ស្វែង​យល់​គោលការណ៍​ក្រម​សីលធម៌​​​៥ សម្រាប់​អ្នក​ប្រើ​ប្រាស់​​អ៊ិនធើណិត

សព្វ​ថ្ងៃ ចំនួន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​អ៊ីនធើណិត​នៅ​កម្ពុជា​មាន​ច្រើន​នាក់​ និង​ស្ទើរ​តែ​គ្រប់​វ័យ មិន​ថា​ជា​យុវវ័យ​ ឬ​វ័យ​ចំណាស់​​។ដោយ​ផ្អែក​​តាម​​ទិន្នន័យ​​ពី Extrapolation of Facebook data បាន​ឱ្យ​ដឹង​​ថាត្រឹម​តែ​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) ជា​បណ្តាញ​​ទំនាក់​ទំនង​​នៅ​លើ​​អ៊ីនធើណិត​​ គឺ​មាន​អ្នក​ប្រើ​ប្រាស់​​​ដល់​ទៅ ៨,៨ លាន​នាក់ហើយ​​ក្នុង​នោះ​អ្នក​ប្រើ​​ប្រាស់​ ជាង​៧៣​%​ មាន​អាយុ​ចន្លោះ​ពី​១៨ ដល់​៣៥​ឆ្នាំ​(គិត​ត្រឹម​ខែ​មេ​សា ឆ្នាំ​២០១៩)។ ​​​

យ៉ាង​ណា​មិញ​​ ការ​ប្រើ​ប្រាស់​សេវា​​បច្ចេកវិទ្យា​ ដែល​​​ជួយ​សម្រួល​​ដល់​ទំនាក់​ទំនង​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​​ឱ្យ​មាន​ភាព​ងាយ​ស្រួលនិង​លឿន​ រហ័ស​ នេះ​ ក៏​​កំពុង​បង្ក​បញ្ហា​ប្រឈម​មួយ​ចំនួន​ផង​ដែរ ពិសេស​ទៅ​លើ​ផល​វិបាក​ផ្នែក​សីលធម៌​ ដែល​យើង​អាច​ឃើញ​ កើត​មាន​ឡើង​នៅ​ក្នុង​សង្គម​សព្វ​ថ្ងៃ។ចំពោះ​បញ្ហា​នេះ តាម​រយៈការ​ផ្សាយ​របស់​សមាគម​បណ្តាញ​យុវជន​កម្ពុជា(CYN) ក៏​​បាន​ស្រាវជ្រាវ​ចង​ក្រង​ចេញ​ជា​នូវ​សៀវភៅ​ខ្លឹម​សារ​គោលការណ៍​ក្រម​សីលធម៌​៥សម្រាប់​អ្នក​ប្រើ​ប្រាស់​អ៊ីនធើណិត​ អាច​​សិក្សា​ស្វែង​យល់ជា​ការ​បង្កើន​ចំណេះ​ដឹង និង​បន្ថយ​ការ​ប្រឈម​ សកម្មភាព​អសីលធម៌ នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​អ៊ីនធើណិត​នៅ​កម្ពុជាហើយ​គោលការណ៍​ទាំង​​៥​​​នៃ​ក្រម​សីលធម៌​ទាំង​នោះ​មាន​ខ្លឹម​សារ​ជា​សង្ខេប​​​ដូច​ខាង​ក្រោម​​៖

១. សុភនិច្ឆ័យ​​ក្នុង​ការ​ប្រើ​ប្រាស់​​អ៊ិនធើណិត

គោលការណ៍​ទី​១​នេះ បាន​សម្តៅ​ទៅ​លើ​ការ​ណែ​នាំ​ជា​ទូ​ទៅ​ ដែល​អ្នក​​ប្រើ​ប្រាស់​អ៊ីនធើ​ណិត​អាច​ស្វែង​​យល់​ និង​ប្រតិបត្តិ​ ដូច​​ជា ការ​ផ្ញើ​​ ការ​ផ្សព្វផ្សាយនិង​ការ​ចែក​រំលែក​អ្វី​មួយ​នៅ​លើ​បណ្តាញ​សង្គម​ បណ្តាញ​អ៊ីនធើណិត​អ្នក​ប្រើ​ប្រាស់​អាច​ដាក់​​សួរ​ខ្លួន​ឯង​នូវ​​សំណួរ​​មួយ​ចំនួន​ជា​មុន​ដូច​ជា​៖តើ​​វា​ពិត​ទេ?តើ​វា​មាន​ប្រយោជន៍​​ទេ? តើ​វា​ចាំ​បាច់​ទេ​?តើ​វា​ជំរុញ​ចិត្ត​ទេ? តើ​វា​មាន​សប្បុរសធម៌​ទេ​?

ដូច​នេះ រាល់​ការ​ផ្ញើ ផ្សព្វ​ផ្សាយ ដែល​បាន​ឆ្លង​កាត់​រាល់​សំនួរ​​ទាំង​នេះនឹង​អាច​ជា​ អ្វី​ដែល​មាន​ខ្លឹម​សារ​លក្ខណៈ​អប់​រំ លើក​កម្ពស់​ការ​យល់​ដឹងដែល​ជា​ឥរិយាបថ​​បែប​វិជ្ជ​មាន​សម្រាប់​សង្គម​។ 

២. ការ​ទទួល​ខុស​ត្រូវ ​និង​ការ​គិត​ពី​សុវត្ថិភាព​ក្នុង​ការ​ប្រើ​ប្រាស់​អ៊ីនធើណេត

ចំនុច​ទី​ពីរ មាន​ទិស​ដៅ​ណែ​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​អ៊ីនធើណេត​គួរ​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​សុវត្ថិភាព​របស់​ខ្លួន​ក៏​ដូច​ជា​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​ ព្រោះ​ថា​សុវត្ថិភាព​នៅ​លើ​អ៊ីនធើណិត​ក៏​សំខាន់​​ដូច​សុវត្ថិភាព​នៅ​ក្នុង​សង្គម​​ជាក់​ស្តែង​ដែរ។​ ចំណុច​នេះ​ផង​ដែរអ្នក​ចង​ក្រង​បាន​ណែ​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​​គួរ​គប្បី​ចេះ​ពី​របៀប​​កំណត់​សុវត្ថិភាព​គណនីឬ​អ៊ីម៉ែល ដែល​រួម​មាន​ការ​ដាក់​ពាក្យ​សម្ងាត់​ (Passwords) ការ​ប្រុង​ប្រយ័ត្ន​​ចំពោះ​សកម្មភាព​បោក​ប្រាស់​តាម​អ៊ីនធើណិត​ជា​ប្រភេទ​បទ​ល្មើស​មួយ​ដែល​មាន​លក្ខណៈ​ស្មុគ​ស្មាញក៏​ដូច​ជា​​សីលធម៌​​ដែល​មិន​បំពាន​​សិទ្ធិ​អ្នក​ប្រើ​ប្រាស់​អ៊ីនធើណេត​ដទៃ​ទៀត។ 

៣. ការ​ប្រើ​ប្រាស់​​​ខ្លឹម​សារ​ត្រឹម​ត្រូវ​

​ត្រង់​ចំណុច​ទី​បី​នេះ បាន​​ណែ​នាំ​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់ នូវ​ចំណុច​ពីរ​គឺ​រឿង​​ដែល​អ្នក​ធ្វើ​បាន និង​រឿង​មិន​ត្រូវ​ធ្វើ។ រឿង​ដែល​យើង​ធ្វើ​បានឬ​គួរ​ធ្វើ​​នោះ គឺ​ការ​ចែក​រំលែកឬ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​​ដែល​មាន​ប្រភព​​មូល​ដ្ឋាន​​ ឬ​ប្រភព​ច្បាស់​លាស់និង​ត្រឹម​ត្រូវ​ ការ​ប្រើ​ប្រាស់​ភាសា​​សមរម្យ​ នៅ​លើ​អ៊ីនធើណិតការ​គោរព​សិទ្ធិ​កុមារ ក្រុម​មនុស្ស​ងាយ​រង​គ្រោះ និង​ស្រ្តីដោយ​មិន​ត្រូវ​​ចែក​ចាយ នូវ​វីដេអូ អត្ថបទ ឬ​ខ្សែ​អាត់​សំឡេង​ដែល​ប៉ះ​ពាល់​ឯក​ជន​ភាព គុណ​តម្លៃ និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ពួក​គេ​ឡើយ។ដោយ​ឡែក ចំណុច​ដែល​មិន​គួរ​ធ្វើ​នោះ មាន​ដូច​ជាការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​អសុរោះ ការ​ជេរ​ប្រមាថ ការ​ញ៉ុះ​ញង់​ឬ​អុជ​អាល​ដែល​នាំ​ឱ្យ​មាន​​ផល​​ប៉ះ​ពាល់​ដល់​ប្រពៃណី​ ទំនៀម​ទម្លាប់​សណ្តាប់​ធ្នាប់ សុខុមាលភាព សុវត្ថិភាព និង​សន្តិសុខ​ជាតិ​ជា​ដើម-ល-។

៤. ការ​គោរព​ និង​ការពារ​ទ្រព្យ​សម្បត្តិ

គោលការណ៍​ក្រម​សីលធម៌​ទី​បួន​នេះ ក៏​បាន​លើក​ឡើង​ចេញ​ជា​ពីរ​ចំណុច​គឺ​​ចំណុច​គួរ​គប្បី​​អនុវត្ត​ និង​មិន​គួរ​ធ្វើ​នៅ​​ពេល​ប្រើ​ប្រាស់​បណ្តាញ​ទំនាក់​ទំនង​លើ​អ៊ិនធើណិត​​។ចំណុច​គួរ​ធ្វើ​មាន​ដូច​ជា ការ​គោរព​សិទ្ធិ​និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​បុគ្គល​​​​ ម្ចាស់​រូប​ថត វីដេអូ អត្ថបទខ្សែ​អាត់​សំឡេង​ ដែល​បាន​​ផ្សព្វផ្សាយ​នៅ​​លើ​អ៊ិន​ធើណិត​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ នៅ​​​ពេល​ប្រើ​មធ្យោបាយ​​ទូទាត់​​ប្រាក់ដោយ​​មាន​ការ​ទំនាក់​ទំនង​ក្នុង​បណ្តាញ​សង្គម (ដោយ​ប្រាកដ​ថាអ្នក​ពុំ​រង​ទទួល​ការ​បោក​ប្រាស់ ឬ​ឆបោក​លើ​ប្រាក់​របស់​អ្នក​)។ចំណែក​រឿង​ដែល​ពុំ​គួរ​ធ្វើ​មាន​ដូច​ជា មិន​ត្រូវ​លួច​ព័ត៌មាន​​ឬ​ស្នាដៃ​អ្នក​ដទៃ​មក​​ធ្វើ​ជា​កម្ម​សិទ្ធិ​របស់​ខ្លួន ការ​ទិញ​ដូរ​ឬ​បង់​ប្រាក់​​តាម​អ៊ិន​ធើណិត ដោយ​មិន​បាន​ត្រួត​ពិនិត្យ​​ផលិតផល​មុន​ជា​ដើម​។ 

៥. ការ​គោរព​ឯកជនភាព

គោលការណ៍​ក្រម​សីលធម៌​ចុង​ក្រោយ​​នេះ​ក៏​បាន​លើក​ឡើង​ពី​ចំណុច​គួរ​ធ្វើ​និង​មិន​គួរ​ធ្វើ​ផង​ដែរ។ ចំណុច​ដែល​អាច​ធ្វើ​បាន​នោះ​គឺ ការ​គោរព​ឯក​ជន​ភាព​(សំដៅ​លើ​​រឿង​រ៉ាវ​ជីវិត​ផ្ទាល់​ខ្លួនរបស់​បុគ្គល​ណា​ម្នាក់​ដែល​មិន​ចង់​ឱ្យ​អ្នក​ដទៃ​ដឹង) របស់​អ្នក​ និង​អ្នក​ដទៃការ​ការពារ​ព័ត៌មាន​សម្ងាត់​ផ្ទាល់​ខ្លួន​របស់​អ្នកឱ្យ​បាន​ល្អ​បំផុត​លើ​ប្រព័ន្ធ​អ៊ិនធើ​ណេត​ជា​ដើម។ ចំណែក​រឿង​មិន​​គួរ​ធ្វើ​មាន​ដូច​ជា ការ​បង្ហាញ​ ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​សម្ងាត់​របស់​ខ្លួន​​លើ​អ៊ិនធើណេតការ​ផ្សព្វផ្សាយ​​ ឬ​ចែក​រំលែក​រូបថត វីដេអូ អត្ថបទ ឬ​សារ​ជា​សំឡេង​របស់​អ្នក​ដទៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​ជា​ដើម៕​​​​