អំឡុងពេលរៀននៅថ្នាក់ឧត្តមសិក្សា ប្រាកដណាស់ការចំណាយនឹងកើនឡើងខ្លាំង ពិសេសសម្រាប់យុវវ័យយុវនិស្សិតដែលដល់វ័យត្រូវទទួលខុសត្រូវខ្លះៗ នូវផ្នែកហិរញ្ញវត្ថុ សម្រាប់ការចំណាយប្រចាំថ្ងៃ។ យ៉ាងណាមិញ ក្រៅតែពីការពឹងផ្អែកនូវថវិកាខ្លះ ពីអ្នកផ្ទះនោះការស្វែងរកខ្ទង់ចំណូលបន្ថែមពីការងារ នៅអំឡុងពេលសិក្សា គឺជាជម្រើសមួយដែលពេញនិយមរបស់ពួកគេហើយក្នុងនោះ ពួកគេក៏អាចន្ថែមនូវគំនិតមួយចំនួនដូចខាងក្រោមដែលអាចជាទុនក្នុងពេលរកថវិកាចំណូលបន្ថែម ដែលមានដូចជា៖
១. ធ្វើការមិនប្រកាន់ខ្លួន
ការស្វែងរកចំណូលបន្ថែមក្នុងទីផ្សារការងារ ប្រាកដណាស់ការងារមួយចំនួនគឺត្រូវនឹងមុខវិជ្ជាសិក្សា ដែលកំពុងរៀនតែការងារខ្លះទៀត ក៏មិនត្រូវនឹងជំនាញដែលកំពុងរៀននៅសាលា ដូចជាការងារបម្រើការនៅសាកលវិទ្យាល័យកំពុងរៀនផ្ទាល់បម្រើការជាបុគ្គលិកក្រុមហ៊ុន បម្រើសេវាកម្មភោជនីយដ្ឋានឬការបង្រៀនក្មេងៗជាដើម-ល-។ តែយ៉ាងណា ការងារដែលមិនត្រូវនឹងជំនាញ គឺជាជម្រើសទី២ ដែលនឹងនៅតែផ្តល់នូវចំណេះដឹង បទពិសោធ ថវិកានិងបណ្តុះជាជំនាញមួយថ្មីផងដែរសម្រាប់សិស្ស និស្សិត។
២. ការដាក់លក់របស់ប្រើប្រាស់លើអនឡាញ
បណ្តាញសង្គមប្រើប្រាស់សព្វថ្ងៃ ក៏ត្រូវបានគេប្រើសម្រាប់កន្លែងរកចំណូលមួយផ្នែកសម្រាប់ជីវភាពបានផងដែរ។ ជាឧទាហរណ៍ ដូចជាការបង្កើតទំព័រ នៅលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) សម្រាប់ដាក់លក់ផលិតផលឬរបស់របរប្រើប្រាស់ ដែលអាចរកបាន សម្រាប់រកជាប្រាក់ចំណេញក៏ជាគំនិតមួយ ដែលសិស្ស និស្សិតអាចអនុវត្តបាន។
៣. ច្នៃទេពកោសល្យផ្ទាល់ខ្លួនទៅជាចំណូល
ជំនាញគូរគំនូរ និពន្ធសៀវភៅ ចម្អិនម្ហូបឬផាត់មុខ...ចំណេះជំនាញទាំងនេះ សិស្ស និស្សិតក៏អាចច្នៃវាជាចំណែកនៃការរកចំណូលបន្ថែមបានផងដែរ ហើយពិសេសគេក៏បង្កើតវា ជាអាជីវកម្មដោយខ្លួនឯង ឬច្នៃជាសេវាលក់ដល់ក្រុមហ៊ុនដែលមានតម្រូវការក៏បាន។
៤. ការបង្កើតប្លុក (Blog) ឬ វីដេអូ Vlog សម្រាប់រកតម្រូវការផ្សព្វផ្សាយ
ការចេះបង្កើតវីដេអូផ្សព្វផ្សាយ ជាចំណេះដឹង ការកម្សាន្តឬសរសេរជាប្លុក (Blog) ចែករំលែកជាគន្លឹះប្លែកៗមានប្រយោជន៍ដល់សាធារណជនក៏អាចជាគំនិតមួយផងដែរសម្រាប់និស្សិត ដែលមានតម្រូវការប្រាក់ចំណូលបន្ថែមពីសេវាផ្សព្វផ្សាយពាណិជ្ជកម្ម។ បើទោះជាការងារនេះ ទាមទារពេលវេលាច្រើន មិនអាចផ្តល់ផលចំណេញជាថវិកាភ្លាមៗក៏ពិតមែន តែសិស្សនិស្សិតក៏នៅអាចពិចារណា សម្រាប់ជាប្រភពរកចំណូលបន្ថែមបាន។
៥. ទុកឱ្យលុយសម្រាកខ្លះ
ពិតណាស់ សម្រាប់សិស្ស-និស្សិតដែលត្រូវរ៉ាប់រងចំណាយផ្ទាល់ខ្លួនច្រើន ក៏អាចពិចារណាការទុកលុយសម្រាកខ្លះ ពោលគឺការចាយវាយរិះថាំ ឬដាក់វិន័យលើការចាយវាយ ជាការកាត់បន្ថយការចំណាយ។ លើសពីនេះគេក៏អាចអនុវត្តការចាយវាយបែបវៃឆ្លាតផងដែរ ពោលគឺចំណាយតែលើរបស់របរដែលចំបាច់ ឬចំពេលដែលទំនិញចុះតម្លៃក៏ជាចំណែកមួយជួយសន្សំដល់ថវិកាក្នុងអំឡុងពេលរៀនសូត្រផងដែរ៕