រឿងរ៉ាវពិតទាំង៧ ដែលអ្នកអាចយល់ខុស ពេលចាប់ផ្តើមអាជីវកម្ម

សហគ្រិនភាពមិនមែនសម្រាប់អ្នកកំសាកនោះទេហើយក៏មិនត្រូវមានភាពក្លាហានខ្លាំងនោះទេ ប៉ុន្តែអ្នកត្រូវការការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដោះស្រាយការជួបប្រទះថ្មីៗជា​រៀងរាល់ព្រឹក។ ដោយសារតែភាពទាក់ទាញ នៃសហគ្រិនភាពមានការកើនឡើង នោំអោយរឿងរ៉ាវជុំវិញសហគ្រិនភាពនេះក៏មានការកើនឡើងផងដែរ។

មានរឿងរ៉ាវជាច្រើន ដែលបានបង្កើតឡើងជុំវិញការចាប់ផ្តើមអាជីវកម្ម ដែលតាមធម្មតាវាមិនមែនជាការពិតនោះទេ។នេះគឹជារឿងរ៉ាវនៃសហគ្រិនភាពជាទូទៅ ទាំងប្រាំពីរ ​ស្តីពីការចាប់ផ្តើមអាជីវកម្មដែលអ្នកធ្លាប់គិត តែការពិតមិនមែនដូច្នោះ។

១.អ្នកត្រូវដឹងថា អ្នកកំពុងធ្វើអ្វី

ជាក់ស្តែង អ្នកមិនចាំបាច់ត្រូវដឹងយ៉ាងច្បាស់លាស់អំពីអ្វីដែលអ្នកកំពុងធ្វើ ដើម្បីធ្វើការចាប់ផ្តើមអាជីវកម្មនោះទេ។ពេលវេលានឹងបញ្ជាក់អំពីទង្វើទាំងនោះជាបន្តបន្ទាប់។ លោក Einstein លោក Steve Jobs និងអ្នកដទៃទៀតមិនធ្លាប់មានផែនការជាក់លាក់ សម្រាប់ដំណើរការនៅពេលខាងមុខនោះទេ - គាត់គ្រាន់តែជាគំនិតទូទៅមួយ ដែលមានអ្វីមួយនៅទីនោះ។ អ្វីដែលអ្នកត្រូវដឹងជាចាំបាច់ គឺលើរឿងរ៉ាវ ដែលទាក់ទិននឹង អ្វីដែលអ្នកកំពុងធ្វើ ដើម្បីអាចចាប់ផ្តើមអាជីវកម្មបាន។

២.អ្នកត្រូវមានផែនការអាជីវកម្មពេញលេញ

ផែនការអាជីវកម្ម ជាផែនការដែលសង្ខេបអំពីបេសកកម្មចក្ខុវិស័យ និងសកម្មភាពនានា ដែលគាំទ្រដល់ការស្វែងរកទីផ្សារ រួមជាមួយទិន្នន័យមួយចំនួន ដែល​នៅជុំវិញពីវិធីដែលអ្នកកំពុងតែវាស់វែង អំពីភាពជោគជ័យរបស់អ្នក យ៉ាងមានប្រសិទ្ធភាព ហើយអ្នក​គួរតែ​ចាប់ផ្តើមធ្វើ។

សហគ្រិនជាច្រើននាក់ ត្រូវបានទាញទម្លាក់ក្នុងភក់ជ្រាំនៃការ​ទទូចថា ពួកគេត្រូវការផែនការអាជីវកម្ម ដ៏ពេញលេញមួយ ដើម្បីចាប់ផ្តើមអាជីវកម្ម រហូតដល់ត្រូវជួលអ្នកណាម្នាក់ ដើម្បីឲ្យសរសេរផែនការនោះ។ អ្នកគ្រាន់តែសាកល្បងគិតថា តើអាជីវកម្មរបស់អ្នក អាចដំណើរការទៅបានដែរឬទេមុនពេលដែលអ្នកចាក់ទុន ទៅ​លើអាជីវកម្មនោះ។

ចូរសង្ខេបអំពីផែនការអាជីវកម្មដែលរឹងមាំតែពីរឬបីទំព័រ បន្ទាប់មកចាប់ផ្តើមដំណើរការអាជីវកម្មនោះ។ ចូរកុំធ្លាក់ទៅក្នុងអន្ទាក់នៃការជាប់គាំង នៅក្នុងការវិភាគអំពីផែនការអាជីវកម្ម។បន្ទាប់ពីដំណើរការល្អប្រសើរហើយ អ្នកអាចរៀបចំឲ្យមានស្ដង់ដារផែនការ សកម្មភាពតាមក្រោយបាន។

៣.អ្នកត្រូវចាប់ផ្តើមនៅពេលដែលត្រឹមត្រូវ

វាពិតជាខុសឆ្គង។ ពេលវេលាដ៏ត្រឹមត្រូវគឺពេលនេះ។ ជាការពិតណាស់ សហគ្រិនរាប់មិនអស់ បានចាប់ផ្តើមអាជីវកម្ម នៅពេលវេលាដែលអាក្រក់បំផុតនៅក្នុង ​ប្រវត្តិសាស្រ្តនិងនៅពេលវេលាដែលអាក្រក់បំផុត នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។ គ្មាន​អ្នកណាម្នាក់មានបំណងជ្រើសរើសពេលវេលា ដែលមានកង្វល់ខ្លាំងបែបនោះ នៅក្នុងជីវិតផ្ទាល់ខ្លួនឡើយ។

ក្រុមហ៊ុន Microsoft ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៥ក្បែរចុងបញ្ចប់នៃការធ្លាក់ចុះនៃសេដ្ឋកិច្ចហើយបន្ទាប់មកត្រូវបានបង្កើតឡើងសារជាថ្មីម្តងទៀត នៅក្នុងឆ្នាំ១៩៨១ទន្ទឹមនឹងការចាប់ផ្តើមនៃការ​ធ្លាក់ចុះ នៃសេដ្ឋកិច្ចនៅក្នុងទសវត្សឆ្នាំ១៩៨០។ ទាំងនេះគឺជាពេលវេលាដ៏អាក្រក់ពីរ ក្នុងការចាប់ផ្តើម​អាជីវកម្ម ប៉ុន្តែទាំងនេះមិនបានបញ្ឈប់ភាពជោគជ័យរបស់ Microsoft ឡើយ។

៤. អ្នកត្រូវមានប្រាក់ច្រើន ដើម្បីចាប់ផ្តើមដំបូង

អ្នកមិនចាំបាច់មានប្រាក់ជាច្រើន សម្រាប់ការចាប់ផ្តើមអាជីវកម្មឡើយ។មានអត្ថបទសរសេរពេញមួយក្បាល ដែលសរសេរដោយលោក Eric Reis ដែលលើកឡើងអំពី មូលហេតុនៃការចាប់ផ្តើមដ៏តូចតាច មានឈ្មោះថា The Lean Startup។

មានវិធីសាស្រ្តជាច្រើន ក្នុងការចាប់ផ្តើមអាជីវកម្មដោយគ្មានដើមទុនទាំងដុំៗ។ វិធីមួយក្នុង​ចំណោមវិធីដ៏ល្អបំផុត ក្នុងការបង្ហាញថាការលើកឡើងនេះគឺជារឿងមិនពិតចំពោះខ្លួនអ្នកនោះគឺ ​ការចាប់ផ្តើមធ្វើការសាកល្បងខ្នាតតូចចំពោះផលិត ឬសេវារបស់អ្នកមិនថាដោយប្រើសម្ភារៈមួយផ្នែក ឬក្នុងចំនួនតិចតួច ដើម្បីវាស់វែងអំពីកំណើននៃភាពរីកចម្រើនជាបន្តបន្ទាប់។ដើមទុនចំនួន​ច្រើន អាចជួយអ្នកឲ្យរីកចម្រើនកាន់តែលឿនប៉ុន្តែពេលខ្លះអត្រានៃភាពរីកចម្រើនយឺតៗ និងមានភាព​ទៀងទាត់ អាចជួយធ្វើឲ្យអាជីវកម្មរបស់អ្នកមានលំនឹងហើយជំហរនៃអាជីវកម្មរបស់អ្នក នឹងនៅក្បែរ​អ្នក ខណៈពេលដែលកម្រិតលម្អៀង នៃប្រាក់ចំណេញរបស់អ្នកមានការកើនឡើង។

៥. អ្នកត្រូវជួលបុគ្គលិក

ការរក្សាទុកបុគ្គលិកគឺមានតម្លៃថ្លៃត្រូវចំណាយពេលច្រើនដើម្បីគ្រប់គ្រង ហើយភាគច្រើន គឺជាចំណាយធំបំផុតនៃប្រតិបត្តិការអាជីវកម្ម។ប្រសិនបើ អ្នកអាចរក្សាអាជីវកម្មឲ្យសិ្ថតនៅក្រោម ការដឹកនាំជាចម្បងរបស់អ្នកបានកាន់តែយូរអាជីវកម្មនោះនឹងកាន់តែល្អប្រសើរ។

លើសពីនេះទៀត តាមបទពិសោធន៍របស់ខ្ញុំនៅពេលដែលអ្នកអាចចុះកិច្ចសន្យាជាមួយភ្នាក់ងារ ឬអ្នក​ធ្វើការងារឯករាជ្យនៅខាងក្រៅក្រុមហ៊ុនសម្រាប់អាជីវកម្មភាគច្រើន វាតែងតែមានភាពល្អប្រសើរឡើង​ស្ទើរតែគ្រប់ពេល។ការរក្សាខ្លួនអ្នកឲ្យរួចផុតពីចំណាយប្រតិបត្តិការលើបុគ្គលិកនៅពេលដែល​អ្នក​ចាប់ផ្តើមអាជីវកម្មមួយនឹងជួយអ្នកឲ្យទទួលបានភាពជោគជ័យ។

៦. អ្នកត្រូវធ្វើការ២៤ម៉ោងក្នុងប្រាំពីរថ្ងៃ

សហគ្រិនទំនងជាធ្វើការងារជាច្រើនម៉ោងក្នុងមួយថ្ងៃៗ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនត្រឹមតែត្រូវដឹង អំពីអត្រាចំណាយប្រចាំខែក្នុងនាមជាមម្ចាស់អាជីវកម្មមួយដែលទើបនឹងចាប់ផ្តើមប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ត្រូវតែដឹង អំពីអត្រា​ចំណាយផ្ទាល់ខ្លួនប្រចាំខែផងដែរ។

ប្រសិនបើអ្នកបង្ខំខ្លួនឯង ឲ្យស្ថិតនៅក្នុងបរិយាកាសអាប់អួរជារៀងរាល់ថ្ងៃដោយមិនរំដោះខ្លួនឯងចេញ​មកវិញទេនោះ អ្នកនឹងឈឺ និងមានសុខភាពមិនល្អ ហើយវានឹងប៉ះពាល់ដល់ភាពជោគជ័យ។

អ្នកមិនចាំបាច់ត្រូវធ្វើការ ២៤ម៉ោងក្នុងប្រាំពីរថ្ងៃ ដើម្បីដំណើរការអាជីវកម្មអោយជោគជ័យមួយនោះទេ។ខណៈពេលដែលអ្នកត្រូវខិតខំធ្វើការ ហើយច្បាស់ជាមានពេលខ្លះ ដែលអ្នកត្រូវតែប្រឹងប្រែងខ្លាំងជាដាច់ខាតដើម្បីការងារទាំងនោះ អ្នកត្រូវធ្វើឲ្យវា មានតុល្យភាពជាមួយនឹង ការទទួលទានដំណេក​បានគ្រប់គ្រាន់ ការទទួលទានចំណីអាហារឲ្យបានគ្រប់គ្រាន់ ការធ្វើលំហាត់ប្រាណច្រើនហើយនៅពេលខ្លះ​ ត្រូវមានភាពរីករាយមួយចំនួនផងដែរ។ សហគ្រិនភាពគឺជាការងារលំបាក ប៉ុន្តែវាក៏ត្រូវមានភាពរីករាយផងដែរ។

៧. អ្នកត្រូវធ្វើអ្វីៗគ្រប់យ៉ាង

នេះអាចជាជំនឿមួយ អំពីការមិនជួលបុគ្គលិកប៉ុន្តែការពិតនោះគឺថា អ្នកមិនចាំបាច់ធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងឡើយ។វាគឺជាការសំខាន់ ក្នុងការផ្ទេរសិទ្ធិ និងចុះកិច្ចសន្យា ជាមួយអ្នកធ្វើការងារខាងក្រៅចំពោះការងារនិងទំនួលខុសត្រូវប្រចាំថ្ងៃមួយចំនួន ដែលអាចរំលែកបានដូច្នេះអ្នកអាចមានចន្លោះ សម្រាប់ដកដង្ហើមម្តងម្កាល។ ការធ្វើអ្វីៗគ្រប់យ៉ាងដោយ​ខ្លួនឯងគឺជាការធ្វើឲ្យខ្លួនអស់កម្លាំង ហើយវាគឺជាកំហុសទូទៅមួយ ដែលកើតឡើង​ចំណោមសហគ្រិនថ្មីៗ៕