អ្នកសិក្សាស្ទើរតែគ្រប់គ្នាតែងតែ មានអារម្ភថាភ័យឬព្រួយបារម្ភនៅពេលដែលជិតប្រឡង ជាពិសេសការប្រឡងសញ្ញាបត្រសំខាន់ៗដូចជា ប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឬការប្រឡងសិស្សពូកែទូទាំងប្រទេសជាដើម។
- សូមទាញយកកម្មវិធី Krama Post ទូរសព្ទដៃ Android សូមចុច https://bit.ly/2QiVDk8
- សម្រាប់ទូរសព្ទដៃ Apple (iOS) សូមចុច https://apple.co/33dkMTr
លោក ចេង បូរិទ្ធ សាស្រ្តាចារ្យគណិតវិទ្យា និងជាអតីតសិស្សពូកែទូទាំងប្រទេសបានលើកឡើងថា ការប្រឡងមិនមែនជាពេលវេលាដែលត្រូវភ័យព្រួយនោះទេ តែជាពេលវេលាប្រកបដោយមោទកភាពសម្រាប់បញ្ចេញសមត្ថភាព។ ជាធម្មតាយើងគ្រប់គ្នាខិតខំប្រឹងប្រែងរៀន គឺដើម្បីប្រើប្រាស់ចំណេះដឹងនោះឱ្យមានប្រយោជន៍ហេតុនេះការប្រឡងជាដំណាក់កាលសំខាន់មួយ ក្នុងការសាកល្បងសមត្ថភាពរបស់ខ្លួនឯង។
លោកថាការព្រួយបារម្ភ ឬការភ័យខ្លាចមិនអាចធ្វើឱ្យយើងផ្លាស់ប្តូរអ្វីទាំងអស់ ផ្ទុយទៅវិញវាមានតែធ្វើឱ្យការប្រឡងត្រូវប្រឈមជាមួយនឹងឧបសគ្គកាន់តែច្រើន។ នៅពេលដែលយើងភ័យខ្លាំង ចំណេះដឹងនៅក្នុងខ្លួនដែលខំរៀនទាំងប៉ុន្មាននឹងរលាយបាត់ទៅវិញ។ បញ្ហានេះនឹងធ្វើឱ្យយើងស្តាយក្រោយនៅពេលប្រឡងចប់ ដោយសារតែក្រោយពេលភាពភ័យខ្លាចនោះរលាយបាត់ទៅវិញ ទើបយើងនឹកឃើញអ្វីដែលជាចម្លើយ។
លោក ចេង បូរិទ្ធ បាននិយាយថា៖ «ហេតុនេះជំនួយឱ្យការភ័យខ្លាច យើងគួរគិតថាការប្រឡងជាពេលវេលាល្អបំផុតក្នុងការបញ្ចេញសមត្ថភាព ព្រោះបើទោះបីជាយើងចេះច្រើនប៉ុណ្ណាក៏ដោយ បើមិនប្រឡងទេយើងនៅតែមិនអាចមើលឃើញពីលទ្ធផលរបស់ខ្លួនឯងដដែល»។
បន្ថែមពីលើនេះ អ្នកអប់រំខាងលើបានបញ្ជាក់ផងដែរថា ការនិយាយថាកុំភ័យ គឺជារឿងងាយស្រួលតែការទប់អារម្មណ៍មិនឱ្យភ័យទើបជារឿងលំបាក។ លោកណែនាំថា ដើម្បីកុំឱ្យភ័យហើយទាញបាននូវអារម្មណ៍ពុះកញ្ជ្រោល ចង់ប្រឡងកាន់តែខ្លាំងនោះអ្នករៀនទាំងអស់ចាំបាច់ ត្រូវតែក្តោបស្ថានការណ៍ឱ្យបានមុនពេលប្រឡង។ មានន័យថា ប្រសិនបើយើងមិនចេះ ឬនៅស្ទាក់ស្ទើរលើមុខវិជ្ជាច្រើន យើងនឹងមានអារម្មណ៍ថាមិនទុកចិត្តលើខ្លួនឯង ហើយច្របូកច្របល់តែប្រសិនបើយើងក្តាប់ស្ថានការណ៍បាន ដោយខិតខំប្រឹងប្រែងតាមដំណើរពីដើមឆ្នាំ នោះយើងនឹងមានទំនុកចិត្តលើខ្លួនឯងខ្ពស់ក្នុងការបង្ហាញសមត្ថភាពនៅពេលប្រឡង។
បន្ថែមពីលើនេះ បើទោះបីជាមិនបានខំប្រឹងប្រែងពីដើមឆ្នាំក៏មិនមែនជារឿងដែលគួរឱ្យភ័យពេកនោះដែរ។ យើងនៅតែអាចច្នៃស្ថានការណ៍បានដូចគ្នា តាមរយៈការកំណត់កាលវិភាគ និងវិន័យឱ្យបានច្បាស់លាស់សម្រាប់រៀនត្រៀមប្រឡង។ ជាវិធីសាស្រ្តល្អក្នុងការត្រៀមក្នុងរយៈពេលខ្លី យើងគួរបែងចែកឱ្យដាច់ចំពោះមេរៀន និងលំហាត់។ មុខវិជ្ជាខ្លះដូចជាមុខវិជ្ជាអក្សរសាស្រ្ត ឬមុខវិជ្ជាដែលត្រូវការទន្ទេញចាំច្រើន យើងអាចធ្វើការសង្ខេបឱ្យខ្លី និងងាយយល់ ខណៈមុខវិជ្ជាដែលត្រូវអនុវត្តលំហាត់ដូចជាមុខវិជ្ជាវិទ្យាសាស្រ្តពិត ចាំបាច់ត្រូវមានម៉ោងដើម្បីអនុវត្តឱ្យបានច្រើន។នៅពេលយើងគ្រប់គ្រងកាលៈទេសៈនៃការត្រៀមនេះបានល្អយើងក៏អាចបំបាត់ភាពភ័យខ្លាចមួយផ្នែកធំផងដែរនៅថ្ងៃប្រឡង៕