តពីអត្ថបទចាស់ដែលនិយាយពី លោក ប៉ោយ ឈុនលី ម្តងនេះក្រមា ប៉ុស្ដិ៍ សូមបង្ហាញ មនុស្សមានទេពកោសល្យផ្នែកផាត់ព៌ណគំនូរ គំនូរជីវចល ជំនាញ Design ការតាំងពិព័ណ៌ ផ្នែកផាត់មុខសិល្បៈក្នុងភាពយន្តនិងជាអតីតនិស្សិត រូបភាពគំនូរ ឬ Illusion Painting នៅសាកលវិទ្យាល័យ Ecole Pivaut University នៅប្រទេសបារាំង ទីក្រុងប៉ារីស។
អ្នកស្រី មានឈ្នោះថា គៀម កុលាប មានវ័យ ជាង ៣០ឆ្នាំ ហើយរូបគាត់ក៏ជាកូនកសិករអ្នកខេត្ត បាត់ដំបង រស់នៅខេត្តបាត់ដំបងព្រមទាំងជា ភរិយារបស់លោក ប៉ោយ ឈុនលី តែម្តង។ បច្ចុប្បន្ន សិល្បកររូបនេះក៏ជាគ្រូបង្រៀនផ្នែកគំនូរផាត់ពណ៌នៅអង្គការ ហ្វារពន្លឺសិល្បៈខេត្តបាត់ដំបង និងជាអ្នកជំនាញលើការផាត់មុខ របៀបរន្ធត់ របួស របៀបជាខ្មោច។
អ្នកស្រី កុលាប បន្ថែមថាការផាត់មុខក្នុងកុននេះ ជាជំនាញបន្ទាប់បន្សំដែលរៀនសូត្រដោយខ្លួនឯងបន្ថែមពីយូធូប និងស្រាវជ្រាវ ដោយយោងតាមមូលដ្ឋានគ្រឹះនៃចំណេះដឹងលាយពណ៌ ផាត់ពណ៌ និងសង្កេតមើលរបួសស្នាមពិតៗ និងរៀនអនុវត្តដោយខ្លួនឯងផ្ទាល់។
ដូចគ្នា និងតំណាលគ្នាជាមួយ សិល្បករ វិចិត្រករ ផលិតករគំនូរជីវចល លោក ប៉ោយ ឈុនលី កាលពីឆ្នាំ២០១១ សិល្បកររូបនេះ ក៏បានទទួលអាហារូបករណ៍ រយៈពេល ៣ឆ្នាំដើម្បីទៅរៀនឲ្យបានលម្អិត កាន់តែច្បាស់និងស្វែងយល់កាន់តែស៊ីជម្រៅទៅលើការប្រើប្រាស់ពណ៌លើរូបភាពគំនូរ ឬ Illusion Painting នៅប្រទេសបារាំង។
មុនត្រលប់មកកម្ពុជាកាលពីឆ្នាំ២០១៤ អ្នកស្រីបានទៅធ្វើទស្សនៈកិច្ចក្នុងសារមន្ទីរ និងជារោងសិប្បកម្មផលិតសម្ភារៈកុនខ្នាតអន្តរជាតិមួយ ដែលមានឧបករណ៍គ្រប់ប្រភេទសម្រាប់ផ្តល់ និងលក់ជាសេវាកម្មដល់ផលិតករភាពយន្តផ្សេងៗនៅប្រទេសបារាំង។ បទពិសោធន៍ទាំងនេះបានជម្រុញទឹកចិត្តអ្នកស្រីឲ្យចូលចិត្តលើការងារសិល្បៈតុបតែងផាត់មុខរបៀបភ័យញាប់ញ័របែបនេះទៀត ម្យ៉ាងដោយនឹកឃើញថាវិស័យភាពយន្តនៅស្រុកខ្មែរ ក៏ត្រូវការជំនាញនេះខ្លាំងណាស់ដែរ។
ងាកត្រឡប់ទៅនិយាយពីកុមារភាពរបស់អ្នកស្រីវិញ គាត់ពិតជាចូលចិត្តលើការផាត់ពណ៌ និងការគូររូបជាខ្លាំងរហូតសុំឪពុករបស់អ្នកស្រីឈប់រៀនពីសាលារដ្ឋ ដែលរឿងនេះធ្វើឲ្យលោកឪពុក ខឹងមួរម៉ៅស្ដីបន្ទោសយ៉ាងខ្លាំងដល់អ្នកស្រី។ ដោយមិនខ្វល់នឹងការសម្រេចចិត្ត ឬការពន្យល់របស់គ្រួសារ អ្នកស្រីនៅស្ងៀម តែមិនបោះបង់ក្តីស្រមៃរបស់ខ្លួនអ្នកស្រីក៏ឈប់ទៅសាលារៀនដោយខ្លួនឯង ហើយគិតតែពីរឿងគូររូបតែមួយមុខដោយមិនខ្វល់ជួយធ្វើការងារផ្ទះអ្វីទាំងអស់។
ការធ្វើខ្លួនមានះ និងបោះបង់ការសិក្សា បែបនេះ អ្នកស្រីក៏យល់ថា ជាគំនិតមិនល្អនោះទេ ពិសេសការដែល បោះបង់ការសិក្សាតាំងពីនៅក្មេងបែបនេះទៀតពិតជាផ្តល់នូវបញ្ហាជីវិតជាច្រើន។ អ្នកស្រី ពន្យល់ថា ការនោះ ព្រោះតែនៅក្មេង គាត់បានឃើញគេអត់ទៅរៀនគ្រប់គ្នាក៏មើលមិនឃើញពីតម្លៃនៃការរៀនសូត្រ។
ជាក់ស្តែងធំឡើងគាត់ត្រូវត្រឡប់ទៅរៀន ចំនេះដឹងទូទៅឡើងវិញ ដែលជាការតាំងចិត្តកាន់តែលំបាកជាថ្មីដើម្បីរៀនសូត្រពីជំនាញទន់ជាច្រើនផ្សេងទៀត ដូចជាការអាន សរសេរ និង គិតលេខនន្ធជាដើម ដែលជំនាញទាំងនេះវានឹងជួយសម្រួលដល់ការរស់នៅរបស់គាត់ក្នុងពេលបច្ចុប្បន្នអ្នកស្រី គៀម កុលាបបន្ថែម។
យ៉ាងណាមិញដោយសារឱកាសដ៏ល្អមួយដែល អ្នកស្រីបានរៀនសូត្រពីសិល្បៈគំនូរ ជាមួយគ្រូមានជំនាញនៅសាលាហ្វាពន្លឺសិល្បៈហើយស្នាដៃគំនូររបស់អ្នកស្រីក៏ត្រូវបានបរទេសចូលចិត្ត និង គាំទ្រច្រើនក៏ប៉ុន្តែតម្លៃគំនូរពិតជាមិនច្រើនគ្រប់គ្រាន់នោះទេ ដូចនេះលោកស្រី និង ស្វាមីព្យាយាមបន្ថែម ទាំងការរៀនភាសាអង់គ្លេស ភាសាបារាំង និងចំនេះទូទៅបន្ថែមទៀតដើម្បីពង្រឹងសម្ថភាព និងត្រៀមខ្លួនសម្រាប់ការផ្លាស់ប្ថូរ។
ចាំរហូតដល់ឆ្នាំ ២០១១ក៏មានគ្រូបរទេសម្នាក់មកពីប្រទេសបារាំង ពេលនោះហើយអ្នកស្រី គៀម កុលាប និង លោកប៉ោយ ឈុនលី ក៏ទទួលបានអាហារូបករណ៍ទៅរៀនជំនាញសិល្បៈគំនូរនេះបន្តនៅសាលារបស់ជនជាតិបារាំងម្នាក់នោះរហូតដល់ទៅ៣ឆ្នាំដោយជោគជ័យ។
សម្រាប់ថ្ងៃអនាគត អ្នកសិល្បៈគំនូរគៀម កុលាប ចង់ត្រឡប់ទៅប្រទេសបារាំងវិញដើម្បីរៀនបន្ថែមលើរបៀបធ្វើ Prop និងការ Make up តួរបែបខ្មោច ឬរបួសស្នាមនានា ហើយអ្នកស្រីក៏មានបំណងចែករំលែកចំនេះដឹងរបស់ខ្លួនជួនដល់យុវជនជំនាន់ក្រោយដោយបើកក្រុមហ៊ុនផ្ទាល់ខ្លួនដើម្បីផ្តល់ជាសេវាកម្មនានានៅក្នុងវិស័យផលិតភាពយន្ត៕