ការងារ​៨​ជំនាញ រំពឹង​​ត្រូវ​ការ​បំផុត​ក្នុង​សម័យ​​ឌីជីថល​

ដោយ​យោង​តាម​ការ​វិភាគ​របស់ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​ធន​ធាន​មនុស្ស​របស់​សហរដ្ឋអាមេរិក Mercer បាន​​​កំណត់​ចេញ​នូវ​​ជម្រើស​ការងារ​៨​ជំនាញដែល​​ក្រុមហ៊ុន​នៅ​ទូ​ទាំង​ពិភព​លោក​ត្រូវ​ការ​បំផុត​ពិសេស​នៅ​​ក្នុង​ពេល​ដែល​ទី​ផ្សារ​ការងារ​កំពុង​ឈាន​ដល់​សម័យ​កាល​បច្ចេកវិទ្យា​ឌីជីថល​​។ 

ប្រភេទ​ការងារ​ក្នុង​សម័យ​បច្ចេកវិទ្យា​ឌីជីថល ​​ដែល​សម្តៅ​លើ​ (​បច្ចេកវិទ្យា​វៃ​ឆ្លាត​ ទំនើប​) និង​ជា​តម្រូវ​ការ​ច្រើន​បំផុត​នោះ​ គឺ​មាន​ដូច​ជា​៖

១. អ្នក​វិភាគ​ទិន្នន័យ៖ សម្តៅ​លើ​អ្នក​ជំនាញ​ប្រមូល​ផ្តុំ​ទិន្នន័យ​​ចងក្រង​ទិន្នន័យ​ផ្សេង​ៗ (ផលិតផល​លក់ ទិន្នន័យ​បណ្តាញ​សង្គម ស្តុក​ទំនិញ...)វិភាគ​​និង​ផ្តល់​​ជូន​ទៅ​ដល់​អតិថិជន​ដែល​ត្រូវ​ការ​ទិន្នន័យ​​ចាំ​បាច់​ទាំង​នោះ​។ ដោយ​ផ្អែក​តាម​​ការ​ចេញ​ផ្សាយ​​​ពី​វេទិកា​​សេដ្ឋកិច្ច​ពិភព​លោកWorldEconomic Forum ជំនាញ​ដែល​​តម្រូ​វ​​​​​​ឱ្យ​មាន​សមត្ថភាព​ប្រមូល​ទិន្នន័យ ​មក​ចង​ក្រង និង​វិភាគ​​នេះ មាន​តម្រូវ​ការ​​ពី​អតិថិជន​ដែល​ជា​អ្នក​សម្រេច​ចិត្ត​ធំ​ៗ នៅ​គ្រប់​វិស័យ មិន​ថា​ផ្នែក​​ហិរញ្ញវត្ថុ​ការ​វិនិយោគ​ ឬ​ព័ត៌មាន​វិទ្យា។ ដូច​នេះ ការ​ទទួល​​បាន​ទិន្នន័យ​​​មាន​​ប្រយោជន៍និង​ទំនុក​ចិត្ត​ ពី​អ្នក​វិភាគ​ គឺ​ស្ថិត​ក្នុង​ប្រភេទ​ការងារដែល​មាន​តម្រូវ​ការ​បំផុត​ក្នុង​សម័យ​បច្ចេកវិទ្យា មិន​ថា​​ក្នុង​ពេល​នេះ​​​និង​នៅ​ពេល​ខាង​មុខ។ ​​​​ 

២. អ្នក​រចនា​ម៉ូដ​ផលិត​ផល៖ ម្រូវ​ការ​អតិថិន​នឹង​កាន់​តែ​មាន​ច្រើន​នៅ​ក្នុង​សម័យ​បច្ចេកវិទ្យា​ឌីជីថលដូច​ធន​ធាន​មនុស្ស​ដែល​មាន​សមត្ថភាព​ច្នៃ​ប្រឌិត រចនា​ផលិត​ផល ឬ​គំនិត-សេវា​​ឱ្យ​ស្រប​ទៅ​នឹង​តម្រូវ​ការ​ទាំង​នោះ នឹង​កើត​មាន​ច្រើនហើយ​ពិសេស​នៅ​ក្នុង​​ពេល​​ខាង​មុខ ការ​ផ្តោត​លើ​គុណភាពនិង​មុខ​ងារ​ប្រើ​ប្រាស់​ពាក់​ព័ន្ធ​នឹង​បច្ចេក​វិទ្យា​​នឹង​កាន់​តែ​ច្រើន​ឡើង​ផង​ដែរដែល​វត្ត​មាន​ជំនាញ​នេះ នឹង​ស្ថិត​ក្នុង​តម្រូវ​ការ​ខ្លាំង​។ ​ ​

៣. អ្នក​ជំនាញ​ក្នុង​វិស័យ​​វិទ្យាសាស្រ្ត​កុំព្យូទ័រ​ និង​គណិត​វិទ្យា៖ ប្រាកដ​ណាស់​ មុខ​​ឯកទេស​ផ្នែក​វិទ្យាសាស្រ្ត​ទាំង​ពីរនឹង​ត្រូវ​ប្រើ​ប្រាស់​យ៉ាង​ច្រើន​​នៅ​ក្នុង​វិស័យ​បច្ចេក​វិទ្យា​មិន​អាច​ខ្វះ​បាន​ ពោល​គឺ​ឯកទេស​ទាំង​នេះ ជា​ចំណែក​មួយ​នៃ​​មុខ​វិជ្ជា​​វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ដែល​កំពុង​មាន​តម្រូវ​ការ​ខ្លាំង​សម្រាប់​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន និង​នៅ​អនាគត។ ​

៤.អ្នក​ជំនាញ​ផ្នែក​​លក់​ផលិតផល​-សេវាកម្ម៖ ក៏​ស្ថិត​នៅ​ក្នុង​ជម្រើស​នៃ​ជំនាញ​ការងារ ដែល​មាន​តម្រូវ​ការ​បំផុត​ផង​ដែរ​ ក្នុង​សម័យ​ឌី​ជី​ថលដោយ​សារ​​ជំនាញ​នេះ គ្រប់​វិស័យ​ឧស្សហកម្ម​ នឹង​មាន​តម្រូវ​ការ​ច្រើន​ទៅ​លើផ្នែក​​​ផ្សព្វផ្សាយ​​​ និង​ពន្យល់​​អំពី​ផលិត​ផល​ និង​សេវា ក្នុង​​វិធី​ផ្សេង​ៗ​ទៅ​ដល់​អតិថិជន​គោល​ដៅ ហើយ​ការងារ​នេះ​ផង​ដែរ​ នឹង​ស្ថិត​នៅ​ក្នុង​ជម្រើស​ចាំ​បាច់ដោយ​ហេតុ​ថា ការងារ​ទាំង​នោះ​​​គឺ​​​ត្រូវ​​ផ្សារ​​​ភ្ជាប់​ទៅ​នឹង​បច្ចេកវិទ្យាដែល​អាច​​​បញ្ជូន​ព័ត៌មាន​ផលិត​ផល សេវា​ ទៅ​ដល់​អតិថិជន​គោល​ដៅប្រកប​ដោយ​ប្រសិទ្ធិភាព​។ ​​

៥.ស្ថាបត្យករ​ និង​វិស្វករ៖ យោង​តាម​​របាយការណ៍​វេទិកា​​សេដ្ឋកិច្ច​ពិភព​លោក​​ផ្សាយ​ឆ្នាំ​២០១៦​​វិស្វករ​ជំនាញ​​លើ​ផ្នែក​ឯកទេស​មួយ​ចំនួន​ដូច​ជា គីមី​-ជីវសាស្រ្ត រ៉ូបូតបច្ចេកវិទ្យា​ថ្មី​​​គឺ​​ស្ថិត​នៅ​ក្នុង​តម្រូវ​ការ​ច្រើន​ពី​បណ្តា​ស្ថាប័ន​ផ្សេង​ៗ​​...ដោយ​ឡែក​​​ការងារ​នៅ​ឯ​​វិស័យ​សំណង់ ស្ថាបត្យកម្ម​ ការ​រចនា​ម៉ូដ​អគារ​នឹង​នៅ​តែ​ស្ថិត​ក្នុង​តម្រូវ​ការ​​ជា​ចាំបាច់​​ជា​បន្ត​បន្តាប់​​។​​

៦. អ្នក​គ្រប់​គ្រង​​មាន​បទ​ពិសោធ​​ខ្ពស់៖ ដោយ​ផ្អែក​តាម​របាយការណ៍​​នៃ​វេទិកា​​សេដ្ឋកិច្ច​ពិភព​លោកWorldEconomic Forum បាន​ឱ្យ​ដឹង​ថាជំនាញ​ជា​អ្នក​គ្រប់​គ្រង​មាន​បទ​ពិសោធ​ខ្ពស់​ (Senior Manager) នោះ​គឺ​ជា​ជំនាញ​ដែល​ត្រូវ​ការ​ចាំ​បាច់​សម្រាប់​​គ្រប់​គ្រងនិង​ដឹក​នាំ​​​បណ្តា​ស្ថាប័ន​​នានា ប្រឈម​នឹង​ ការ​ផ្លាស់​ប្តូរ​​នៃ​របត់​បច្ចេក​វិទ្យាពិសេស​វិស័យ​បច្ចេក​វិទ្យា​ឌីជីថល​នេះ។ ជា​ឧទាហរណ៍​ ក្នុង​វិស័យ​មួយ​ចំនួន​ដូច​ជាវិស័យ​ថាម​ពល ប្រព័ន្ធ​ផ្សព្វផ្សាយ សេវា​កម្សាន្ត​នានានិង​វិស័យ​​​ព័ត៌មាន​វិទ្យា​។  ​​​

៧. អ្នក​ជំនាញ​ផ្នែក​​ច្បាប់ និង​សម្រប​សម្រួល​ជា​មួយ​រដ្ឋាភិបាល​ ​៖ឯកទេស​នេះ សំដៅ​ទៅ​លើ​​អ្នក​មាន​ចំណេះ​ដឹង​ផ្នែក​ច្បាប់​និង​អាច​ធ្វើ​ការ​ជា​មួយ​​អ្នក​​ដែល​ពាក់​ព័ន្ធ​​នឹង​ការ​ធ្វើ​បទ​បញ្ញត្តិ​ច្បាប់ពោល​គឺ​រាជ​រដ្ឋាភិបាល។ ជា​ឧទាហរណ៍​មួយ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នា​ពេល​អនាគតគេ​អាច​បង្កើត​បច្ចេក​វិទ្យា​រថយន្ត​​ដែល​អាច​ដាក់​​​មុខ​ងារ​ប្រព័ន្ធ​គ្មាន​មនុស្ស​បើកដូច​នេះ​អ្នក​ឯកទេស​ផ្នែក​ច្បាប់​ដែល​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះជា​តួនាទី​សំខាន់​ក្នុង​ធ្វើ​ការ និង​សម្រប​សម្រួល​លើ​​ទំហំ​ការងារ​ទាំង​នេះដែល​សុទ្ធ​សឹង​ស្ថិត​ក្នុង​​តម្រូវ​ទាំង​ពេល​បច្ចុប្បន្ន​ និង​អនាគត​មិន​អាច​ខ្វះ​បាន​។

៨. អ្នក​ជំនាញ​ផ្នែក​ធន​ធាន​មនុស្ស៖ សម្រាប់​ជំនាញ​ចុង​ក្រោយ​នេះគឺ​នៅ​តែ​ស្ថិត​នៅ​ជា​តម្រូវ​ការ​ចាំ​បាច់​ខ្វះ​មិន​បានព្រោះ​ថា​​នៅ​​ក្នុង​ដំណើរ​ការ​ការងារ ប្រភេទ​ក្រុមហ៊ុន​ដែល​ប្រឹក្សា​​និង​សម្រប​សម្រួល​ផ្នែក​ធន​ធាន​មនុស្ស​ទៅ​ដល់ បណ្តា​ស្ថាប័ន​ឬ​ក្រុមហ៊ុន​ដែល​មាន​តម្រូវ​ការ​ធន​ធាន​ជំនាញសម្រាប់​ផ្គត់​ផ្គង់​ចង្វាក់​ផលិតកម្ម​ការងារនៅ​តែ​ស្ថិត​​ជា​ជម្រើស​ចាំ​បាច់​នៅ​ក្នុង​សម័យ​បច្ចេក​វិទ្យា។ដោយ​យោង​តាម​របាយការណ៍​ពី World Economic Forum តម្រូវ​​​ការ​មនុស្ស​ដែល​មាន​ចំណេះ​ដឹង​ក្នុង​វិស័យ​នេះនៅ​តែ​ស្ថិត​ក្នុង​បញ្ជី​ចាំ​បាច់ ដោយ​ហេតុ​ថា ប្រភេទ​ការងារ​ជា​ច្រើនតម្រូវ​ឱ្យ​មាន​ការ​សម្រប​សម្រួល​ទៅ​ដល់​​នយោជក​ដែល​មាន​តម្រូវ​ការ​បុគ្គលិក​ជំនាញនិង​​នយោជិក​ជំនាញ​ដែល​​​ត្រូវ​បំពេញ​ការងារ​​នៅ​ក្នុង​វិស័យ​ផ្សេង​ៗ​។ ​​​

បើ​​ផ្អែក​តាម​ការ​លើក​ឡើង​​មួយ​របស់​ប្រធាន​ផ្នែក​ធន​ធាន​មនុស្ស​​នៃ​ក្រុមហ៊ុន​ Mercer ខាង​លើ​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ីលោក​ស្រី Astrid Suryapranata ធ្លាប់​ថ្លែង​ប្រាប់​សារព័ត៌មាន​ថាវិស័យ​ការងារ​ដែល​មាន​ទំនោរ​​ទៅ​រក​បច្ចេកវិទ្យា​ភាគ​ច្រើន​គឺ​ការងារ​ទាក់​ទង​នឹង​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ (IT) ដូច​នេះ​បណ្តា​ក្រុមហ៊ុន​ជា​ច្រើន​មាន​តម្រូវ​ការ​​ធន​ធាន​មនុស្សដែល​អាច​បំពេញ​នូវ​សមត្ថភាព​ ដែល​ប្រើ​ប្រាស់​​បញ្ជា​ទៅ​លើ​ម៉ាស៊ីន(ផ្សារ​ភ្ជាប់​ទៅ​នឹង​ម៉ាស៊ីន​) ឬ​អាច​និយាយ​បាន​ថា ការងារ​ដែល​ម៉ាស៊ីន​ពុំ​អាច​ធ្វើ​​ដោយ​ខ្លួន​ឯង​បាន​៕