ភ្នំពេញ៖ កាលពីថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទោះបីក្នុងស្ថានភាពដែលពិភពលោកកំពុងរាតត្បាតដោយ Covid-19 ក៏ក្រសួងនៅតែបន្តអនុវត្តនូវការងាររបស់ខ្លួនយ៉ាងសស្រាក់សស្រាំគ្មានបង្អង់ដៃ ជាក់ស្តែងសកម្មភាពនៃការសាងសង់ផ្លូវ ស្ពាន និងប្រព័ន្ធចម្រោះទឹកកខ្វក់ជាដើម នៅទូទាំងប្រទេស។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើ និងលើកទឹកចិត្តឱ្យមានការចូលរួមផងដែរពីក្រុមហ៊ុនសាងសង់របស់អាមេរិកក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីកំណាត់ផ្លូវជាតិលេខ៤ ដែលបានសាង សង់ក្នុងអំឡុងទសវត្សរ៍ទី៦០ ដែលមានសភាពរឹងមាំជាប់បានល្អដល់សព្វថ្ងៃ និងបានស្នើសុំឱ្យបញ្ជូនជំនាញការមកជួយបណ្តុះបណ្តាលផ្នែកវិស្វកម្មសំណង់ស៊ីវិលនៅកម្ពុជា។
ឯកឧត្ដម ឯកអគ្គរដ្ឋទូត បានធ្វើការកត់សម្គាល់និងស្ងើចសរសើរចំពោះសមិទ្ធិផលនានារបស់ក្រសួង និងទទួលយកទៅពិចារណាសំណើដែលបានលើកឡើង ដើម្បីឈានទៅដល់ការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យទាំងនេះ។ ជាងនេះទៅទៀត ឯកឧត្តម ឯកអគ្គរដ្ឋទូត បានជម្រាបជូនថា ខែកញ្ញានេះត្រូវនឹងប្រធានបទពាណិជ្ជកម្មនិងវិនិយោគដែលនឹងមានការធ្វើទស្សនកិច្ចការងារនៅកម្ពុជាពីក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក នៅថ្ងៃទី២១ ខែកញ្ញានេះ។
ជាការឆ្លើយតបឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ចំពោះក្រុមប្រឹក្សាធុរកិច្ចនិងត្រៀមផ្តល់ នូវកិច្ចសហការដើម្បីឱ្យទស្សនកិច្ចការងារនេះប្រព្រឹត្តទៅដោយរលូននិងប្រកបដោយផ្លែផ្កា៕