កញ្ញា ថូង ធីតា គឺជាសហគ្រិនស្រ្តីឆ្នើម នៃសហគ្រាសផលិតអំបិលធម្មជាតិ ក្នុងខេត្តកំពត ថូង អ៊ិនធឺប្រៃស៍ (Thaung Enterprise) ធ្លាប់ទទួលបានពានរង្វាន់ សហគ្រិនវ័យក្មេងកម្ពុជាកាលពីឆ្នាំ២០១៨ និងជាម្ចាស់ ពានរង្វាន់លេខ២ សហគ្រិនថ្នាក់ជាតិ ឆ្នាំ២០២០ នេះ។
ចូលទំព័រការងារ របស់ក្រមា សូមចុចទីនេះ
ជាស្រ្តីម្នាក់ក្នុងវិស័យធុរកិច្ច និងនាំចេញផលិតផលក្នុងស្រុក ទៅកាន់ទីផ្សារអន្តរជាតិ ពិតជារឿងដែលមិនងាយធ្វើបាន ព្រមទាំងមានឧបសគ្គជាច្រើន ចាំទាញទំលាក់មនុស្សស្រីទន់ខ្សោយម្នាក់នេះរហូតមក តែកញ្ញា ពិតជាមិនចុះចាញ់ រឹងរិតតែជម្នះរហូត ផលិតចេញជា អំបិលក្នុងស្រុកយីហោ អំបិលកំពត ថូង ធីតា និងយីហោថ្មី ឈ្នោះ អំបិល ជលសា បានចេញលក់តាមបណ្តាលទីផ្សារទំនើបនាពេលបច្ចុប្បន្ន និងក្រៅប្រទេស។
បើងាកត្រឡប់ទៅស្តាប់ ពីការចាប់ផ្តើមរបស់ ថូង អ៊ិនធឺប្រៃស៍ (Thaung Enterprise) កញ្ញា ថូង ធីតា លើកឡើងថា៖«ជាក់ស្តែង សហគ្រាស ថូង អ៊ិនធឺប្រៃស៍ របស់នាងខ្ញុំគឺត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០១៦ ដែលបើគិតទៅមកពេលបច្ចុប្បន្ននេះ វាគិតទៅប្រហែល៤ឆ្នាំហើយ»។ សហគ្រាសនេះគឺផ្តើមចេញពីការបម្លែងខ្លួន ចេញពីអាជីវកម្មបែបគ្រួសារ មកធ្វើជាសហគ្រាសមួយ គេហៅថាសហគ្រាសធុនតូចនិងមធ្យម ក្នុងការផលិតអំបិលមួយដែលប្រកបដោយអនាម័យនិងស្តង់ដារ។
កញ្ញាបន្តថា ថូង អ៊ិនធឺប្រៃស៍ គឺកំពុងផលិតនិងចរាចរអំបិលធម្មជាតិ ដែលបានធ្វើការច្នៃ ដោយលាងសម្អាត សម្អាតអំបិល ចេញពីការប្រមូលផលពីស្រែអំបិល ដោយពឹងផ្អែកលើទឹកសមុទ្រ ខ្យល់សមុទ្រ អាកាសធាតុ ដែលអំណោយផលតែក្នុងខេត្តកំពត និងខេត្តកែប ហើយបានវេចខ្ចប់យ៉ាងមានអនាម័យ និងបានឆ្លងកាត់ការពិនិត្យស្តង់ដារច្បាស់លាស់ អាចផ្គត់ផ្គង់នៅថ្នាក់ជាតិនិងអន្តរជាតិបានពិតប្រាកដ។
មែនទែនទៅ អំបិលធម្មជាតិរបស់កញ្ញា ថូងធីតា ទាំងអស់មានផ្ទុកសារធាតុចិញ្ចឹមច្រើន រហូតដល់៨០មុខជាង ដែលសារធាតុចិញ្ចឹមទាំងអស់គឺផ្តល់សារៈសំខាន់ សម្រាប់សារពាង្គកាយក៏ដូចជាកោសិកាផ្សេងៗ ដែលសារពាង្គកាយរបស់យើងត្រូវការចាំបាច់ជាប្រចាំ។
កញ្ញាបន្តទៀតថា ដោយសារតែទីតាំងភូមិសាស្រ្តផ្សេងៗ ដែលធ្វើឲ្យអំបិលកំពតនេះវាផ្ទុកនៅសារធាតុចិញ្ចឹមខ្ពស់ដែលអាចថា ជាប្រភេទអំបិលសមុទ្រដែលល្អ និងមានគុណប្រយោជន៍ដល់សុខភាព។
តាមរយៈការមើលឃើញពីសកដ្តានុពលធម្មជាតិបែបនេះ សហគ្រិនវ័យក្មេង កញ្ញា ថូង ធីតា សង្ឃឹមថាឆាប់ៗនេះក្រសួងពាណិជ្ជកម្ម ក៏ដូចជាដៃគូពាក់ព័ន្ធផ្សេងៗចាប់ផ្តើមនូវគម្រោងមួយ ដែលគេហៅថាគម្រោង GI (Geographical Identification Protection) ដូចនឹងម្រេចកំពតផងដែរ ដើម្បីឱ្យអំបិលក្នុងខេត្តកំពតក្លាយជាផលិតផលសំគាល់តំបន់ភូមិសាស្រ្តផងដែរ។
យ៉ាងណាក្ដី ការផលិតអំបិលរបស់កញ្ញាក៏ប្រឈមនឹងបញ្ហាជាច្រើនពិសេស បញ្ហាអាកាសធាតុប្រែប្រួល ដូចជាភ្លៀងច្រើន កង្វះខាតបច្ចេកវិទ្យា បញ្ហាដើមទុន និង ការដឹកជញ្ជូនដែលមានតម្លៃថ្លៃ ដែលការផលិតអំបិលកសិកម្មបែបនេះមិនអាចផលិតគ្រប់ តាមតម្រូវការទីផ្សារជាក់ស្ដែង ខណៈការនាំចូលអំបិល មានភាពងាយស្រួលជាងតម្លៃថោកជាង និង ការបោះបង់ដីស្រែអំបិលធម្មជាតិរបស់ប្រជាកសិករ លក់ទៅឱ្យឈ្មួញផ្សេងៗ ដែលមិនផលិតអំបិលបន្ត។ ដូចនេះ ការផលិតអំបិលធម្មជាតិកំពតតាមបែបបុរាណ ក៏អាចនឹងបាត់បង់សូន្យ ហើយអនាគតយើងក៏ត្រូវតែប្រើប្រាស់អំបិលរោងចក្រជំនួសវិញមិនខាន។
សម្លឹងឃើញបញ្ហាបែបនេះហើ់យទើប ថូង អ៊ិនធឺប្រៃស៍ (Thaung Enterprise) ផ្តាច់ជ្ញាថា ត្រូវតែបន្តការងារផលិតអំបិលធម្មជាតិនេះ ជាមួយកសិករខេត្តកំពតនិងខេត្តកែប ពិសេសកញ្ញាផ្ទាល់ កាន់តែខិតខំព្យាយាមផ្សព្វផ្សាយបន្ថែមដើម្បីជួយយ៉ាងណា ឱ្យដីស្រែអំបិលដូនតានៅគង់វង្សយូរអង្វែងឆ្នាំទៅមុខទៀត។
ហេតុនេះ កញ្ញា ថូង ធីតា បញ្ជាក់ថា ចក្ខុវិស័យរបស់់ ថូង អ៊ិនធឺប្រៃស៍ (Thaung Enterprise) គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ទាំងអ្នកតាក់តែងច្បាប់អ្នកប្រើប្រាស់ ពិសេសម្ចាស់ភោជនីយដ្ឋាន ឬក៏ម្ចាស់អាជីវកម្មផ្សេងៗ យល់នឹងឲ្យតម្លៃទៅលើអំបិលធម្មជាតិនៅក្នុងខេត្តកំពត ដែលមានទាំងគុណភាព និងអត្ថប្រយោជន៍ដល់សុខភាពរបស់អ្នកទទួលទាន។
ជាចុងក្រោយ កញ្ញា ថូង ធីតា សង្ឃឹមថា ប្រជាជនខ្មែរនឹងនាំគ្នាជួយគាំទ្រផលិតផលក្នុងស្រុករបស់យើង ពីព្រោះបើយើងទាំងអស់គ្នាអត់ជួយគាំទ្រ ទេយើងក៏អត់ដឹងថាអ្នកណាគេមកគាំទ្រ ផលិតផលក្នុងស្រុករបស់យើងដែរ៕