២២ចុះ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៤ដើម្បី​ផ្តល់​ឋានៈ​ជា​ស្ថាប័ន​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដល់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​។
  • វិសោធនកម្ម​​លើក​ទី​៨ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស/រកម​/០២១៨​/០០២ចុះ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨ដើម្បី​លើក​ស្ទួយ​នូវ​តម្លៃ​ជាតិ​ខ្មែរ​ក្នុង​បុព្វ​ហេតុ​ការពារ​ឯករាជ្យ​ជាតិ​អធិបតេយ្យ​​ជាតិ និង​​ឯកភាព​ជាតិ​ប្រឆាំង​​នឹង​ការ​ជ្រៀត​ជ្រែក​ពី​ខាង​ក្រៅ​។
  • ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរ​ការ​ជា​ប្រក្រតី​នៃ​ស្ថាប័នជាតិ​ត្រូវ​បាន​ប្រកាស​ឱ្យ​​ប្រើ​ដោយ​ព្រះរាជ​ក្រម​លេខ​ នស​/រកម/០៧០៤/០០១ ចុះ​ថ្ងៃ​ទី​១៣​ ខែ​កក្កដា​ ឆ្នាំ​២០០៤ដើម្បី​ធានា​ក្នុង​គ្រប់​កាលៈ​ទេសៈ​​នូវ​ដំណើរ​ការ​ល្អ​ប្រសើរ​នៃ​ស្ថាប័ន​ជាតិដោយ​គោរព​ទៅ​តាម​គោលការណ៍​ជា​មូលដ្ឋាន​ នៃ​លិទ្ធិ​ប្រជាធិបតេយ្យ​សេរីពហុបក្សសម​ស្រប​​តាម​តម្រូវ​ការ​នៃ​ភាព​ចាំ​បាច់​។

ដោយ​ឡែក អ្វី​ដែល​​គួរ​កត់​សម្គាល់​​ផង​ដែរ​នៅ​ក្នុង​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រកម្ពុជា​​នេះ គឺ​បាន​រំលេច​ពី​សារ​ដាស់​តឿនដោយ​បាន​រំលឹក​ដល់​​កូន​ខ្មែរ​ថា សង្គ្រាម​បាន​នាំ​​កម្ពុជា​ឱ្យ​អន្តរាយខ្ទេច​ខ្ទាំ​ ហើយ​​ការ​បង្កើត​រដ្ឋ​ធម្មនុញ្ញ​​ជា​ថ្មីដើម្បី​ពង្រឹង​នូវ​ការ​រួប​រួម​ជាតិ​ជា​ថ្មី​ឡើង​វិញដូច​មាន​ចែង​ក្នុង​បុព្វកថា​នៃ​រដ្ឋធម្មនុញ្ញ​​នេះ៖"យើង​ ប្រជារាស្រ្ត​ខ្មែរដែល​ធ្លាប់​មាន​អារ្យធម៌​ឧត្តុង្គ​​​ឧត្តម​ប្រទេស​ជាតិ​ស្តុក​ស្តម្ភ​ធំ​ទូ​លាយ​​ថ្កុំ​ថ្កើង​រុង​រឿង​កិត្យានុភាព​ខ្ពង់​ខ្ពស់​ ភ្លឺ​ចែង​ចាំង​ដូច​ពេជ្រ​ពណ្ណ​រាយ​បាន​ធ្លាក់​ខ្លួន​​ដ៏​សែន​រន្ធត់ ក្នុង​អំឡុង​ពីរ​ទសវត្ស​​ចុង​ក្រោយ​នេះឆ្លង​កាត់​ទុក្ខ​សោក​វិនាស​​អន្តរាយ​ទ្រុឌ​ទ្រោម​​ឱន​ថយ​​មហា​សោក​ស្តាយបាន​ភ្ញាក់​រលឹក ​ក្រោក​ឈរ​ឡើង ចង​បាច់​​ឆន្ទៈ​​មោះ​មុត ប្តូរ​ផ្តាច់​រួប​រួម​​គ្នា​ពង្រឹង​ឯកភាព​ជាតិ រក្សា​ការពារ​ ទឹក​ដី​កម្ពុជាអធិបតេយ្យ​ថ្លៃ​ថ្លា និង​អារ្យធម៌​​អង្គរ​ដ៏​បវរ​ កសាង​ប្រទេស​ជាតិ​ឱ្យ​​ទៅ​ជា "កោះ​សន្តិភាព​" ឡើង​វិញ ផ្អែក​លើ​ប្រព័ន្ធប្រជាធិបតេយ្យ​សេរីពហុបក្ស ធានា​សិទ្ធិ​មនុស្ស គោរព​ច្បាប់ ទទួល​ខុស​ត្រូវ​ខ្ពស់ចំពោះ​វាសនា​អនាគត​ជាតិ ឱ្យ​បាន​ឈាន​ឡើង​រីក​ចំរើន​​លូត​លាស់​ សម្បូរ​រុង​រឿង​ជា​និច​និរន្តរ៍​"៕

 

ប្រភព​៖