រដ្ឋបាលរាជធានីភ្នំពេញ កំពុងពិនិត្យលទ្ធភាព និងស្វែងរកអ្នកវិនិយោគ ទិញទីតាំងអគារទ្រុឌទ្រោមនៅមុខមជ្ឈមណ្ឌលពាណិជ្ជកម្ម BS

ភ្នំពេញ ៖ សំណង់អគារចាស់ដែលមានសភាពទ្រុឌទ្រោម នៅកណ្តាលរាជធានីភ្នំពេញ ទល់មុខអគារពាណិជ្ជកម្ម BS កំពុងគំរាមកំហែងពីសុវត្ថិភាពដល់អ្នកកំពុងរស់នោះ ខណៈដែលរដ្ឋបាលរាជធានីភ្នំពេញកំពុងមានការយកចិត្តទុកដាក់ក្នុងការរកវិធានការដោះស្រាយ។  

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយស្តីពីស្ថានភាពអគារចាស់ទ្រុឌទ្រោម ទល់មុខអតីតអាគារពាណិជ្ជកម្ម BS ( អគារអង្គរមានជ័យ) ស្ថិតនៅកាច់ជ្រុងមហាវិថីព្រមុនីវង្ស និងមហាវិថីកម្ពុជាក្រោម នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ បានធ្វើការក្រើនរំលឹកពីការបង្កើនក្ដីប្រុងប្រយ័ត្នពីសុវត្ថិភាពដែលអាចបង្កឡើងដោយការបាក់ស្រុតនៃសំណង់អគារចាស់ទាំងនេះ។ 

អភិបាលខរាជធានីភ្នំពេញ លោក ឃួង ស្រេង ធ្លាប់បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លា ពិសេសត្រូវធ្វើការណែនាំប្រជាពលរដ្ឋ ដែលលក់ដូរនៅក្រោមអគារចាស់ៗ និងអ្នកស្នាក់នៅអគារចាស់ៗនៅក្នុងរាជធានីភ្នំពេញ ឱ្យពួកគាត់ប្រុងប្រយ័ត្ន និងធ្វើកិច្ចសន្យាជាមួយពួកគាត់ចៀសវាងមានហានិភ័យអ្វីកើតឡើង។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះសំណង់ ដែលមានអាយុកាលចាស់ទ្រុឌទ្រោមទាំងនេះ ផងដែរថា “កុំបន្ទោសអាជ្ញាធរថា មិនបានយកចិត្តទុកដាក់ចំពោះពួកគាត់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ នឹងពិនិត្យលទ្ធភាព ដើម្បីស្វែងរកអ្នកវិនិយោគក្នុងការទិញទីតាំងអគារចាស់ៗទាំងនេះ ជាមួយនឹងការស្ម័គ្រចិត្តរបស់បងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅក្នុងតម្លៃឯកភាពគ្នាណាមួយ ព្រោះថា ការរស់នៅក្នុងអគារចាស់ៗទាំងនេះមានហានិភ័យខ្ពស់ណាស់”។ 

គួរបញ្ជាក់ផងដែរថា សំណង់អគារចាស់ៗ និងទ្រុឌទ្រោម ដែលសាងសង់តាំងពីអំឡុងឆ្នាំ១៩៥០ នៅក្នុងរាជធានីភ្នំពេញមានរហូតដល់ប្រមាណ២៤៤ទីតាំង ដែលកំពុងគំរាមកំហែងពីសុវត្ថិភាពរបស់អ្នករស់នៅ ខណៈដែលក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ធ្លាប់បានចេញសេចក្ដីជូនដំណឹងផងដែរ៕