តាមទម្លាប់របស់ប្រជាជនយើងយើងឃើញថាអាណាព្យាបាលជាច្រើនចូលចិត្តប្រើវិធីសាស្រ្តបង្អាប់ក្មេងៗដើម្បីឱ្យគេអន់ចិត្តខឹង ឬពុះកញ្ជ្រោលចង់ខិតខំឱ្យក្លាយជាមនុស្សខ្លាំង។ ការធ្វើបែបនេះត្រូវបានគេរំពឹងទុកថាអាចនឹងធ្វើឱ្យកូនប្រើភាពឈឺចាប់ដើម្បីក្លាយជាមនុស្សពូកែនៅថ្ងៃអនាគតដែលស្ថានភាពជាក់ស្តែងវាមិនប្រាកដថាបានផលដូចការគិតទាំងស្រុងនោះទេ។ ជាទូទៅការធ្វើបែបនេះបានធ្វើឱ្យក្មេងតិចណាស់ជោគជ័យ ខណៈក្មេងជាច្រើនផ្សេងទៀតបែរជាក្លាយជាមនុស្សរួញរានិងអត់ថយទៅវិញ។
លោកបណ្ឌិត កុល ផេង អតីតរដ្ឋមន្ត្រីក្រសួងអប់រំនិងជាស្ថាបនិកសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានលើកឡើងថាប្រសិនបើចង់ឱ្យក្មេងក្លាយជាមនុស្សពូកែ សូមកុំបង្អាប់ក្មេងព្រោះវាបានជះផលអវិជ្ជមានយ៉ាងច្រើនដល់ដំណើរជីវិតរបស់ពួកគេ។កាលណាក្មេងធ្វើអ្វីមួយបានល្អហើយ យើងគួរសរសើរ និងលើកទឹកចិត្តឱ្យខិតខំប្រឹងប្រែងបន្តមិនមែនបង្អាប់ថាមិនល្អដើម្បីឱ្យគេខំកាន់តែខ្លាំងនោះទេ។ពេលខ្លះយើងឃើញមនុស្សចាស់ប្រើការបង្អាប់ជាការនិយាយលេងឬនិយាយដោយមិនបានគិតគូរពីការស្តាប់របស់ក្មេងនោះទេ។ ការធ្វើបែបនេះហាក់បីដូចជាកំពុងតែបញ្ចូលព័ត៌មានមិនល្អទៅក្នុងខួរក្បាលរបស់គេដែលធ្វើឱ្យគេជឿថាគេពិតជាមនុស្សមិនមានសមត្ថភាពពិតប្រាកដមែន។
បណ្ឌិត កុល ផេង បានមានប្រសាសន៍ថា៖ «ពាក្យចាស់លោកពោលថា គ្រូទាយ ម្តាយថាពិតជាឆុតខ្លាំងណាស់។ វាជាការពិត ព្រោះម្តាយជាអ្នកអប់រំ ជាអ្នកដឹងចិត្តកូនច្បាស់ហើយកូនវិញក៏ស្តាប់ និងជឿគ្រប់រឿងនូវអ្វីដែលគាត់និយាយ។ កាលណាយើងបង្អាប់គាត់ក្មេងប្រាកដជាជឿ ហើយបាត់បង់ទំនុកចិត្តលើខ្លួនឯងរហូតធ្វើឱ្យគេក្លាយជាមនុស្សទន់ខ្សោយទៅៗជាលំដាប់»។
អ្នកអប់រំខាងលើបានលើកឡើងផងដែរថា អ្វីដែលយើងអាចធ្វើបានគឺបង្កើនការលើកទឹកចិត្តនិងអប់រំក្មេងដោយប្រើប្រាស់វិធីវិជ្ជមាន។ នៅពេលដែលពួកគេធ្វើអ្វីមួយបានល្អគួរសមយើងអាចលើកទឹកចិត្តដោយសារសើរ ឬអាចបង្ហាញផ្លូវបន្ថែមដើម្បីឱ្យកាន់តែល្អតែប្រសិនបើពួកគេធ្វើមិនទាន់ល្អយើងក៏អាចបង្ហាញវិធីនានាដើម្បីឱ្យពួកគេយល់សម្រាប់ការប្រែវាឱ្យល្អឡើងវិញនៅលើកក្រោយ។ក្មេងជាវ័យដែលពោរពេញកំហុស ហេតុនេះការធ្វើខុសលើកទីមួយមិនមែនជាបញ្ហាដែលត្រូវបង្អាប់ឬស្តីបន្ទោសនោះទេតែវាជាបទពិសោធន៍ថ្មីមួយដែលគេអាចរៀនសូត្របានឆ្ពោះទៅរកភាពល្អប្រសើរនៅថ្ងៃអនាគត។
គួរបញ្ជាក់ផងដែរថា ការប្រើប្រាស់ពាក្យសម្តីក៏ត្រូវបានគេចាត់ចូលជាផ្នែកមួយនៃអំពើហិង្សារដែរ។ហេតុនេះប្រសិនបើមិនចង់ឱ្យកូនក្លាយជាជនរងគ្រោះដោយសារចេតនាល្អរបស់យើងអាណាព្យាបាលគួរព្យាយាមបើកចិត្តឱ្យទូលាយ ចាកចេញពីផ្នត់គំនិតអវិជ្ជមានចាស់ៗមួយចំនួនហើយបណ្តុះបណ្តាលពួកគេដោយយកចិត្តទុកដាក់ជាមួយវិធីអហិង្សារ។ នៅពេលនោះកូនៗរបស់លោកអ្នកនឹងក្លាយជាមនុស្សដែលមានទំនុកចិត្តខ្ពស់ មានចិត្តទូលំទូលាយនិងជាមនុស្សដែលអាចរស់នៅប្រកបដោយសុភមង្គល និងគ្មានអំពើហិង្សានៅថ្ងៃអនាគត៕