មានបញ្ហាជាមួយនឹងការគ្រប់គ្រងពេលវេលា ប្រើគោលការណ៍៤ នេះនឹងអាចជួយបាន

យើងច្រើននិយាយដូចជាពាក្យថា “ មិនមានពេលគ្រប់គ្រាន់ទេក្នុងមួយថ្ងៃ” ឬ “ ខ្ញុំមិនមានពេលវេលាសម្រាប់ខ្លួនឯងទេ” ហើយម្នាក់ៗតែងសង្ឃឹមថា មានពេលវេលាច្រើនជាង២៤ម៉ោង ក្នុងមួយថ្ងៃ។ នៅពេលមួយថ្ងៃបានកន្លងផុតទៅ បើយើងក្រឡេកមើលទៅអ្វីដែលយើងបានធ្វើ យើងនឹងឆ្ងល់ថាតើម៉ោងទាំងអស់នោះ ទៅណាអស់ហើយ បានសម្រេចការងារអី្វខ្លះ?

ជាដំណោះស្រាយ ឲ្យមានប្រសិទ្ធិភាព យើងខ្ញុំសូមលើកយកគោលការណ៍ របស់លោក Dwight D. Eisenhower មកជួយអ្នក ក្នុងការកំណត់ពេលវេលាជាមួយសកម្មភាព ដែលអ្នកគួរតែយកចិត្តទុកដាក់ និងសកម្មភាពមិនគួរយកចិត្តទុកដាក់

គោលការណ៍នេះ ក៏ត្រូវបានយកមកប្រើនៅឆ្នាំ ១៩៩៤ ដោយលោក Stephen Covey ក្នុងសៀវភៅមួយដែលមានចំណងជើងថា ទម្លាប់ទាំង៧ របស់បុគ្គលដែលមានប្រសិទ្ធភាពខ្ពស់។ ខាងក្រោមនេះជា គ្រឹះទាំង៤ នៃការផ្ដល់អាទិភាពលើពេលវេលា៖

១ គ្រប់គ្រងលើ ភាពអាសន្ននិងពេលវិបត្តិ=> កិច្ចការ បន្ទាន់និងសំខាន់

ជាក់ស្ដែង មេរបស់អ្នកប្រើឲ្យបញ្ចប់ឯកសារក្នុងពេលកន្លះម៉ោងដើម្បីត្រៀមប្រជុំ នោះអ្នកត្រូវទំលាក់ការងារផ្សេងដែលនៅនឹងដៃត្រូវកាត់ពេលសម្រាប់អាហារជាដើម ហើយឡៃលកយ៉ាងណា បញ្ចប់ឯកសារសម្រាប់ការប្រជុំឲ្យមេជាមុន។ នេះជាពេលវេលា សម្រាប់ធ្វើរឿងដែលចៃដន្យ និងមិនអាចរំពឹងទុក។

២ ផ្ដោតលើ គោលដៅរយៈពេលវែង =>កិច្ចការ មិនបន្ទាន់ទេ តែសំខាន់

ទាំងនេះគឺជាសកម្មភាព ដែលជួយអ្នកឱ្យសម្រេចគោលដៅផ្ទាល់ខ្លួន និងអាជីពរបស់អ្នក ដែលអាចបំពេញការងារសំខាន់ៗ ត្រូវប្រាកដថា អ្នកមានពេលច្រើនក្នុងការធ្វើរឿងទាំងនេះឱ្យបានត្រឹមត្រូវ ដើម្បីកុំអោយវាក្លាយជារឿងបន្ទាន់។ សូមចងចាំផងដែរថា ទុកពេលវេលាឱ្យបានគ្រប់គ្រាន់ ក្នុងកាលវិភាគរបស់អ្នក ដើម្បីដោះស្រាយបញ្ហាដែលមិនបានមើលឃើញទុកជាមុន។

៣ គេចពីការរំខាន =>កិច្ចការបន្ទាន់ ប៉ុន្តែមិនសំខាន់

ចំនុចនេះ​ ច្រើនជាការរំខានពីមនុស្សជុំវិញ​ដែលនាំឲ្យអ្នកមិនអាចសម្រេចបាននូវការងាររបស់ខ្លួន។អ្នកច្រើនតែទទួលយកការងារពីមិត្តភក្ដិ ដើម្បីបន្ថែមលើការងារដែលមានស្រាប់។

៤ កំណត់នូវ សកម្មភាពដែលខាតពេល =>កិច្ចការ​មិនបន្ទាន់ និងមិនសំខាន់

សកម្មភាពមួយចំនួន លើកលែងការកម្សាន្តរយៈពេលខ្លីដែលអាចនឹងចំណាយពេលវេលាច្រើន ដែលអ្នកមិនចាប់អារម្មណ៍ ការជួបជុំ ឬមើលរឿងកម្សាន្តជាញឹកញ៉ាប់ ដោយបំភ្លេចនូវការងារ។

ក្រឡេកមើលបញ្ជីគោលដៅនិងកិច្ចការប្រចាំថ្ងៃរបស់អ្នកអ្នកអាចចាត់ថ្នាក់ការងារទាំងនោះ​តាមតារាងដែលមានខាងលើ។ តើអ្នកចំណាយពេល១ម៉ោងដើម្បីមើលរឿងភាគថៃ? សូមកត់ចូលតារាងលេខ៤ ឬចំណាយពេលកន្លះម៉ោងដើម្បីរៀនជំនាញថ្មី​?សូមកត់ចូលតារាងលេខ២។

ប្រសិនបើអ្នកបានមើលរឿងភាគថៃ អស់រយៈពេល២ម៉ោងរាល់ថ្ងៃ នោះមួយអាទិត្យអ្នកប្រើពេលអស់ ១៤ម៉ោង នេះជារឿងដែលគួរឲ្យសង្វេគ នៃការដែលយើងខ្ជះខ្ជាយពេលវេលា។ អ្នកគួរតែកាត់បន្ថយ បន្តិចម្ដងៗ និងកត់ត្រាពីសកម្មភាពទាំងនេះឡើងវិញ បន្ទាប់ពីកែតម្រូវ។

ផ្ដើមកាត់បន្ថយពេលវេលាក្នុងតារាងទី៤ និងតារាងទី៣ មកបំពេញក្នុងតារាងទី២ ឲ្យបានច្រើន ហើយត្រូវចេះប្រើពេលវេលាឲ្យបានត្រឹមត្រូវ សម្រាប់ការងារដែលបន្ទាន់ខ្លាំងនិងសំខាន់ខ្លាំង ក្នុងតារាងទី១៕