បី​ចំណុច​គួរ​យក​ចិត្ត​ទុក​ដាក់​​​​​​ពី​​បញ្ហា​​​​ផ្សែង​​ធូប ​ឱ្យ​ផល​​​ទៅ​​​​​លើ​​សុខភាព​

សព្វ​ថ្ងៃ​​​​​​​​ ផលិត​ផល​ធូប​សម្រាប់​ដុត​​​ប្រើ​ប្រាស់​មាន​ច្រើន​ប្រភេទ មាន​ធូប​សម្រាប់​​អុជ​ឬ​ដុត​ប្រើ​​ក្នុង​ពិធី​បុណ្យ​សាសនាឬ​ធូប​សម្រាប់​ដុត​ ឱ្យ​បញ្ចេញ​ក្លិន​ក្រអូប​ទៅ​ក្នុង​​ផ្ទះ និង​​ផលិត​ផល​ធូប​​ជា​ច្រើន​ទៀត​ ដែល​ក្នុង​នោះ​​គឺ​មាន​សម្រាប់​ដុត​ឱ្យ​ក្រអូបឱ្យ​ប្រយោជន៍​ទៅ​ដល់​សុខភាព​​។

យ៉ាង​ណា​មិញ ធូប​ដែល​​ភាគ​ច្រើន​ផ្សំ​ពី​ជ័រ​ឈើ​ សាច់​ឈើ ប្រេង​ក្រអូប​ ​ឬ​មួយ​ម្សៅ​ផ្សំ​ពី​សមាស​ធាតុ​​ផ្សេង​ៗ សុទ្ធ​សឹង​តែ​​បញ្ចេញ​​ផ្សែង​ ដែល​ធ្វើ​ឱ្យ​ខ្យល់​ដង្ហើម​ដែល​មនុស្ស​​នៅ​ក្បែរ​នោះ​ស្រូប​យក និង​បង្ក​ជា​ប្រតិកម្ម​​ផ្សេង​ៗ​។ បើ​ទោះ​ជា វា​ផ្តល់​នូវ​ក្លិន​ក្រអូប ​គួរ​ជា​ទី​ទាក់​ទាញ ប៉ុន្តែ​ផ្អែក​តាម​ការ​សិក្សា​ជា​ច្រើន​​បាន​បង្ហាញ​នូវ​​ផល​​ជា​អវិជ្ជមាន ​ច្រើន​ជាងដែល​សុទ្ធ​សឹង​ជា​ចំណុច​គួរ​​គប្បី​ស្វែង​យល់ ​ពី​បញ្ហា​ទាំង​នោះ​ ដែល​មាន​ដូច​ជា​៖

មហារីក

​​​​​​នៅ​ក្នុង​ការ​សិក្សា​​មួយ​នៅ​​ឆ្នាំ​២០០៩បាន​បញ្ជាក់​ថា សមាស​ធាតុ​ជា​កម្ទេច​តូច​ៗ​ មាន​នៅ​ក្នុង​ធូប​គឺ​មាន​​ផ្ទុក​ដោយ​​ធាតុ​ដែល​បង្កើត​ទៅ​ជា​ជំងឺ​មហារីក​បាន ហើយ​សំខាន់​នោះ​គឺ​មហារីក​សួត និង​ប្រព័ន្ធ​ដង្ហើម​​ផ្សេង​ៗ​។ សារធាតុ​ខ្លះ​ដែល​ការ​ស្រាវជ្រាវ​រក​ឃើញ​មាន​នោះ គឺ​សារធាតុ Polyaromatic Hydrocarbons សារធាតុ​Benzene និង​ Carbonyls ដែល​គេ​សម្គាល់​ថា​ជា​សារធាតុ​ពុលនិង​បង្ក​ឱ្យ​រលាក​ច្រមុះ​។

ជំងឺ​ហឺត

នៅ​ក្នុង​ការ​សិក្សា​មួយ​ផង​ដែរ​ទៅ​លើ​ក្មេង​ៗ​សិស្ស​សាលា ​ប្រមាណ​៣​ពាន់​នាក់ នៅ​លើ​កោះ​តៃវ៉ាន់ អំពី​បញ្ហា​រោគ​សញ្ញា​នៃ​ជំងឺ​ហឺត ក៏​ដូច​ជា​បញ្ហា​​​​ជំនឿ​ដុត​ធូប​នៅ​លើ​​កោះ​នេះ​។ ការ​សិក្សា​ក៏​បាន​រក​ឃើញ​ថា ទំនាក់​ទំនង​រវាង​​ផ្សែង​ធូបគឺ​ពិត​ជា​នាំ​ឱ្យ​​មាន​​​រោគ​សញ្ញា​​​​នៃ​បញ្ហា​ដង្ហើម​ថប់​​តឹង ​ឬ​ពិបាក​ដក​ដង្ហើម​ ដែល​នេះ​មាន​ន័យ​ថា ផ្សែង​ធូប​​គឺ​នាំ​ឱ្យ​មាន​ការ​ឈាន​ទៅ​ដល់​ជំងឺ​ហឺត​ផង​ដែរ​។

ជំងឺ​បេះ​ដូង

​​ក៏​ដូច​ទៅ​នឹង​បញ្ហា​ជំងឺ​មហារីក និង​ជំងឺ​ហឺត​ ការ​រក​ឃើញ​ពី​ការ​ស្រាវជ្រាវ​ទៅ​លើ​ប្រជាពលរដ្ឋ​សឹង្ហបុរី​ ក៏​បាន​ឃើញ​ដង្ហើម​មនុស្ស​ដែល​ទទួល​រង​ពី​ផ្សែង​ធូបក្នុង​រយៈ​ពេល​វែង គឺ​ជា​ផ្លូវ​​នាំ​ទៅ​រក​ជំងឺ​បេះ​ដូង។ ហើយ​ក្នុង​នោះ​អ្នក​ស្រាវជ្រាវ​ក៏​បាន​កត់​សម្គាល់​ទៅ​លើ​ផល​វិបាក​របស់​ផ្សែង​ធូប ដែល​បាន​បង្ក​ជា​ជំងឺ​នេះ ក៏​ដោយ​សារ​ការ​​បង្អាក់​ដំណើរ​​នៃ​កម្រិត​​ធាតុ​កូឡេស្តេរ៉ូល​ល្អ​ៗ​នៅ​ក្នុង​រាង​កាយ​មនុស្ស ក៏​ដូច​ជា​បង្ក​ផល​ប៉ះ​ពាល់​ទៅ​​បម្រែ​បម្រួល​ទម្ងន់​របស់​មនុស្ស​ផង​។

​ទោះ​យ៉ាង​ណា​ ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​​​ក្រើន​រំឮក​​ប្រជាពល​រដ្ឋ​ទូ​ទៅ​ ឱ្យ​ស្វែង​យល់​ពី​បញ្ហា​ទាំង​នេះក៏​ដូ​ច​ជា​ពិចារណា​ទៅ​លើ​ជម្រើស ដែល​អាច​​ស្វែង​រក​បាន​ពី​ធម្មជាតិ​​មក​ជំនួស​វិញ ដូច​ជា​ការ​យក​​​ផ្កា​ស្រស់​​ ដាក់​ក្នុង​បរិវេណ​បន្ទប់​ដើម្បី​​ទទួល​បាន​ក្លិន​ក្រអូប​ស្រស់​ស្រាយ​​​​ ឬ​មួយ​ការ​ប្រើ​ប្រេង​ក្រអូប​​ដែល​ផ្សំ​ពី​សមាស​ធាតុ​ពី​ធម្មជាតិ​សុទ្ធ​ជំនួស​ឱ្យ​​ប្រើ​ក្លិន​ក្រអូប​ពី​ធូប​ជា​ដើម​៕