ធនាគារវិនិយោគ Goldman Sachs បានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមនឹងកើនឡើង ២,៧ ភាគរយនៅឆ្នាំនេះនិង ៨,១ ភាគរយនៅឆ្នាំក្រោយដោយសារការនាំចេញ។
នៅក្នុងរបាយការណ៍ម៉ាក្រូសេដ្ឋកិច្ចដំបូងបង្អស់របស់ខ្លួន បានឱ្យដឹងថា វិធានការគម្លាតសង្គមរបស់ប្រទេសវៀតណាម ក្នុងវិបត្តិកូវិដ១៩ បានធ្វើឱ្យចំនួនការងារថយចុះនិងបណ្តាលឱ្យកំណើនផលិតផលក្នុងស្រុកសរុប ធ្លាក់ចុះដល់កម្រិតទាបជាប្រវត្តិសាស្ត្រជិត ០,៤ ភាគរយនៅក្នុងត្រីមាសទី ២ ។
ប៉ុន្តែសេដ្ឋកិច្ចបានបង្ហាញសញ្ញាថា នឹងឈានដល់ដំណាក់កាលងើបឡើងវិញ នៅត្រីមាសទី ៣ ដោយសារការវិនិយោគសាធារណៈ ការលក់រាយនិងការនាំចេញ។
នេះនឹងបណ្តាលឱ្យមានកំណើន ២,៧ ភាគរយនៅឆ្នាំនេះ ខ្ពស់ជាងការព្យាករណ៍ ១,៨ ភាគរយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនាពេលថ្មីៗនេះ។ ធនាគារទាំងពីរព្យាករថា អតិផរណានឹងស្ថិតនៅក្រោម ៤ ភាគរយ។
របាយការណ៍នេះបាននិយាយថា កំណើនសេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៨,១ ភាគរយនៅឆ្នាំក្រោយដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៩៧ ដែលជំរុញដោយការនាំចេញ ដោយសារកម្លាំងពលកម្មថោករបស់ប្រទេស។
ថ្លៃដើមពលកម្មនៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសវៀតណាម គឺហាណូយនិងហូជីមិញ គឺមានចំនួនទាបត្រឹម ១៩០ ដុល្លារក្នុងមួយខែ បើប្រៀបធៀបនឹង ៣៦០ ដុល្លារក្នុងទីក្រុងសៀងហៃប្រទេសចិន ហើយនេះគួរទាក់ទាញចំនួនអ្នកកាត់ដេរស្បែកជើង និងកាបូបដៃ ដែលកំពុងកើនឡើងចាកចេញពីប្រទេសចិន៕