យើងសង្កេតឃើញថា បច្ចុប្បន្នការលក់និងទិញចំណីអាហារមានការពេញនិយមលើប្រព័ន្ធអនឡាញ មិនត្រឹមតែនៅទីក្រុងភ្នំពេញទេ ថែមទាំងតាមបណ្តាខេត្តទៀតផង។
យ៉ាងណាមិញ ការប្រកបអាជីវកម្មលក់ចេកអាំងនិងអន្សមអាំងនាពេលបច្ចុប្បន្ន ក៏ហាក់មានការពេញនិយមគួរអោយកត់សម្គាល់ផងដែរ ដោយអាជីវកម្មប្រភេទនេះអាចចាប់ផ្តើមបាន ដោយពុំចាំបាច់ចំណាយដើមទុនច្រើននិងទីតាំងដើម្បីរចនាជាហាងទំនើបឱ្យភ្ញៀវអង្គុយក្នុងម៉ាស៊ីនត្រជាក់ ដូចជាប្រភេទអាហារមួយចំនួននោះទេ។
ថ្ងៃនេះផងដែរ Kramapost.com សូមនាំអារម្មណ៍ប្រិយមិត្តអ្នកអាន មកស្គាល់អាជីវករលក់ចេកអាំង និងអន្សមអាំងម្នាក់ដែលរស់នៅក្នុងសង្កាត់ជ័យជម្នះខណ្ឌដូនពេញ គឺអ្នកស្រី នួន ណារ៉ុម។
អ្នកស្រី នួន ណារ៉ុម ជាអាជីវករលក់ចេកអាំងនៅទីក្រុងភ្នំពេញម្នាក់ មានប្រសាសន៍ថា សព្វថ្ងៃរបរលក់ចេកអាំងនិងអន្សមអាំងនេះហាក់មានសន្ទុះ និងការពេញនិយមនៅប៉ុន្មានឆ្នាំចុងក្រោយនេះក្តី ប៉ុន្តែសម្រាប់អតិថិជននៅកន្លែងអ្នកស្រី នៅតែបន្តគាំទ្រច្រើនដដែលដោយមានពេលខ្លះភ្ញៀវឈរតម្រង់ជួរស្ទើតែលក់មិនទាន់។
អ្នកស្រីបន្តថា ចេកអាំង និងអន្សមអាំងរបស់អ្នកស្រី មិនត្រឹមតែមានការគាំទ្រពីសំណាក់ប្រជាជននៅប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែភ្ញៀវនៅក្រៅប្រទេស តែងតែកម្មង់ទិញជាញឹកញាប់ផងដែរ។
អាជីករវ័យ៥១ឆ្នាំរូបនេះថា៖« អ្នកស្រុកក្រៅគេឧស្សាហ៍កម្មង់នៅពេលដែលគេមក ជាពិសេសអ្នកនៅសហរដ្ឋអាមេរិកនិងអ្នកនៅបារាំង »។
អ្នកស្រីបញ្ជាក់ថា ការរៀបចំនិងផ្សំគ្រឿង អ្នកស្រីតែងគិតពីអនាម័យជានិច្ច និងការជ្រើសរើសចេកដែលជាផលិតផលរបស់ខ្មែរមកធ្វើ ដូច្នេះហើយទើនមានការគាំទ្រតាំងជាបន្តបន្ទាប់រហូតមក។ អ្នកស្រីបន្តថា អតិថិជនដែលធ្លាប់បានបរិភោគតែងសរសើរពីរសជាតិពីចេកអាំងរបស់អ្នកស្រី និងពីរបៀបធ្វើថា៖ « លក់មានអនាម័យត្រឹមត្រូវ ហើយញាំទៅជក់មាត់ដោយសាររសជាតិឆ្ញាញ់ប្លែកខុសពីកន្លែងផ្សេង »។
អ្នកស្រី ណារ៉ុម បន្ថែមថា សម្រាប់ចំណូលបច្ចុប្បន្ន គឺទទួលបានគួរសម ដែលអាចទ្រទ្រង់នឹងចំណាយប្រចាំថ្ងៃបានល្អប៉ុន្តែត្រូវបែងចែកជាប្រាក់ខែឲ្យទៅបុគ្គលិក និងទូទាត់ថ្លៃដើមផងដែរ។
អាជីវករក្នុងខណ្ឌដូនពេញរូបនេះថា៖ «ការលក់ចេកអាំង និងអន្សមអាំងហ្នឹង មួយថ្ងៃបើលក់ដាច់ខ្លាំងបាន៧០ម៉ឺន ទៅ៨០ម៉ឺន »។
អ្នកស្រី នួន ណារ៉ុម ជម្រាបថាការប្រកបរបរលក់ចេកអាំង និងអន្សមអាំងនេះ អ្នកស្រីចាប់ផ្តើមប្រមាណជាង២០ឆ្នាំមកហើយ ចំណែកវិធីសាស្រ្តនៃការផ្សំគ្រឿងនេះ គឺបានមកពីការកែឆ្នៃរសជាតិដោយខ្លួនឯង៕