មធ្យោបាយទូទាត់នៅពេលបច្ចុប្បន្នគឺកាន់តែទំនើប និងងាយស្រួល មិនថាការទូទាត់ជាបុគ្គលក្នុងទ្រង់ទ្រាយតូចៗ ឬទូទាត់ជាលក្ខណៈពាណិជ្ជកម្មធំៗ គឺកាន់តែមានភាពងាយស្រួល ដោយសារតែការវិវត្តនៃបច្ចេកវិទ្យារៀងរាល់ថ្ងៃ។ ផ្អែកតាមការចេញផ្សាយថ្មីៗនៃរបាយការណ៍ស្រាវជ្រាវឈ្មោះ Payments Ecosystem របស់ គេហទំព័រផ្នែកហិរញ្ញវត្ថុ និងពាណិជ្ជកម្មដ៏ល្បីរបស់សហរដ្ឋអាមេរិក Business Insider ក៏បានបង្ហាញនូវបីចំណុចធំៗ ជារូបរាងនៃប្រព័ន្ធមធ្យោបាយទូទាត់ ទាំងក្នុងពេលបច្ចុប្បន្ន និងការលូតលាស់របស់វា នៅពេលអនាគត ដែលមានដូចជា៖
១. ការទូទាត់ទ្រង់ទ្រាយតូច ឬការលក់រាយ ទិញ-ដូរ នៅតាមហាងទំនិញគឺនៅតែបន្តមាន ៨៩% (នៅក្នុងសហរដ្ឋអាមេរិក)។ ដោយឡែកអ្វីដែលកត់សម្គាល់នោះគឺ ការប្រើប្រាស់កាត ដែលមានសាច់លុយសម្រាប់ទូទាត់នៅតែបន្តនាំមុខក្នុងការទូទាត់ លក់-ដូរនៅក្នុងហាងទំនិញ ខណៈពេលដែលការទូទាត់ដោយ សាច់ប្រាក់សុទ្ធ និងមូលប្បទានប័ត្រ (សែក) មានអត្រាថយចុះទៅៗ (ក្នុងកម្រិតយឺត)។ ប៉ុន្តែ គេក៏ស្ទង់ឃើញថា កំណើនការទូទាត់ដោយមិនមានប៉ះសាច់ប្រាក់ផ្ទាល់ ពោលគឺទូទាត់ទឹកប្រាក់តែរយៈតាមទូរសព្ទដៃ បានលេចជារូបរាងច្បាស់លាស់ ដែលពុំបាច់មានចម្ងល់ទៀតថា ថ្ងៃអនាគត ការទូទាត់បែបនេះ នឹងក្លាយជារឿងធម្មតា។
២. ការទិញទំនិញតាមរយៈ ប្រព័ន្ធអេឡិចត្រូនិក ដោយមិនចាំបាច់ទៅហាងដោយផ្ទាល់ កំពុងមានកំណើនកើនឡើងខ្លាំង ហើយអនាគតវានឹង ស្រូបយកចំណែកនៃការទិញរាយមួយចំនួន ពីការទៅហាងទិញដោយផ្ទាល់។ ការបញ្ជាទិញតាមរយៈទូរសព្ទដៃ និងកុំព្យូទ័រ នឹងនាំមុខគេនៅក្នុងរឿងនេះ។ ហើយទន្ទឹមនឹងនោះ វិធីថ្មីនៃការទូទាត់នឹងកាន់តែងាយស្រួល ដែលអាចមានរូបរាងជា បច្ចេកវិទ្យាឆ្លើយសំនួរតាមតម្រូវការ នឹងឆ្លើយឆ្លងដោយសម្លេងបច្ចេកវិទ្យា ការសម្លៀកបំពាក់ ឬសូម្បីតែការចំណាយដោយរថយន្តជាមធ្យោបាយដឹកជញ្ជូនសាធារណ នឹងកាន់តែងាយស្រួល។
៣. មធ្យោបាយទូទាត់បែបឌីជីថល នឹងបង្កភាពងាយស្រួលមិនមែនសម្រាប់តែការទូទាត់តូចៗប៉ុណ្ណោះទេ ការទូទាត់លក្ខណៈពាណិជ្ជកម្មធំៗ ការផ្ញើប្រាក់ក្នុងទំហំពាណិជ្ជកម្មធំតាមបែបអេឡិចត្រូនិក នឹងនៅតែបន្តរីកលូតលាស់នៅទូទាំងប្រព័ន្ធទូទាត់បែបឌីជីថល។
ក្រៅពីការលើកឡើងនៃការព្យាករនូវរូបរាងអនាគតនៃមធ្យោបាយទូទាត់បីចំណុចខាងលើនេះ របាយការណ៍ Payments Ecosystemយ៉ាងណាមិញក៏បានលើកពីបញ្ហាខ្លះផងដែរ សម្រាប់ការទូទាត់តាមបែបឌីជីថល នោះគឺ ការគេងបន្លំបោកប្រាស់ថ្មីៗដែលអាចនឹងកើតឡើងលើប្រព័ន្ធឌីជីថល ដែលអាចគំរាមកំហែងទាំងប្រព័ន្ធសុវត្ថិភាពទិន្នន័យពីអ្នកប្រើប្រាស់ប្រព័ន្ធទូទាត់ ក៏ដូចជា ទិន្នន័យសម្ងាត់ឯកជនផងដែរ ដែលសុទ្ធសឹងជាបញ្ហាត្រូវត្រៀមបង្ការ ការពារ៕