គេងយប់ស្លៀកខោក្នុងរឹបៗ ក៏បង្កបញ្ហាខ្លះដល់កន្លែងសំខាន់ គួរស្វែងយល់

ពេល​ខ្លះ​យើង​អាច​ភ្លេច​ខ្លួន ឬ​ជា​ទម្លាប់​ដែល​ស្លៀក​​​​​ពាក់​ខោ​អាវ​ក្នុង​រឹប​ៗ ពិសេស​​ខោ​ក្នុង​ នៅ​ក្នុង​សភាព​រឹប​ៗ នៅ​ពេល​យប់​ បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​ជំនាញ​ បាន​បង្ហាញ​ថាអាច​បង្ក​ជា​បញ្ហ​មួយ​ចំនួន​ដែរ​។

តាម​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​សុខភាព​​​ជា​ច្រើន ​បាន​លើក​ឡើង​ថាការ​ស្លៀក​ខោ​​អាវ​រឹប​​នៅ​ពេល​គេង នៅ​ពេល​ដែល​មាន​​ធាតុ​អាកាស​ក្តៅ​ហប់ ឬ​សីតណ្ហភាព​​បរិស្ថាន​នៅ​កន្លែង​គេង​យើង​ក្តៅ​​ស្អុះ​ស្អាប់ ​នោះ​ពពួក​​បាក់​តេរី​អាច​ទៅ​ប្រមូល​ផ្តុំ​នៅ​ត្រង់​កន្លែង​ដែល​រាង​កាយ​យើង​បែក​ញើស​ច្រើន​ ពោល​គឺ​ត្រង់​បរិវេណ​​ដែល​ស្លៀក​ខោ​អាវ​រឹប​។ បញ្ហា​នេះ ត្រូវ​បាន​អ្នក​ជំនាញ​បាន​លើក​ឡើង​ដែរ​ថាកើត​ឡើង​​លើ​បុរស​ៗ​ ខ្លាំង​ជាង​ស្រ្តី ទៅ​លើ​កត្តា​លទ្ធភាព​មាន​កូន​របស់​បុរស​។

បើ​​តាម​លោក​វេជ្ជបណ្ឌិត Brian Steixner ប្រធាន​វិទ្យាស្ថាន​សុខភាព​បុរស ​នៃ​សមាគម​សិក្សា​ផ្នែក​តម្រង​នោម​ នៃ​រដ្ឋ​ New Jersey សហរដ្ឋអាមេរិក​បាន​ឱ្យ​ដឹង​ថា សម្រាប់​បុរស​ៗ ដែល​ស្លៀក​ខោ​​ក្នុង​រឹប​ៗនោះ​នៅ​ពេល​គេង​ អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ទៅ​ដល់​គុណ​ភាព​មេ​ជីវិត​ (ទឹក​កាម) ហើយ​​មូល​ហេតុ​នោះ​គឺ​ត្រង់​ថា ការ​ស្លៀក​ខោ​ក្នុង​ធ្វើ​ឱ្យ​មាន​សីតណ្ហភាព​ ក្តៅ​ត្រង់​ប្រដាប់​​បន្ត​ពូជ​នៅ​ពេល​យប់​។ ហើយ​ពិសេស​គួរ​ឱ្យ​សម្គាល់​​នោះ​គឺ ខោ​ក្នុង​រឹប​​ធ្វើ​ឱ្យ​ស្បែក​រលាកហើយ​​​ងាយ​ឆ្លង​មេរោគ​​ផ្សេង​ៗ​។

ដោយ​ឡែក​សម្រាប់​ករណី​ស្ត្រី​វិញ តាម​ការ​បង្ហាញ​របស់​លោក​ស្រី​វេជ្ជបណ្ឌិត​ Alyssa Dweck អ្នក​ជំនាញ​រោគ​ស្ត្រី​​នៅ​ឯ​មជ្ឈមណ្ឌល​​សុខភាព​ ក្នុង​ក្រុង​ញ៉ូវ​យក សហរដ្ឋអាមេរិក​បាន​ឱ្យ​ដឹង​ ពី​បញ្ហា​ស្លៀក​ខោ​ក្នុង​ស្ត្រី​នោះ​ គឺ​ត្រង់​ថាការ​ស្លៀក​ខោ​ក្នុង​រឹប​នា​ពេល​គេង​យប់ ករណី​ភាគ​ច្រើន​គឺ​បង្ក​ឱ្យ​ស្បែកបរិវេណ​ប្រដាប់​បន្ត​ពូជ​រោល ហើយ​រលាក។

ជា​មួយ​គ្នា​នោះលោក​ស្រី​វេជ្ជបណ្ឌិត Dweck បាន​​បន្ថែម​ថាសម្រាប់​ស្ត្រី​ដែល​​គ្នា​មាន​ទម្លាប់​ស្លៀក​ខោ​អាវ​ទ្រនាប់​នៅ​ពេល​គេងគួរ​ចេះ​ជ្រើស​រើស​​ប្រភេទ​ខោ​អាវ​ក្នុង​​ជា​ជាតិ​កប្បាស​ណា​​មាន​សភាព​ស្រាល​រលង់​និង​មិន​​ឱ្យ​ហប់​ដល់​រាង​កាយ​។ 

ទន្ទឹម​នឹង​នោះ​​ផង​ដែរ ការ​បង្ហាញ​ពី​អ្នក​ជំនាញ​សុខភាព​​ខាង​លើ​នេះរួម​ទាំង​លទ្ធផល​ស្រាវជ្រាវ​ជាច្រើន​ ក៏​បាន​​ណែ​នាំបង្ហាញ​ពី​អត្ថប្រយោជន៍​​នៃ​ការ​គេង​ ដោយ​គ្មាន​សំលៀក​បំពាក់​​ជាប់​ខ្លួន។ នេះ​ក៏​​ដោយ​​​សារ​មូល​ហេតុ​ថា វា​បាន​ជួយ​បន្ថយ​កម្តៅធ្វើ​ឱ្យ​យើង​ឆាប់​បាន​គេង​​លក់ ទទួល​ដំណេក​ស្កប់​ស្កល់​។ ការ​គេង​នៅ​ក្នុង​កន្លែង​ត្រជាក់​ស្ងួត និង​ស្អាត ដោយ​ខ្លួន​ទទេ នឹង​ជួយ​កាត់​បន្ថយ​កម្តៅ​ដែល​មាន​​ប្រយោជន៍​ល្អ​ដល់​រាង​កាយ​ ពិសេស​នៅ​អំឡុង​ពេល​សីតណ្ហភាព​ក្តៅ៕