លោក ស៊ូ សាវឿន៖ ការគាំទ្រស្នាដៃនិពន្ធក្នុងស្រុក ​ជាការទទួល​ចំណេះដឹងត្រូវបរិបទ និងលើកទឹកចិត្តអ្នកនិពន្ធ

ដោយសារតែកម្ពុជាយើងត្រូវឆ្លងកាត់សង្គ្រាមស៊ីវិលអស់ជាច្រើន​ទសវត្ស ស្នាដៃនិពន្ធ និងប្រភពចំណេះដឹងជាច្រើនត្រូវបានបំផ្លិចបំផ្លាញ ដែលធ្វើឱ្យយើងខ្វះប្រភពឯកសារសំខាន់ៗសម្រាប់សិក្សា ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងនិងជួយសង្គម។ ហេតុនេះហើយទើប​យើងឃើញថា ប្រជាជនយើងជាច្រើន បានស្វែងរកប្រភពចំណេះដឹងពីបរទេស ដើម្បីសិក្សា ដែលធ្វើឱ្យអ្នកខ្លះអភិវឌ្ឍបានយ៉ាងប្រសើរ ខណៈអ្នកខ្លះទៀតយកមកប្រើប្រាស់មិនត្រឹមត្រូវក៏កើតជាបញ្ហាសម្រាប់ជីវិតទៅវិញ។​

  • សូមទាញយកកម្មវិធី Krama Post ទូរសព្ទដៃ Android សូមចុច https://bit.ly/2QiVDk8 
  • សម្រាប់ទូរសព្ទដៃ Apple (iOS) សូមចុច https://apple.co/33dkMTr 

  • លោក ស៊ូ សាវឿន អ្នកនិពន្ធនិងជាអ្នកអប់រំបានលើកឡើងថា ការអានស្នាដៃពីខាងក្រៅស្រុកគឺជារឿងល្អដែលយើងគ្រប់គ្នាអាច​ក្រេបយកចំណេះដឹង សម្រាប់អភិវឌ្ឍសមត្ថភាព​ការងារ ក៏ដូចជាសម្រាប់ប្រើប្រាស់ក្នុងការរស់នៅប្រចាំថ្ងៃជាដើម។ តែទោះជាយ៉ាងនេះក្តី លោកថា វាក៏មានគុណវិបត្តិផងដែរប្រសិនបើយើងមិនចេះច្នៃ ប្រើប្រាស់សមត្ថភាពទាំងអស់នោះ ឱ្យត្រឹមត្រូវតាមបរិបទជាក់ស្តែង​ដែលយើងរស់នៅ ហើយដកស្រង់ទាំងស្រុងដោយមិនបានពិចារណាឱ្យដិតដល់ ហើយយកមកអនុវត្ត។ ការអនុវត្តដោយមិនបានពិចារណានេះ អាចធ្វើឱ្យយើងជួបវិបត្តិជាច្រើនក្នុងការរស់នៅ ឬបើគាត់ជាអ្នកធ្វើអាជីវកម្ម ភាគច្រើនគឺគាត់អាចនឹងជួបរឿងខាតបង់ជាដើម។

    លោក ស៊ូ សាវឿន បាននិយាយថា៖ «សៀវភៅដែលយើងអានភាគច្រើន ជាសៀវភៅមកពីអឺរ៉ុប ដែលគេមានវប្បធម៌ ផ្នត់គំនិតនិងបរិបទសង្គមមិនដូចជាប្រទេសយើងនោះទេ។ ហេតុនេះ ប្រសិនបើយើងអានសៀវភៅក្រៅស្រុកទាំងអស់នោះហើយអនុវត្តទាំងស្រុង នោះយើងនឹងឃើញថាវាមិនត្រឹមតែមិនធ្វើឱ្យយើងមិនទទួលផលនោះទេ តែថែមទាំងអាចធ្វើឱ្យយើងជួបវិបត្តិថែមទៀតផង»។

    ជាដំណោះស្រាយ អ្នកអប់រំខាងលើបានណែនាំឱ្យអ្នកអានទាំងឡាយ អាចសាកល្បងងាកមក​មើលសៀវភៅនៅក្នុងស្រុកវិញនៅពេលនេះ។ លោកថា កាលពីប៉ុន្មានឆ្នាំមុន យើងខ្វះឯកសារ ហើយការអប់រំនៅមានចំណុចខ្វះខាតជាច្រើនតែបច្ចុប្បន្ននេះ គឺជាពេលវេលាល្អបំផុត សម្រាប់ការងាកមកអានសៀវភៅ​ក្នុងស្រុក។ មូលហេតុដែលលោកណែនាំឱ្យអានសៀវភៅក្នុងស្រុក ព្រោះបច្ចុប្បន្ននេះ អ្នកស្រាវជ្រាវនិងនិពន្ធជាច្រើន ចាប់ផ្តើមបញ្ចេញស្នាដៃដែលជាការបង្កើតថ្មីរបស់ខ្លួន ប្រកបដោយគុណភាពល្អយ៉ាងច្រើន ចូលក្នុងទីផ្សារស្របពេលដែលយើងបានទទួលការអប់រំពីគ្រប់ទិសទៅជាច្រើនឆ្នាំមកហើយផងដែរ។

    លោកបានបញ្ជាក់ផងដែរថា ការអានស្នាដៃនិពន្ធក្នុងស្រុកមានន័យថា ជាការជ្រើសរើសយកជម្រើសល្អដែលយើងអាចសិក្សាត្រូវកន្លែង ដែលយើងត្រូវផ្តោត។ អ្នកនិពន្ធក្នុងស្រុក គាត់រស់នៅក្នុងសង្គមជាមួយយើង មានវប្បធម៌ ផ្នត់គំនិតនិងភាសាដូចយើងដែរ ហេតុនេះ​អ្វីដែលជាការស្រាវជ្រាវ និងនិពន្ធរបស់គាត់ គឺដើម្បីដោះស្រាយបញ្ហាក៏ដូចជាអភិវឌ្ឍសង្គមរបស់យើងទាំងអស់គ្នា។ 

    ការបើកចិត្តស្វែងយល់សៀវភៅក្នុងស្រុក អាចជាវិធីសាស្ត្រល្អបំផុតក្នុងការទទួលយកចំណេះដឹង ប្រកបដោយភាពស៊ីជម្រៅ ព្រោះយើងអាច​ថ្លឹងថ្លែងបានពីអ្វីដែលយើងកំពុងអានសម្រាប់ពិចារណាប្រើប្រាស់ក្នុងជីវិតបានល្អជាងការអានសៀវភៅពីក្រៅស្រុក ព្រោះយើងកំពុងអាននូវអ្វីដែលយើងកំពុងរស់នៅ។ ហេតុនេះយើងដឹងច្បាស់ថាវាអាចអនុវត្តបានឬមិនបាន។ ម្យ៉ាងវិញទៀត វាក៏ជាការ​លើកទឹកចិត្តឱ្យអ្នកនិពន្ធនិងស្រាវជ្រាវក្នុងស្រុកកាន់តែមាន​ចិត្តចង់អភិវឌ្ឍស្នាដៃបន្ថែមទៀត៕