លោកបណ្ឌិត តាន់ មុនីវណ្ណ៖ ភាពខុសគ្នាចម្បងរបស់អ្នកសម្រេចការងារសំខាន់ និងមនុស្សបរាជ័យ គឺការតាំងចិត្ត

នៅក្នុងការរស់នៅប្រចាំថ្ងៃ យើងឃើញថា​មនុស្សគ្រប់គ្នាសុទ្ធតែខិតខំប្រឹងប្រែង​បំពេញភារៈកិច្ចទៅតាមភាពសំខាន់របស់ខ្លួនរៀងៗខ្លួន តែមានមនុស្សមិនច្រើនទេដែលទទួលបានជោគជ័យក្នុងការងារ ឬទទួលបាន​ការទទួលស្គាល់ពីសាធារណជនចំពោះសម្មិទ្ធិផលដែលគាត់សម្រេចបាន។ 

លោកបណ្ឌិត តាន់ មុនីវណ្ណ សហគ្រិនមួយរូបរបស់កម្ពុជា បានលើកឡើងថា មនុស្សគ្រប់គ្នាសុទ្ធតែ​មានគោលដៅ និងខិតខំប្រឹងប្រែង​រៀងៗខ្លួនទៅតាមស្ថានភាពនៅក្នុងជីវិតរស់នៅ តែអ្វីដែលធ្វើឱ្យ​មនុស្សជាច្រើនមិនសម្រេចគោលដៅជីវិតដោយសារតែពួកគេខ្វះការតាំងចិត្ត និងឆាប់បោះបង់។ លោកថា បុគ្គលដែលសម្រេចជោគជ័យ​ក្នុងការងារនានា ពេលខ្លះមិនមែនជាមនុស្សពូកែពេកនោះទេ តែគេមានការតាំងចិត្តខ្ពស់ក្នុងការបន្តសកម្មភាពរបស់គេរហូតទទួលបាន​លទ្ធផលដោយមិនបោះបង់ ខុសពីមនុស្សមួយចំនួន​ដែលមានថាមពលផ្នែកផ្លូវចិត្ត ឬចង់ធ្វើអ្វីមួយតែដំណាក់កាលដំបូងៗ បន្ទាប់មក​ក៏បោះបង់ចោលនៅពេលធ្វើវាហើយមិនទាន់ទទួលបានលទ្ធផលភ្លាមៗ ឬពេលជួបឧបសគ្គជាដើម។ 

បណ្ឌិត តាន់ មុនីវណ្ណ បាននិយាយថា៖ « ធម្មតាធ្វើអ្វីក៏ដោយ ក៏មានឧបសគ្គដែរព្រោះមនុស្សជុំវិញខ្លួនយើងពេលខ្លះមិនប្រាកដថាគិតដូចយើងអស់នោះទេ។ ហេតុនេះ​ប្រសិនបើយើងមានគោលជំហរច្បាស់លាស់​ថាយើងចង់ធ្វើអ្វីមួយហើយ យើងគួរផ្តោតការយកចិត្តទុកដាក់ខ្ពស់​ដើម្បីធ្វើវាឱ្យចប់ចុងចប់ដើម»។ 

សហគ្រិន និងជាអ្នកអប់រំខាងលើ បានលើកឡើងផងដែរថា គ្រប់សកម្មភាពទាំងអស់ មិនថាតែការងារនោះជាការងារ​តូច ឬធំនោះទេ អ្វីដែលយើងត្រូវធ្វើ គឺតាំងចិត្ដដើម្បីបញ្ចប់វា។ ជាទូទៅ មនុស្សដែលមើលងាយស្ថានភាព ឬមើលងាយការងារតូចៗច្រើនតែមិនអាចសម្រេចកិច្ចការងារសំខាន់ៗ ឬការងារធំៗបាននោះទេ ព្រោះពួកគេមានភាពខ្ជីខ្ជារតាំងពីដំណាក់កាលតូចទៅបាត់ទៅហើយ។ ហេតុនេះដើម្បីរក្សាលំនឹងផ្នែកផ្លូវចិត្តឱ្យ​មានថាមពលបន្តការខិតខំប្រឹងប្រែងដើម្បីសម្រេចការងារសំខាន់ៗ យើងត្រូវចេះយកចិត្តទុកដាក់​លើការងារតូចៗដោយបែងចែកវាឱ្យបានច្បាស់លាស់ទៅតាមដំណាក់កាលនីមួយៗ មុននឹងអភិវឌ្ឍទៅរកចំណុចខ្ពស់បំផុត។ 

លោកថា នៅពេលយើងបានគូសវាសផែនការច្បាស់លាស់ យើងនឹងឃើញថាទម្រាំសម្រេចបានកិច្ចការងារសំខាន់ណាមួយ វាត្រូវការ​ផែនការតូចៗជាច្រើននៅក្នុងនោះ។ ការដែលយើងសម្រេចផែនការតូចៗដោយរៀបរាយ និង​ទទួលបានជោគជ័យ​លើរឿងតូចៗទាំងនោះ វាធ្វើឱ្យយើងរីករាយ និងមានថាមពលកាន់តែខ្លាំងក្នុងការដើរទៅរក​ការសម្រេចកិច្ចការងារជាបន្តបន្ទាប់៕