ហេតុអ្វីអ្នកត្រូវបង្កើតទម្លាប់ថ្មីជាប្រចាំថ្ងៃ

អាយុកាន់តែច្រើន អ្នកក៏ត្រូវប្រឈមមុខជាមួយនឹងរឿងរ៉ាវជាច្រើននៅក្នុងជីវិតផងដែរ ហើយក្នុងនោះក៏មានរឿងរ៉ាវមួយចំនួនទាមទារឲ្យអ្នកមានទម្លាប់ថ្មីៗជាប្រចាំថ្ងៃដើម្បី ធ្វើការដោះស្រាយវាឲ្យបានល្អប្រសើរ។ តែយ៉ាងណាមិញក៏មានមនុស្សតិចតួចណាស់ ដែលអាចបង្កើតទម្លាប់ថ្មីសម្រាប់ជីវិតរបស់ខ្លួនឲ្យបានទៀងទាត់ ព្រោះថាពេលខ្លះយើង ចង់ឲ្យខ្លួនឯងមានទម្លាប់ថ្មី ប៉ុន្តែយើងបែរជាអនុវត្តវាបានតែបន្តិច រួចក៏បានបោះបង់វា ចោលបាត់ទៅ។  ហេតុដូច្នេះថ្ងៃនេះ នាងខ្ញុំក៏សូមដាក់ស្រង់ពីវិធីសាស្រ្តមួយចំនួន

ក្នុងការលើកទឹកចិត្តអ្នកទាំងអស់គ្នាឲ្យមានការខិតខំប្រឹងប្រែង អនុវត្តទម្លាប់ថ្មីៗឲ្យបានជាប់ជាប្រចាំ ហើយមិនងាយបោះបង់ចោល។

១. កត្តាជំរុញលើកទឹកចិត្ត

នៅក្នុងសៀវភៅ “អានុភាពនៃទម្លាប់” ដែលត្រូវបានតាក់តែងដោយលោក Charles Duhigg បាននិយាយថាទម្លាប់ល្អរមែងតែងតែកើតចេញពី កត្តាជំរុញលើកទឹកចិត្តដែលផុសចេញពីខាងក្នុងខ្លួនរបស់យើងម្នាក់ៗ។ ហើយនៅពេលដែលមនុស្សយើងបានមើលឃើញ ពីផលប៉ះពាល់ក្រោយពេលមិនអនុវត្តនូវទម្លាប់ល្អសម្រាប់ខ្លួនឯង យើងនឹងចង់មាន ការកែប្រែ ដើម្បីធ្វើយ៉ាងណាឲ្យគ្រប់យ៉ាងត្រឡប់មកជាល្អប្រសើរឡើងវិញ។ 

ឧទាហរណ៍ ដូចជានៅពេលដែលយើងឃើញថា សុខភាពមាត់ធ្មេញរបស់យើងកំពុងតែមិនល្អ នោះយើងនឹងចង់មានការផ្លាស់ប្តូរដោយចាប់ផ្តើមទម្លាប់ថ្មីក្នុងការដុស និងសម្អាតជាមួយ ទឹកខ្ពុលមាត់ជារៀងរាល់ពេលទទួលទានអាហាររួច។ ដោយមូលហេតុចង់ឲ្យសុខភាពមាត់ធ្មេញល្អនោះហើយ ដែលជាកត្តាជំរុញលើកទឹកចិត្តឲ្យយើងប្រព្រឹត្តិនូវការអនុវត្ត

២. អនុវត្ត ៣០ថ្ងៃសម្រាប់តែទម្លាប់ថ្មីមួយគត់

ប្រសិនបើអ្នកមានទម្លាប់ថ្មីជាច្រើន ដែលចង់អនុវត្តក្នុងជីវិតប៉ុន្តែរាល់ដងដែលអ្នកបានអនុវត្តទម្លាប់ថ្មីទាំងអស់នោះក្នុងពេលតែមួយវាបែរជាមិនទទួលបាន លទ្ធផលល្អទៅវិញ។ ដូច្នេះអ្នកគួរតែអនុវត្តវិធីសាស្រ្តថ្មី តាមបែប៣០ថ្ងៃ Challenge ដោយផ្តោតសំខាន់តែទៅលើទម្លាប់ថ្មីតែមួយគត់នោះទេ។ ឧទាហរណ៍អ្នកចង់មានទម្លាប់ក្រោកលឿនមុនម៉ោង ៥:០០ព្រឹក ដូច្នេះអ្នកត្រូវធ្វើវាឲ្យបាន ៣០ថ្ងៃជាប់ៗគ្នា។ ហើយក្រោយពេល៣០ថ្ងៃនោះ ទម្លាប់ថ្មីរបស់អ្នកនឹងប្រែក្លាយទៅជាទម្លាប់មួយក្នុង ចំណោមចាស់ៗជាច្រើនរបស់អ្នក។

៣. សរសេរពីឧបសគ្គ និងវិធីសាស្រ្តធ្វើយ៉ាងណាឲ្យអ្នកអនុវត្តទម្លាប់ថ្មីបានជោគជ័យ

ក្រៅពីចង់ឲ្យទម្លាប់ថ្មីរបស់អ្នកទទួលជោគជ័យ អ្នកក៏ត្រូវតែសរសេរកត់ត្រាពីទម្លាប់ថ្មី ទាំងអស់នោះទុកកុំឲ្យភ្លេចពីគោលបំណងនិងវិធីសាស្រ្តធ្វើឲ្យសម្រេចបាន។ បន្ទាប់ពីសរសេររួច អ្នកត្រូវដាក់វានៅត្រង់កន្លែងណាមួយដែលអ្នកងាយមើលឃើញ ជាប្រចាំដើម្បីដាស់ទឿនខ្លួនឯង។

៤. ប្រាប់ពីទម្លាប់ថ្មីរបស់អ្នកទៅកាន់មនុស្សក្បែរខ្លួនដើម្បីឲ្យពួកគេរំលឹកអ្នក

មនុស្សក្បែរខ្លួនរបស់អ្នក ក៏អាចជាផ្នែកមួយយ៉ាងសំខាន់ក្នុងការដាស់ទឿនរំលឹកអ្នកជាប្រចាំថ្ងៃផងដែរ។ ហេតុដូច្នេះអ្នកមិនគួរភ្លេចប្រាប់មិត្តភក្តិ អ្នកផ្ទះ សមាជិកគ្រួសារ ពីទម្លាប់ថ្មីរបស់អ្នកដែលអ្នកចង់ឲ្យពួកគេរំលឹករាល់ថ្ងៃ៕