ពហុកីឡដ្ឋានជាតិមរតកតេជោតម្លៃ ១៥៨លានដុល្លារ សាងសង់សម្រេចបានប្រមាណ៩០ភាគរយ

ភ្នំពេញ ៖ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានតម្លៃ១៥៨លានដុល្លារ ក្រោមហិរញ្ញប្បទានឥតសំណងពី រដ្ឋាភិបាលចិន នៅលើផ្ទៃដីទំហំជាង១៦ហិកតា ត្រូវបានមន្ត្រីជំនាញអះអាងថា ការសាងសង់សម្រេចបានប្រមាណ៩០ភាគរយ និងគ្រោងបញ្ចប់ទាំងស្រុងនៅត្រឹមចុងខែមីនា ឆ្នាំ២០២១ខាងមុខនេះ។

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា មកទល់ពេលនេះ ដំណើរការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបានប្រមាណ៩០ ភាគរយហើយ ហើយការសាងសង់គ្រោងបញ្ចប់ជាស្ថាពរនៅអំឡុងខែមីនាឆ្នាំ២០២១។ 

លោកបានបញ្ជាក់ថា ដោយសារការរាតត្បាតនៃជំងឺ COVID-19 បានធ្វើឱ្យការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវអូសបន្លាយរហូតដល់ខែមីនា ឆ្នាំ២០២១ ខណៈពីដំបូងគណៈកម្មការវាយតម្លៃថា ការសាងសង់នឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២០នេះ។ ពហុកីឡដ្ឋានដ៏ធំប្រចាំប្រទេសមួយនេះត្រូវបានសាងសង់គ្រោងរួចរាល់១០០ភាគរយហើយ នៅសល់តែការបំពាក់សម្ភារមួយចំនួន ដូចជាកៅអី ដំបូល អំពូល ភ្លើង និងការធ្វើទីលានខាងក្នុងតែប៉ុណ្ណោះ។

ពហុកីឡដ្ឋានដ៏ទំនើបនេះ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន សាងសង់លើផ្ទៃដីជាង១៦ហិកតា ដោយគ្រោងចំណាយថវិកា១៥៨លានដុល្លារ ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់ និងអាចជម្លៀសទស្សនិកជនត្រឹមរយៈពេល៧នាទី ក្នុងករណីមានហេតុការណ៍មិនប្រក្រតីកើតឡើង។

ដោយឡែក សម្រាប់តែកៅអីអង្គុយបេតុង នៅក្នុងពហុកីឡដ្ឋានជាតិដ៏ទំនើបនេះ មានទម្ងន់ធ្ងន់ជាងគេរហូតដល់ទៅ ៩.៧៤តោន ត្រូវបានផលិតឡើងយ៉ាងផ្ចិតផ្ចង់ និងបំពាក់ជាមួយប្រព័ន្ធ QR Code ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃកៅអី ពោលគឺដើម្បីត្រួតពិនិត្យគុណភាពបេតុងកៅអីនេះ ដូចជា ភាពស្មើក្នុងការលើកដាក់ជាដើម។ ក្នុងនោះដែរ កៅអីបេតុងចំនួន៤៦២៤ដុំ កាំជណ្តើរចំនួន ២៣៩២កាំ បង្កាន់ដៃចំនួន១៩២ សរុបចំនួន ៧.២០៨ដុំ។ 

សំណង់ពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់ នៅថ្ងៃទី៤ មេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលដំណាក់កាលទី១ មានដូចជា មជ្ឈមណ្ឌលអាងហែលទឹក មជ្ឈមណ្ឌលកីឡាក្នុងសាល , ទីលានបាល់បោះ , និង អគារស្នាក់នៅរបស់អត្តពលិក ជាពិសេសសម្រាប់ត្រៀមបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (Sea Games) លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះ៕