ផែនការមេអភិវឌ្ឍន៍តំបន់ទេសចរណ៍ខេត្តសៀមរាប ត្រូវបានរៀបចំ ដើម្បីបង្កើនចំណូលឱ្យបាន ៥០០០លានដុល្លារ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសិក្សាលើការរៀបចំផែនការមេ សម្រាប់អភិវឌ្ឍន៍តំបន់ទេសចរណ៍នានានៅទូទាំងខេត្តសៀមរាប ដើម្បីធ្វើយ៉ាងណាបង្កើនលទ្ធភាពក្នុងទទួលបានចំណូល ពីវិស័យទេសចរណ៍រហូតដល់ប្រមាណ ៥០០០លានដុល្លារ នៅត្រឹមឆ្នាំ២០៣៥។ 

  • សូមទាញយកកម្មវិធី Krama Post ទូរសព្ទដៃ Android សូមចុច https://bit.ly/2QiVDk8 
  • សម្រាប់ទូរសព្ទដៃ Apple (iOS) សូមចុច https://apple.co/33dkMTr 

យោងតាមការចេញផ្សាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥ ដើម្បីអាចបង្កើនចំណូលពីវិស័យទេសចរណ៍នៅខេត្តសៀមរាបឱ្យកាន់តែច្រើន។ 

តាមការព្យាករណ៍ក្នុងឆ្នាំ ២០៣៥ ទេសចរណ៍អន្តរជាតិនាំមកនូវចំណូលចំនួន ៤,៧៦៥លានដុល្លារ និងទេសចរណ៍ជាតិ នាំមកនូវចំណូលចំនួន ១,២៨០លានដុល្លារ ។

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥) សិក្សារៀបចំដោយគណៈកម្មការអន្តរក្រសួង ដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំផែនការមេនេះ ត្រូវបានរំពឹងថា នឹងក្លាយជាយន្តការដ៏មានសារៈសំខាន់ចាំបាច់ សម្រាប់ការឆ្លើយតបទៅនឹងស្ថានភាពនាពេលបច្ចុប្បន្នក៏ដូចជាអនាគត ឆ្លើយតបនឹងឥទ្ធិពលនៃជំងឺឆ្លងកូវីដ-១៩ (COVID-19) ជាពិសេស ត្រូវសម្រេចឱ្យបាននូវបំណងប្រាថ្នារួមរបស់រាជរដ្ឋាភិបាល ដើម្បីជាអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប ដូចខាងក្រោម៖

ទី១៖ ខេត្តសៀមរាប គឺជាខេត្តទេសចរណ៍អន្តរជាតិដ៏គួរឱ្យចាប់អារម្មណ៍ និងមានការទទួលស្គាល់ជាលក្ខណៈជា សកលលើការអភិរក្ស និងកិច្ចគាំពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ ដោយផ្តល់ជូននូវធនធានទេសចរណ៍ និងភាពទាក់ទាញជាច្រើនទៀត ។

ទី២៖ ធានាឱ្យបាននូវផលប្រយោជន៍សង្គម-សេដ្ឋកិច្ច ជាអតិបរមាពីវិស័យទេសចរណ៍ ពោលគឺតំបន់ប្រវត្តិសាស្រ្តអង្គរ, តំបន់ទីក្រុងដែលមានស្ទឹងសៀមរាប, តំបន់ទន្លេសាប, ឧទ្យានជាតិភ្នំគូលែន និងតំបន់ជនបទដែលជាគោលដៅទេសចរណ៍ ត្រូវតែភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ ។

ទី៣៖ ខេត្តសៀមរាប ត្រូវតែជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព សំដៅទាក់ទាញភ្ញៀវទេសចរ ដែលមានគុណភាពមកកម្សាន្ត ម្តងហើយម្តងទៀត ស្នាក់នៅយូរ និងចំណាយច្រើន អាចបង្កើននូវចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន និងកសាងសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយបរិយាប័ន្ន ។

លើសពីនេះ, «ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥) ក៏នឹងឆ្លុះបញ្ចាំងពីឆន្ទៈរបស់រាជរដ្ឋាភិបាលដែលចាត់ទុក «វិស័យទេសចរណ៍ជាមាសបៃតង» ក្នុងការចូលរួមដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការលើកស្ទួយវប្បធម៌ជាតិ និងទ្រទ្រង់ដល់កិច្ចគាំពារបរិស្ថាន ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប និងតំបន់ជុំវិញ ដើម្បីប្រែក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព (Alternative Tourism/Quality Destination) មានការគ្រប់គ្រងលើការអភិវឌ្ឍវិស័យទេសចរណ៍ច្បាស់លាស់ និងកាត់បន្ថយផលប៉ះពាល់ ជាអវិជ្ជមានដល់តំបន់អង្គរ និងធនធានធម្មជាតិឱ្យបានជាអតិបរមា សំដៅទាក់ទាញភ្ញៀវទេសចរមកកម្សាន្តច្រើនដង ពិសេសភ្ញៀវទេសចរកម្រិតខ្ពស់ ដើម្បីបង្កើននូវប្រភពចំណូលជូនជាតិ និងប្រជាពលរដ្ឋមូលដ្ឋាន៕