កន្លងមក នៅតាមប្រទេសកំពុងអភិវឌ្ឍ ដោយក្នុងនោះរួមទាំងកម្ពុជាជាដើម យើងឃើញមានអាជីវកម្មលក់រាយជាច្រើនត្រូវបានគេបង្កើតឡើងគ្រប់ទិសទៅក្នុងប្រទេស។ រហូតមកដល់បច្ចុប្បន្ននេះ អាជីវកម្មប្រភេទនេះហាក់មានគូប្រជែង និងចាប់ផ្តើមប្រែប្រួលបន្តិចម្តងៗ ដោយទំនិញរាប់រយ រាប់ពាន់មុខ ត្រូវបានប្រមូលផ្តុំក្នុងហាងតែមួយហើយគំរូហាងទាំងអស់នោះ ត្រូវបានពង្រាយគ្រប់កន្លែងដោយក្រុមហ៊ុនធំៗក្នុងស្រុក។
ជាក់ស្តែង យើងឃើញហើយថា អាជីវកម្មលក់គ្រឿងទេស និងទំនិញប្រចាំថ្ងៃ (ចាប់ហួយ) បច្ចុប្បន្នហាក់មានការគំរាមកំហែង ពីម៉ាតនិងកូនផ្សារតំបន់ ដែលបង្កើតឡើងដោយក្រុមហ៊ុនផ្សារទំនើបធំៗ នៅគ្រប់ប្រទេសនិងរួមទាំងគំរូអាជីវកកម្មពីក្រៅស្រុកថែមទៀតផង។
នៅទីក្រុងភ្នំពេញយើង ងាកទៅខាងណាក៏ឃើញមានម៉ាត មានសាខាផ្សារទំនើបនិងសូម្បីតែស្ថានីយ៍ប្រេងឥន្ធនៈធំៗក៏ចាប់ផ្តើមមានកន្លែងទិញទំនិញដូចគ្នាហេតុនេះថ្ងៃក្រោយទៅក្រុមហ៊ុនទាំងអស់នោះនឹងពង្រីកឥទ្ធិពលដែលអាចធ្វើឱ្យអាជីវកម្មលក់រាយត្រូវបាត់បង់។
បណ្ឌិត Patrick Dixon អ្នកជំនាញផ្នែកព្យាករណ៍ និងយុទ្ធសាស្រ្តបានលើកឡើងថាអ្នកលក់រាយកំពុងរងផលប៉ះពាល់ពីនិន្នាការសកល តាមវិធីជាច្រើន។ នៅបណ្តាប្រទេសជាច្រើននៃទ្វីបអឺរ៉ុប ការចំណាយជាង ៧០% ក្នុងការទិញទំនេញលក់រាយទាំងអស់ ត្រូវគ្រប់គ្រងដោយបណ្តាញអាជីវកម្មធំចំនួន៤ ឬ ៥ ប៉ុណ្ណោះ។ ចំណែកឯទ្វីបអឺរ៉ុបទាំងមូលវិញ ក្រុមហ៊ុនធំៗចំនួន ១០ប៉ុណ្ណោះ ដែលមានលទ្ធភាពគ្រប់គ្រងទីផ្សាររហូតដល់ទៅ ៥០%។ ក្រុមហ៊ុនទាំងអស់នេះបានក្តោបក្តាប់ទីផ្សារលក់រាយ និងមានទំនិញរហូតដល់ទៅរាប់ពាន់ រាប់ម៉ឺនមុខ។
អ្នកជំនាញខាងលើបានបញ្ជាក់ផងដែរថា នៅប្រទេសជាច្រើនក៏កំពុងមានចរន្តនេះដែរ ដោយអាជីវកម្មលក់រាយស្ទើរតែទាំងអស់ ត្រូវក្តោបក្តាប់ដោយក្រុមហ៊ុនត្រឹមតែពីរបីប៉ុណ្ណោះ។ និន្នាការនេះអាចនឹងមានការកើនឡើងឥតឈប់ឈរលើពិភពលោក លើកលែងតែរដ្ឋាភិបាលអនុម័តច្បាប់បញ្ឈប់សកម្មភាពលក់ ឬធ្វើអាជីវកម្មផ្តាច់មុខ។
លោកថា លទ្ធផលនៃការបញ្ចូលគ្នាទាំងអស់នេះ ធ្វើឱ្យទីផ្សារអាហារ និងភេជ្ជៈជាតិនឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុនមួយចំនួនតូច ដែលជាអ្នកទិញសម្រាប់ចែកចាយដោយធ្វើការកំណត់តម្លៃរួម លើផលិតផលដូចជា ទឹកដោះគោ ឬទឹកបរិសុទ្ធ ឬមូលដ្ឋានផ្សេងទៀត ហើយការកំណត់តម្លៃបែបនេះ នឹងបង្កការលំបាកដល់កសិករក្នុងស្រុក។
វាមិនត្រឹមតែធ្វើឱ្យមានបញ្ហាសម្រាប់អ្នកលក់រាយប៉ុណ្ណោះទេ តែវាអាចជាសង្គ្រាមតម្លៃថ្នាក់ជាតិដែលឈានទៅដល់ការប្រកួតប្រជែងដ៏ខ្លាំងក្លាក្នុងតំបន់។ ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ធំៗនឹងជំរុញឱ្យឧស្សាហកម្មម្ហូបអាហារថ្នាក់ជាតិមួយចំនួនជួបនឹងឧបសគ្គ ព្រោះពួកគេអាចយកទំនិញនាំចូលមកលក់ក្នុងទីផ្សារច្រើន ក្នុងតម្លៃទាបជាង៕