ក្នុងសវត្សទី២១នេះ ពិភពលោកប្រែប្រួលយ៉ាងឆាប់រហ័ស ដោយសារតែរបត់នៃបច្ចេកវិទ្យា និងស្វ័យប្រវត្តិកម្មលើគ្រប់ផ្នែកទាំងអស់។ មិនថាតែការងារក្នុងឧស្សាហកម្មធំៗនោះទេ ដែលត្រូវធ្វើស្វ័យប្រវត្តិកម្ម សូម្បីតែក្នុងផ្នែកកសិកម្ម សេវាកម្ម រួមទាំងវិស័យហិរញ្ញវត្ថុផង ក៏ត្រូវបានជំនួសដោយម៉ាស៊ីនផងដែរ។
ចរន្តនេះ អាចនឹងធ្វើឱ្យការងារជាច្រើនលើពិភពលោក ត្រូវបានជំនួសដោយម៉ាស៊ីន ដែលទាមទារឱ្យមានការផ្លាស់ប្តូររបត់នៃការអប់រំ ដើម្បីដើរឱ្យស្របជាមួយនឹងរបត់ការងារក្នុងយុគ្គសម័យថ្មីនេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក កែវ ឡង់ឌី សហស្ថាបនិកក្រុមហ៊ុន sromoch trading បានលើកឡើងថា បច្ចុប្បន្ននេះ ដោយសារតែការប្រែប្រួលឆាប់រហ័សខ្លាំងពេកនៃពិភពលោក អាជីពនិងជំនាញមួយចំនួន អាចនឹងត្រូវបាត់បង់ ព្រោះវាហួសសម័យកាលដែលត្រូវប្រើប្រាស់ និងវាត្រូវបានជំនួសដោយម៉ាស៊ីន។ មានអាជីពជាច្រើននឹងត្រូវបាត់បង់ក្នុងពេលដ៏ឆាប់ខាងមុននេះ ហើយវាជំនួសដោយអាជីពជាច្រើនផ្សេងទៀត ដែលត្រូវបញ្ចូលគ្នារវាងជំនាញគ្រប់គ្រងបច្ចេកវិទ្យា និងជំនាញសំខាន់ៗជាច្រើនដែលម៉ាស៊ីនមិនអាចធ្វើបាន។
លោក កែវ ឡង់ឌី បានបញ្ជាក់ថា៖ «ក្នុងសតវត្សទី២១នេះ គេរកឃើញថា អាជីពជាច្រើននឹងត្រូវលប់បំបាត់ដោយការអប់រំលើមុខវិជ្ជាជាច្រើនក៏ត្រូវប៉ះពាល់ និងហួសសម័យកាល តែជំនាញទន់ (soft skills) ដែលត្រូវការសម្រាប់សតវត្សទី២១ ដូចជាជំនាញគ្រប់គ្រង ការដោះស្រាយបញ្ហា និងជំនាញសំខាន់ៗជាច្រើនផ្សេងទៀត នៅតែមានតម្រូវការ ទោះបីជាពិភពលោកប្រែប្រួលដល់ណាក៏ដោយ»។
(ឆ្វេង) លោក កែវ ឡង់ឌី និង (ស្ដាំ) ឧកញ៉ា ប៉ិច បូឡែន
ហេតុនេះ លោកណែនាំថា ទន្ទឹមនឹងយើងសិក្សាស្វែងយល់ពីជំនាញសំខាន់ៗ ពាក់ព័ន្ធនឹងអាជីពការងារបច្ចុប្បន្នយើងគួរបន្ថែមនូវជំនាញទន់សំខាន់ៗ ដើម្បីឱ្យពួកគេរក្សាបាននូវភាពសំខាន់ក្នុងថ្ងៃខាងមុខបន្ថែមទៀត។ នៅពេលមនុស្សយល់ដឹងពីជំនាញ ដែលម៉ាស៊ីនមិនអាចជំនួសបាន នោះយើងនៅតែអាចរក្សាតម្លៃក្នុងទីផ្សារការងារបានដដែល។
ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញអេឌ្យូខេសិន គ្រុប បានលើកឡើងថា អ្នកអប់រំចាំបាច់ត្រូវតែដឹងពីចរន្តនៃការងារអនាគត។ យើងត្រូវច្បាស់ថា យើងអប់រំសិស្សត្រូវចំណុច និងមានសមត្ថភាពក្នុងការផ្តល់ឱ្យពួកគេនូវចំណេះដឹង ដែលមានតម្លៃសម្រាប់ពួកគេ ពេលពួកគេចេញធ្វើការងារ។ ជាក់ស្តែង ប្រសិនបើបច្ចុប្បន្ន យើងបណ្តុះបណ្តាលកុមារវ័យ ១២ឆ្នាំ យើងត្រូវគិតថាយើងមិនមែនកំពុងតែបង្រៀនកូនក្មេងនោះទេ តែយើងកំពុងបង្រៀនអនាគតមនុស្សសំខាន់ នៅពេលជាង១០ឆ្នាំក្រោយ ព្រោះត្រឹមតែជាង១០ឆ្នាំទៀតតែប៉ុណ្ណោះ ពួកគេនឹងក្លាយជាអ្នកជំនាញ ម្ចាស់អាជីវកម្មឬបុគ្គលសកម្មយ៉ាងសំខាន់ សម្រាប់ប្រទេសរបស់យើង។
ឧកញ៉ា ប៉ិច បូឡែន បាននិយាយថា៖«បើយើងមើលតែស្ថានភាពនាពេលបច្ចុប្បន្នយកមកអប់រំកុមារ យើងនឹងឃើញថាជំនាញខ្លះ អាចនឹងហួសសម័យនៅរយៈពេលជាង ១០ឆ្នាំខាងមុខ ហេតុនេះអ្នកអប់រំត្រូវតែព្យាយាមស្វែងយល់ឱ្យបានខ្លាំង និងអភិវឌ្ឍសមត្ថភាពជាប់ជានិច្ច ដើម្បីធានាថាយើងមានសមត្ថភាពបណ្តុះបណ្តាលអនាគតមនុស្សសំខាន់បានប្រកបដោយប្រសិទ្ធភាព»៕