អ្នកបាត់ដំបងម្នាក់ដែលរឹងរូស ជម្នះយកឈ្នះភាពក្រខ្សត់ អត់ឃ្លាន រហូតក្លាយខ្លួនជាបុគ្គលមានឈ្មោះល្បីម្នាក់ គឺលោក ប៉ោយ ឈុនលី ជាផលិតករភាពយន្តគំនូរជីវចលខ្មែរម្នាក់ ដែលមានមុខមាត់ ស្រដៀងគ្នានឹងកីឡាករប្រដាល់ល្បីឈ្មោះ Manny Pacquiao របស់ប្រទេសហ្វីពីលីន តែរឿងនេះមិនសំខាន់ទេ។
ការដែលពិសេសនោះលោក ប៉ោយ ឈុនលី គឺកើតក្នុងត្រកូលកសិករមានបងប្អូនច្រើន និងមានជីវភាពក្រលំបាកខ្លាំង រហូតទាល់គ្មានបាយហូបគ្រប់គ្រាន់ ជីវភាពមួយដែលបានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក។ នេះហើយជាការចាប់ផ្តើមជីវិតរបស់សិល្បករ ប៉ោយ ឈុនលី។
លោក ប៉ោយ ឈុនលី បន្តថាដោយគ្រួសារខ្វះខាតខ្លាំងពេក លោកត្រូវបង្ខំចិត្តឈប់រៀន បន្ទាប់ពីប្រឡងជាប់សញ្ញាប័ត្រឌីប្លូម(ថ្នាក់ទី៩)។ ពេលនោះក៏មានអ្នកព្យាយាមអូសទាញរូបលោក ឱ្យទៅធ្វើការនៅប្រទេសថៃទាំងក្រុមគ្រួសាររបស់លោកផងក៏ហាក់យល់ថា ទៅធ្វើការចំណាក់ស្រុកជារឿងល្អមួយផងដែរ។
ផ្ទុយទៅវិញ ផលិតករម្នាក់នេះច្រានចោលទស្សនៈបែបនេះ ហើយសុខចិត្តទ្រាំលំបាក តស៊ូរស់នៅដោយខ្វះខាត និងជិះកង់ចម្ងាយជាង២០គីឡូម៉ែតរាល់ថ្ងៃ ដើម្បីទៅរៀនសិល្បៈគំនូរនៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកគំនូរនិងសូនរូប ដែលបច្ចុប្បន្ន មានឈ្មោះថា សាលាហ្វារពន្លឺសិល្បៈស្ថិតក្នុងខេត្តបាត់ដំបង។
លោក ប៉ោយ ឈុនលី បានប្រាប់ឱ្យដឹងថា៖ «នៅក្នុងភូមិយើង ជាអ្នកក្រីក្រតោកយ៉ាកជាងគេ គឺយើងចាញ់គេនិងគ្មានឱកាសរៀនសូត្របានខ្ពស់ដូចគេទេ ដូច្នេះខ្ញុំក៏គិតថាបើមិនរៀនអ្វីម្យ៉ាងនោះទេ នោះប្រាកដជានៅតែក្រទៀតហើយអីចឹងខ្ញុំក៏ស្គាល់សាលាហ្វារនេះ ទើបខ្ញុំមានសង្ឃឹមជាថ្មី»។ កិច្ចខិតខំរបស់វិចិត្រករនិងក្នុងស្នាដៃសិល្បៈកែច្នៃរូបមានចលនានេះ កើតឡើងពីឆន្ទៈនិងការប្តេជ្ញាចិត្តដើម្បីរត់ឱ្យផុតពីជីវភាពក្រីក្រលំបាក។
ក្នុងនាមជាកូនប្រុសច្បងក្នុងគ្រួសារដែលមានប្អូនប្រុសស្រីដល់ទៅ៧នាក់ទៀត ពិតជាបន្ទុកដ៏ធំមែនដែលបង្ខំឱ្យរូបលោកត្រូវចាកចេញពីគ្រួសារតាំងពីអាយុជាង ១០ឆ្នាំទៅរស់នៅជាមួយដូនចាស់ ដែលមានរបបលក់នំបន្តិចបន្ទួច ដើម្បីដូរបាយអង្ករប៉ុណ្ណោះ។
វិចិត្រករគំនូរជីវចលរូបនេះប្រាប់ថា៖ «កាលពីខ្ញុំនៅក្មេង ខ្ញុំត្រូវក្រោកពីគេងតាំងពីម៉ោង ៥ព្រឹក ដើម្បីជួយធ្វើនំហើយយកនំទៅលក់ ទើបជិះកង់ទៅរៀនតាមក្រោយ»។ ការលំបាករបស់ វិចិត្រកររូបនេះ ប្រែជាកម្លាំងចិត្តតស៊ូសម្រាប់ការងារសិល្បៈគំនូរដែលរូបលោកចូលចិត្តនិងដើម្បីក្តីស្រមៃដែលរូបលោកតែងប្រាថ្នា។
សិល្បករគំនូរជីវចលរូបនេះ និយាយទាំងអួលដើមកក្នុងបទសំភាសន៍ជាមួយ ក្រមាប៉ុស្ដិ៍ ខណៈលោក ប៉ោយ ឈុនលី ដែលមានវ័យជាង ៣៧ឆ្នាំទៅហើយ នៅតែមានអារម្មណ៍ក្តុកក្តួល ពេលរម្លឹកដល់ជីវភាពជាង ២០ឆ្នាំមុន៖ «ខ្ញុំនៅចាំបានថា ពេលខ្លះខ្ញុំជិះកង់មករៀនដោយអត់មានអាហារ ខ្ញុំឃ្លានខ្លាំងពេកក៏ទៅរើសផ្លែត្របែកទុំជ្រុះមួយមកហូប ស្អែកឡើងមាត់ខ្ញុំក៏ហើមដោយសារមេរោគនៅក្នុងផ្លែត្របែកហ្នឹង»។ ទោះជាបែបនេះក្ដីរូបលោកនៅតែមិនបោះបង់ការសិក្សាផ្នែកសិល្បៈគំនូរឡើយព្រោះផលិតករម្នាក់នេះមានជំនឿជាក់ថាសិល្បៈគំនូរនឹងធ្វើឱ្យជីវិតរបស់លោកប្រែប្រួល។
បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលនិងមានជំនាញក្នុងការគូររូបភាពបែបសិល្បៈ រូបលោកក៏ប្រលូកក្នុងការងារជាងគំនូរនៅខេត្តសៀមរាបមួយរយៈ តែដោយមិនសូវបានជោគជ័យ និងពិបាកក្នុងការរស់នៅ រូបលោកក៏ត្រលប់មកសាលាហ្វារពន្លឺរសិល្បៈវិញ ដើម្បីរៀនបន្តនិងជួយធ្វើការងារសាលាបណ្តើរ។ មិនយូរប៉ុន្មានរូបលោកក៏បានជួបជាមួយសិល្បករម្នាក់មកពីប្រទេសបារាំងដើម្បីបង្ហាញពីការធ្វើគំនូរជីវចល រយៈពេល១ម៉ោង។ រំឭកដល់ត្រង់នេះ វាជាការផ្តើមទស្សនៈថ្មីលើសិល្បៈគំនូររបស់លោក ប៉ោយ ឈុនលី។
សិល្បកររូបនេះលើកឡើងថា៖ «ខ្ញុំអត់ដឹងថា គេយកគំនូរមកធ្វើជារឿងតុក្កតាអីចឹងសោះ ក្រោយពេលខ្ញុំបានដឹងពីរបៀបធ្វើ Animation ហ្នឹងភ្លាមខ្ញុំក៏ចាប់ផ្តើមរៀនធ្វើវា»។ ដោយការធ្វើគំនូរជីវចល ត្រូវការគូររូបជាច្រើនសន្លឹក ហើយយកមកបន្តគ្នាក្នុងកម្មវិធីកំព្យូរទ័រ ទំរាំបានមួយវិនាទីត្រូវការ២៥សន្លឹក បើ១នាទីត្រូវការរូបភាព ១៥០០សន្លឹកឯណោះ។ ក៏ប៉ុន្តែក្នុងមួយថ្ងៃ រូបលោកអាចគូររូបបានចាប់២៥សន្លឹកទៅ៣០សន្លឹងបណ្ណោះ ព្រោះត្រូវគូរដោយដៃតែក្រោយពេលលោកធ្វើបានរូបភាព១នាទីភ្លាម វាធ្វើឱ្យរូបលោកមានជំនឿថាលោកអាច ផលិតគំនូរជីវចលបាន។
ឆ្នាំ២០០៣ វិចិត្រករគំនូរជីវចល ប៉ោយ ឈុនលី បានទទួលគម្រោងផលិតរឿងគំនូរជីវចលដោយប្រថុយប្រថាន ក្នុងរយៈពេលជាង៣ខែ ដែលនេះជាគម្រោងដំបូង ឬក៏ចុងក្រោយរបស់លោក។ ធ្វើគម្រោងវីដេអូននោះមានតម្លៃ ១០០០ ដុល្លារ ដែលមានរយៈពេលជាង១នាទី។ ៣ ខែក្រោយ វីដេអូគំនូរជីចលនោះក៏ទទួលបានជោគជ័យ ហើយវាបាននាំរូបលោកឱ្យបង្កើតបានជាក្រុមផលិតគំនូរជីវចល រហូតមកដល់សព្វថ្ងៃ ដែលក្នុងមួយគម្រោងវីដេអូចាប់១នាទីមានតម្លៃចាប់ពី ២៥០០ ដុល្លារ រហូតដល់ជិត ១ម៉ឺនដុល្លារក៏មាន។
ឆ្នាំបន្ទាប់មកនោះ លោក ឈុនលី កសាងជីវភាពកាន់តែបានប្រសើរជាងមុនហើយ រូបលោកក៏ទទួលបានឱកាសទៅរៀនបន្តលើផ្នែកគំនូរនិងការផលិតវីដេអូនៅប្រទេសបារាំងរយៈពេល៣ឆ្នាំ។ ក្រោយត្រឡប់មកវិញ លោក ប៉ោយ ឈុនលី ក៏ឬតតែទទួលការទទួលស្គាល់ និងទទួលបានការងារជាបន្តបន្ទាប់ រូបលោកក៏បានជួយដោះបំណុលជូនគ្រួសារ និង លើកកិត្តិយសវង្សត្រកូលជួយប្អូនៗ ឱ្យមានការងារធ្វើលើវិស័យផ្សេងៗគ្នា ធ្វើំឱ្យជីវភាពដែលក្រីក្រលំបាកបំផុតប្រែជាធូរធា និងមានកិត្តិយសក្នុងវិស័យសិល្បៈបែបទំនើបនេះ។
ត្បិតតែបច្ចុប្បន្នរូបលោក និងក្រុមគ្រួសាររួចផុតពីភាពតោកយ៉ាកមែនក្ដីតែ វិចិត្រករគំនូរជីវចល ប៉ោយ ឈុនលី នៅតែមានក្តីប្រាថ្នាថា៖ «ខ្ញុំចង់ធ្វើឱ្យឧស្សាហកម្មផលិតភាពយន្តខ្មែរឈានមុន នឹងអាចស្រូបទាញយុវជនយុវនារីខ្មែរដែលចំណាក់ស្រុកឱ្យត្រឡប់មកវិញ ហើយមានអាជីបក្នុងវិស័យនេះ»។ ព្រោះជាមុខរបបល្អ នៅក្នុងស្រុក និងអាចទទួលបានកិត្តិយសរាល់ការសម្រេចការផលិតម្តងៗ លោកឈុនលីបន្ថែម។
បច្ចុប្បន្ន ផលិតករគំនូរជីវចល ប៉ោយ ឈុនលី កំពុងស្នាក់នៅក្នុងខេត្តបាត់ដំបង និងគ្រប់គ្រងការផលិតភាពយន្តឯករាជ្យរបស់ខ្លួនជាមួយស្ទូឌីយោ ប៉ោយ របស់លោក។ ក្រៅពីនោះគឺរូបលោកតែងផ្តល់វត្តមាន និងចូលរួមជានិច្ចក្នុងវិស័យភាពយន្ត ម្លោះហើយមជ្ឈដ្ឋានក្នុងវិស័យភាពយន្ត គេបានស្គាល់ និងមានកោតសរសើរទឹកចិត្តការខិតខំប្រឹងប្រែងតស៊ូរបស់វិចិត្រករ សិល្បកររូបនេះជាខ្លាំង៕