ជំនាញធ្វើការជាមួយមនុស្សនៅតែសំខាន់ បើទោះបីជាពិភពលោកស្ថិតក្នុងសម័យ Robot ក៏ដោយ

ពីមួយថ្ងៃទៅមួយថ្ងៃ ពិភពលោក​ចាប់ផ្តើមមានការអភិវឌ្ឍយ៉ាងលឿន ជាពិសេស​ផ្នែកបច្ចេកវិទ្យា ដោយបណ្តាប្រទេសអភិវឌ្ឍជាច្រើនបានចាប់ផ្តើមបន្ថយចំនួនមនុស្សក្នុងចង្វាក់ផលិតកម្ម ហើយបង្កើនជំនួនគ្រឿងយន្តស្វ័យប្រវត្តិ (robot) ដើម្បីធ្វើការ។

ស្របជាមួយគ្នានេះដែរ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និង​បច្ចេកវិទ្យាឆ្លាតវៃជាច្រើនផ្សេងទៀតដូចជា (IOT-Internet of Things) បានធ្វើស្វ័យប្រវត្តិកម្ម​នៃការងារចរន្តជាច្រើន ដែលធ្វើឱ្យចំណែកនៃការងារមនុស្សជាច្រើនត្រូវបាន​កាត់បន្ថយ។ កត្តាទាំងអស់នេះបានជំរុញឱ្យ​ការអប់រំត្រូវតែមានភាពបត់បែនខ្ពស់ ដើម្បីផ្តល់ចំណេះដឹងឱ្យទាន់សម័យកាល ស្របពេលដែលប្រជាជនទូទាំងពិភពលោក ក៏ត្រូវខិតខំប្រឹងប្រែងក្នុងការបង្កើនជំនាញថ្មីៗ ដើម្បីកុំឱ្យម៉ាស៊ីនជំនួសបាន។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី យូ បូរី អ្នកជំនាញផ្នែកធនធានមនុស្ស និងជានាយកក្រុមហ៊ុន TEDP បានលើកឡើងថា បច្ចុប្បន្ននេះការរីកចម្រើននៃបច្ចេកវិទ្យាបានធ្វើឱ្យអាជីព និងមុខជំនាញជាច្រើនត្រូវប្រឈមជាមួយនឹងការបាត់បង់ព្រោះម៉ាស៊ីនអាចជំនួសយើងបាន។ ហេតុនេះមនុស្សគ្រប់គ្នាត្រូវតែចេះជំនាញថ្មីៗ ជាពិសេស​ជំនាញសម្រាប់សតវត្សទី២១ ដើម្បីរក្សាបាននូវនិរន្តភាពនៃភាពសំខាន់ក្នុងទីផ្សារការងារ។ លោកស្រីថាក្នុងចំណោម​ជំនាញ​សំខាន់ៗសម្រាប់សតវត្សទី២១ ដែលវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានបង្ហាញ ជំនាញក្នុងការគ្រប់គ្រងនិងធ្វើការងារជាមួយមនុស្ស ជាជំនាញមួយដែលនៅតែមានសារៈសំខាន់។

លោកស្រី យូ បូរី បាននិយាយថា៖ «បន្តិចទៀត ការងារចរន្តនានាដែលគ្រោះថ្នាក់ ត្រូវប្រើកម្លាំងច្រើនឬការងារក្នុងចង្វាក់ផលិតកម្មដដែលៗ នឹងត្រូវជំនួសដោយម៉ាស៊ីន ហើយពួកគេត្រូវតែផ្លាស់ប្តូរការងារថ្មី។ តែសម្រាប់ជំនាញធនធានមនុស្ស ការទំនាក់ទំនងនិងការគ្រប់គ្រងមនុស្សវិញ មិនអាចម៉ាស៊ីនជំនួសបាននោះទេ បើទោះបីជាបច្ចេកវិទ្យាឆ្លាតវៃខ្លាំងក៏ដោយ»។

លោកស្រីថា អនាគតទៅទោះពិភពលោកប្រើម៉ាស៊ីនកាន់តែច្រើនក៏ដោយ ក៏កត្តាធនធានមនុស្សនៅតែសំខាន់ ឬអាចជាចរន្តមួយកាន់តែសំខាន់ថែមទៀតផង ព្រោះក្រុមហ៊ុនធំៗនានានឹងត្រូវការប្រព័ន្ធគ្រប់គ្រងធនធានមនុស្សដែលធំនិងកាន់តែមានប្រសិទ្ធភាពជាងមុន។ យើងនៅតែត្រូវការអ្នកគ្រប់គ្រងម៉ាស៊ីន និងត្រូវការជួសជុលក្នុងផ្នែកជាច្រើនទៀតដែលត្រូវផ្លាស់ប្តូរ។ ជាក់ស្តែង សម្រាប់ចង្វាក់ផលិតកម្មមួយ មុននឹងអាចដាក់ម៉ាស៊ីនឱ្យធ្វើការបាន ចាំបាច់ត្រូវតែបណ្តុះបណ្តាលអ្នកគ្រប់គ្រងម៉ាស៊ីនឱ្យបានល្អ។ បន្ទាប់មកទៀតអ្នកដែលរងផលប៉ះពាល់នៃការងារ នឹងត្រូវប្តូរផ្នែកទៅជំនាញផ្សេង។ នៅពេលនោះការបណ្តុះបណ្តាលធនធានមនុស្ស ចាំបាច់ត្រូវតែធ្វើព្រោះពួកគេត្រូវការជំនាញបន្ថែមទាំងរបៀបធ្វើការងារថ្មីនិងការរៀបចំខ្លួនឱ្យបានល្អសម្រាប់ទទួលយកអ្វីដែលថ្មីជាបន្តបន្ទាប់ទៀត៕