នៅក្នុងទ្វីបអាសុី ប្រជាជនដែលទទួលបានការកោតសរសើរនិងគោរពឲ្យតម្លៃ ជាងគេនោះគឺជនជាតិជប៉ុន ហើយជនជាតិមួយនេះ ត្រូវបានមហាជនជាច្រើនតែងតែចាត់ទុកថា រៀមច្បងសម្រាប់ជាគំរូ ជូនទៅដល់ជាតិសាសន៍ផ្សេង។ ហើយខាងក្រោមនេះ គឺជាមូលហេតុមួយចំនួន៖
១. ការគោរពវិន័យ
ជនជាតិជប៉ុន គឺជាពូជសាសន៍ដែលតែងតែគោរពពេលវេលា មិនថាពេលណាត់ជួបគ្នា ធ្វើការ និងពេលវេលាជីវិតនោះទេព្រោះពួកគេគិតថាជីវិតរបស់មនុស្សយើងម្នាក់ៗ គឹមានរយៈពេលខ្លីណាស់។ ហេតុដូច្នេះហើយទើបពួកគេព្យាយាមចាយវាយពេលវេលារបស់ខ្លួន និងមនុស្សជុំវិញឲ្យបានយ៉ាងត្រឹមត្រូវផងដែរ។
២. សុខភាព
ជនជាតិជប៉ុន គឺជាជនជាតិដែលមានអាយុវែងហើយពួកគេជាពូជសាសន៍ដែលស្រឡាញ់ចូលចិត្តថែរក្សាសុខភាពរបស់ខ្លួនខ្លាំងណាស់។ ហើយជាក់ស្តែងយើងតែងតែប្រទះឃើញជាតិសាសន៍នេះចូលចិត្តទទួលទានត្រីសមុទ្រ និងអាហារឆៅដើម្បីឲ្យពួកគេទទួលបានសារធាតុប្រូតេអុីនឲ្យបានច្រើនក្នុងការរក្សាភាពក្មេងវ័យនិងសុខភាពល្អគ្មានជម្ងឺនៅពេលចាស់។
៣. ការចេះគោរពស្រឡាញ់គ្នាទៅវិញទៅមក
ជនជាតិជប៉ុន តែងតែគោរពនិងផ្តល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមកហើយមិន ថាមានវណ្ណៈខុសគ្នា អាយុខុសគ្នានិងពណ៌ខុសគ្នានោះទេ។ ជនជាតិជប៉ុននៅតែគោរព យោគយល់ និងស្រឡាញ់គ្នាក្នុងប្រទេសតែមួយជាមួយគ្នា។ហេតុដូច្នេះហើយបាន ជាទូទៅនៅបណ្តាប្រទេសដែលកំពុងតែជួបប្រទះភាពក្រីក្រតែងតែទទួលបានការឧបត្ថម្ភពីប្រទេសជប៉ុនជានិច្ចបើទោះបីជាប្រទេសជប៉ុនខ្លួនឯងតែងតែជួបប្រទះនូវ គ្រោះធម្មជាតិក៏ដោយចុះ។
៤. ស្មារតីតស៊ូ
ជនជាតិជប៉ុន គឺជាជនជាតិដែលតែងតែចំណាយពេលវេលាច្រើនក្នុងការធ្វើការនិងស្វែងរកប្រាក់ចំណូលឲ្យកាន់តែបានច្រើន។ ពួកគេមិនងាយនឹងបោះបង់ ចោលគោលដៅ ការតាំងចិត្តនិងការខិតខំប្រឹងប្រែងរបស់ខ្លួននោះឡើយ។ បើទោះបីជាពេលខ្លះវាលំបាក ហត់នឿយប៉ុន្តែពួកគេនៅតែព្យាយាមជានិច្ចផងដែរ៕