សម្តេច ហ៊ុន សែន ប្រកាស​ជាថ្មី​ថា នឹង​កាត់​ដៃ​ម្ខាងចោល បើ​លើកលែងទោស​ឲ្យ​លោក សម រង្ស៊ី

សុខចិត្ត​កាត់​ដៃស្តាំ​គ្រវាត់ចោល បើ​លើកលែងទោស​ឲ្យ​លោក សម រង្ស៊ី​។ នេះ​ជាការ​ប្តេជ្ញា​សាជាថ្មី​របស់​សម្តេច ហ៊ុន សែន បន្ទាប់ពី​ខឹង​លោក សម រង្ស៊ី ដែល​ចោទថា ការបោះឆ្នោត មានការ​ក្លែងបន្លំ​។​

សុខចិត្ត​កាត់​ដៃស្តាំ​គ្រវាត់ចោល បើ​លើកលែងទោស​ឲ្យ​លោក សម រង្ស៊ី​។ នេះ​ជាការ​ប្តេជ្ញា​សាជាថ្មី​របស់​សម្តេច ហ៊ុន សែន បន្ទាប់ពី​ខឹង​លោក សម រង្ស៊ី ដែល​ចោទថា ការបោះឆ្នោត មានការ​ក្លែងបន្លំ​។

​ជម្លោះ​បុគ្គល​រវាង​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​កាត់បន្ថយ​នោះទេ សូម្បីតែ​បន្តិច​។ ផ្ទុយ​មកវិញ គូប្រជែង​នយោបាយ​រាប់​ទសវត្សរ៍​ទាំងពីរ​រូបនេះ មានតែ​ផ្ចាញ់ផ្ចាល​គ្នា​កាន់តែខ្លាំង​ឡើងៗ ជា​ពិ​សេ​សក្រោយ​ការបោះឆ្នោត​នៅ​អាណត្តិ​ទី​៦​។ 

​អ្វីដែល​ធ្វើ​ឲ្យ​សម្តេច ហ៊ុន សែន មិនអាច​ត្រជាក់ចិត្ត​នោះ គឺ​លោក សម រង្ស៊ី បាន​ចោទ​ពី​ក្រៅប្រទេស​មក​ថា គណបក្សកាន់អំណាច និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) រួមគ្នា​បំប៉ោង​តួលេខ​នៃ​អ្នក​ទៅ​បោះឆ្នោត​។ ព្រោះ​មិន​សប្បាយ​ចិត្តនឹង​ការចោទប្រកាន់​បែប​នះ សម្តេច ហ៊ុន សែន ក៏​ប្រកាសឡើង​យ៉ាង​ដាច់​ណាត់​ម្តង​ទៀតថា នឹងមិន​ថ្វាយ​សំណើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​សុំព្រះ​រាជទាន​លើកលែងទោស​ឲ្យ​លោក សម រង្ស៊ី ជាដាច់ខាត​។

​ប្រធាន​គណបក្សកាន់អំណាច បាន​និយាយ​សំដៅ​ទៅរក​អតីត​ប្រធាន​គណបក្សប្រឆាំង ដែល​កំពុង​និរទេស យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​បានដាក់ [​សន្យា​] ហើយ​ថា បើ​ខ្ញុំ លើកលែងទោស​ឲ្យ​ម្នាក់​ហ្នឹង ខ្ញុំ​សុខចិត្ត​កាត់​ដៃស្តាំ​របស់​ខ្ញុំ​គ្រវាត់ចោល​។ រឿង​ម្នាក់​ហ្នឹង កុំ​សង្ឃឹម ហើយ​បើ​ចង់​សង្ឃឹម ត្រូវ​មក​ចូល​គុក​នៅ​ស្រុក​ខ្មែរ​សិន​»​។

​ការ​ថ្លែង​ខាងលើ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា គឺធ្វើឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កីឡាករ​-​កីឡាការិនី​ប្រមាណ​៧០​នាក់ នៅ​ព្រឹក​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៨ មុននឹង​ពួកគេ ចេញទៅ​ប្រកួត Asian Games នៅ​ប្រទេស​ឥណ្ឌូនេស៊ី នាពេល​ខាងមុខនេះ​។​

​គេ នៅចាំ​ថា កន្លងមក មេដឹកនាំ​កម្ពុជា​រូបនេះ ធ្លាប់បាន​ប្រកាស​រួចមក​ហើយ ចំពោះ​ការមិន​អន់ឱន​ឲ្យ​ដៃគូ​ប្រកួត​របស់ខ្លួន​។ «​ខ្ញុំ បានស្នើ​ឲ្យ​លើកលែងទោស​ពីរដង​ហើយ​។ បើ​មាន​លើក​នេះ​ទៀត ខ្ញុំ​នឹង​កាត់​ដៃស្តាំ​ខ្លួនឯង​ចោល​»​។ នេះ​ជាស​ម្តី​របស់​ប្រធាន​គណបក្សកាន់អំណាច ដែល​បានលើកឡើង​កាលពី​ចុងឆ្នាំ​២០១៥​។