សាលាឧទ្ធរណ៍ព្រះសីហនុ ចាប់ផ្ដើមបើកដំណើរការ ងាយស្រួលដល់ប្រជាពលរដ្ឋ៤ខេត្ត

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រកាសដាក់ឱ្យដំណើរការសាលា ឧទ្ធរណ៍ព្រះសីហនុនិងប្រកាសចូលកាន់មុខតំណែង ប្រធានសាលាឧទ្ធរណ៍ព្រះសីហនុអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលា ឧទ្ធរណ៍ព្រះសីហនុនិងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ព្រះសីហនុផងដែរ។

សាលាឧទ្ធរណ៍ព្រះសីហនុ ត្រូវ​បានបង្កើតនិងដាក់ឱ្យដំណើរការជាប្រវត្តិសាស្រ្តថ្មីមួយទៀត​ នៅក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជាស្របតាមទិសដៅនៃកម្មវិធីកំណែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌ ក្រោម​ការ​ដឹក​នាំ​ប្រកបដោយគតិបណ្ឌិតរបស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​។ 

ការបង្កើតសាលាឧទ្ធរណ៍ព្រះសីហនុ ននឹងបង្ខិតសេវាយុត្តិធម៌ឱ្យកាន់តែខិតជិតប្រជាពលរដ្ឋក៏ដូចជាជួយកាត់បន្ថយការកកស្ទះសំណុំរឿងដែលត្រូវប្រមូលផ្តុំនៅសាលាឧទ្ធរណ៍ភ្នំពេញតែមួយ ហើយការបង្កើតសាលាឧទ្ធរណ៍ព្រះសីហនុ នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងដែនដីខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ដោយអាចជួយកាត់បន្ថយការចំណាយពេលវេលានិងថវិកាក្នុងការធ្វើដំណើរពីបណ្តាខេត្តជាប់មាត់សមុទ្រទាំង៤ មកកាន់រាជធានីភ្នំពេញ។

យោងតាមព្រះរាជក្រឹត្យ បានប្រកាសតែងតាំង ឯកឧត្តម សុខ កល្យាណ ជាប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ ឯកឧត្តម សរ យសថាវរៈ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការ អមសាលាឧទ្ធរណ៍ព្រះសីហនុ និង ឯកឧត្តម លឹម ស៊ីណាតអគ្គលេខាធិការ នៃអគ្គលេខធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ព្រះសីហនុ៕