អង្គការផ្ទះបាយកុមារ ទទួលបានអំណោយអង្ករចំនួន20តោន ពីសប្បុរសជនក្នុងអំឡុងស្ថានភាពនៃជំងឺ COVID-19

ភ្នំពេញ៖ សណ្ឋាគារ Himawari Hotel Apartments រួមជាមួយអង្គការ Miracles Worldwide និងមូនិធិចេនឡា បានរៀបចំកម្មវិធីសប្បុរសធម៌ «Miracles WW Day» ក្រោមប្រធានបទ «ការផ្តល់ឱ្យ នឹងទទួលបានសុភមង្គលជាជាងការទទួល» ដោយបាននាំយកអំណោយជាអង្ករចំនួន 20តោន ជូនដល់អង្គការផ្ទះបាយកុមារ (Les Restaurants Des Enfants – LRDE) កាលពីថ្ងៃច័ន្ទ ទី7 ខែញ្ញា ឆ្នាំ2020 ក្រោមការចូលរួមដោយដ៏ខ្ពង់ខ្ពស់ពីសំណាក់អ្នកអង្គម្ចាស់ នរោត្តម ថានុរ៉ា។

  • សូមទាញយកកម្មវិធី Krama Post ទូរសព្ទដៃ Android សូមចុច https://bit.ly/2QiVDk8 
  • សម្រាប់ទូរសព្ទដៃ Apple (iOS) សូមចុច https://apple.co/33dkMTr 

  • ការបរិច្ចាគជាអង្ករសម្រាប់អង្គការផ្ទះបាយកុមារនៅក្នុងថ្ងៃតែមួយ ដែលពួកគាត់ធ្វើការអបអរសារទរថ្ងៃ Miracle WW Day ដែលជាកម្មវិធីខួបប្រចាំឆ្នាំរបស់ពួកគាត់។ កម្មវីធីត្រូវបានបង្កើតឡើងដោយអង្គការផ្ទះបាយកុមារ ក៏ជាថ្ងៃអបអរសាទរ និងបង្ហាញពីការដឹងគុណរបស់ពួកគេដល់អង្គការ Miracle Worldwide ក្នុងការបរិច្ចាគនានា ដល់ផ្ទះបាយកុមារកន្លងមក ព្រមទាំងជាការអរគុណដល់ម្ចាស់ជំនួយនានា នៅក្នុងប្រទេសសិង្ហបុរី។ ពិសេសជាងនេះទៅទៀតវាក៏ជាការអបអរដើម្បីពង្រឹងនាក់ទំនងរវាង Miracle Worldwide និងផ្ទះបាយកុមារ ដែលបានចំណាយពេលវេលាក្នុងការធ្វើការងារសប្បុរសធម៌ជាមួយគ្នា។

    លោក​ ង៉ូវ​ ឈីវ ស្ថាបនិកនិងជាប្រធាន​គ្រប់​គ្រង​ផ្ទះបាយកុមារ មានវ័យ 75ឆ្នាំបានរៀបរាប់ប្រាប់ឱ្យដឹងថា រូបលោកបានចំណាយពេលវេលាធ្វើការជាមួយអង្គការជាច្រើន និងបានជួយកុមារកម្ពុជាតាំងពីពេលដែលលោកមានវ័យប្រហែលជាង 30ឆ្នាំ។ នាពេលបច្ចុប្បន្ននេះមានកុមារជាច្រើនបានក្លាយជាគ្រូពេទ្យ មន្រ្តីរាជការ ធ្វើការនៅស្ថាប័នឯកជននានានិងមួយចំនួនទៀតបានបន្តការសិក្សារៀនសូត្រនៅឯបរទេស ហើយក៏មានអ្នកខ្លះបន្តរស់នៅបរទេសផងដែរ។

    លោក​ ង៉ូវ​ ឈីវ បានលើកឡើងថា៖ «ថ្ងៃនេះខ្ញុំពិតជារំភើបណាស់ព្រោះក្នុងឆ្នាំនេះ ជាថ្ងៃអបអរសាទរ Miracle WW Day ការរំពឹងទុកពីការបរិច្ចាគ គឺត្រឹមតែ 6តោន តែផ្ទុយទៅវិញយើងបានទទួលដល់ទៅ 20តោន។ ដែលអាចទំនុកបម្រុងផ្ទះបាយកុមារបានរហូតដល់ទៅកន្លះឆ្នាំ»។

    លោកបានបន្តទៀតថា៖«ក្នុងស្ថានភាព COVID-19 ម្ចាស់ជំនួយពី អ៊ីតាលី និងសម្បុរសជនផ្សេងៗ ទៀតបានកាត់បន្ថយជំនួយ តែសកម្មភាពរបស់ពួកយើងនៅតែបន្តដើម្បីកុមាររបស់កម្ពុជា។[…] សកម្មភាពមួយចំនួនត្រូវបានកាត់បន្ថយដូចជាការផ្តល់អាហារដល់កុមាររើសអេតចាយអាចមកញាំបាយ Free នៅផ្ទះបាយកុមារនះ បានកាត់បន្ថយពីពីរពេល មកត្រឹមតែមួយពេលប៉ុណ្ណោះ គឺអាហារពេលព្រឹក»។

    លោក Andrew Tay នាយក សណ្ឋាគារ Himawari Hotel Apartments បានប្រាប់ឱ្យដឹងនៅក្នុងកម្មវិធីថា រូបលោក ព្រមទាំងភិរិយា ពិតជាមានអារម្មណ៍សប្បាយរីករាយដែលបានមកដល់អង្គការផ្ទះបាយកុមារ(Les Restaurants Des Enfants – LRDE) ជាលើកទីមួយ។ ដើម្បីបង្ហាញពីការគាំទ្ររបស់លោក រួមជាមួយសណ្ឋាគារ Himawari Hotel Apartments ព្រមទំាងក្រុមគ្រួសារ មិត្តភក្តិ ក្នុងការចូលរួមចំណែកការងារសប្បុរសធម៌ដោយបានសហការជាមួយនឹងអង្គការ​ Miracle Worldwide ក្នុងការជួយដល់អង្គការផ្ទះបាយកុមាររួម។

    លោក Andrew Tay បានលើកឡើងថា៖ «កន្លងមកសណ្ឋាគារ HimawariHotel Apartments បានធ្វើសម្មភាពសប្បុរសធម៌ក្នុងសង្គមជាច្រើនដើម្បីជួយសហគមន៍ខ្មែរនិងជួយផ្សព្វផ្សាយចំណេះដឹង សេចក្តីស្រឡាញ់និងការលើកទិកចិត្តតាមរយៈព្រះបន្ទូលរបស់ព្រះអង្គម្ចាស់យេស៊ូគ្រីស្ទតែនេះជាលើកទីមួយរបស់សណ្ឋាគារ Himawari Hotel Apartments ដែលបានបរិច្ចាគនិងជួយរៃអង្គាសអង្ករពីគ្រួសារ និងមិត្តភក្តិ សម្រាប់ឧបត្ថមជាអង្ករក្នុងទ្រង់ទ្រាយធំបែបនេះ»។ 

    លើសពីនេះទៅទៀតលោក Andrew Tay បានថ្លែងអំណរគុណ និងលើកទឹកចិត្តដល់អង្គការផ្ទះកុមារនៅតែបន្តការងារសប្បុរសធម៌របស់ពួកគេក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរជីវិតរបស់កុមាររើសសំរាមនៅកម្ពុជា។ដោយការផ្តល់អាហារដែលមានសារធាតុចិញ្ចឹមដល់រាងកាយ និងគ្រប់គ្រាន់ក្នុងការជួយដល់ការលូតលាស់របស់ពួកគេ។ 

    ក្រៅពីនេះផ្ទះបាយកុមារក៏បានលើកទឹកចិត្តឱ្យកុមារទៅសាលារៀនដូចកុមារដ៏ទៃទៀតដោយបានផ្តល់ប្រាក់កាសឱ្យពួកគេទៅរៀនក្នុងមួយថ្ងៃ 1000រៀល និងតែងតែតាមដានពីការសិក្សា និងលិទ្ធផលសិក្សារបស់ពួកគេ មិនត្រឹមតែប៉ុណ្ណោះអង្គការផ្ទះបាយកុមារក៏មានការយកចិត្តទុកដាក់ក្នុងការតាមដានសុខភាពកុមារផងដែរ។

    ទាំងនេះ គឺជាមូលដ្ឋានគ្រឹះដើម្បីជួយកុមារក្រីក្ររបស់កម្ពុជាឱ្យមានអនាគតល្អប្រសើរជាងមុននៅពេលខាងមុខ លោកបានលើកទឹកចិត្តដល់កុមារៗ ដែលទទួលបានការថែទាំ ផ្គត់ផ្គង់ ពីផ្ទះបាយកុមារឱ្យខិតខំរៀនសូត្រទៅសាលារៀនដើម្បីឆ្ពោះទៅរកអនាគតភ្លឺស្វាងនាពេលខាងមុខ ជាពិសេសក៏ជាចំណែកមួយដ៏ធំជួយដល់សង្គមជាតិវិញ។លោកសង្ឃឹមថាឪពុកម្តាយរបស់ក្មេងៗ និងបំពេញនូវទំនួលខុសត្រូវរបស់ពួកគេក្នុងនាមជាឪពុកម្តាយនិងធានាថាកូនៗ របស់ពួកគេទទួលបានការយកចិត្តទុកដាក់ខ្ពស់ផងដែរ។ នៅបញ្ជប់លោកបានបន្ថែមទៀតថាកម្មវិធីសប្បុរសធម៌នេះមិនអាចទៅរួចនោះទេបើគ្មានការចូលរួមឧបត្តមគាំទ្រ ជាវិភាគទានពីម្ចាស់ជំនួយសប្បុរសជននានា ដែលបានសហការរួមគ្នាដើម្បីសុខមាលភាពកុមារកម្ពុជានិងការរៀនសូត្ររបស់ពួកគេ៕